អន្តរជាតិ
លោក ប្លីងខិន នឹងមកតំបន់អាស៊ីអាគ្នេយ៍ដោយមានចិននិងមីយ៉ាន់ម៉ាជារបៀបវារៈធំ
09, Dec 2021 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នាជំនួបជាមួយសមភាគីមកពីតំបន់អាសា៊ននាពេលកន្លងមក។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នាជំនួបជាមួយសមភាគីមកពីតំបន់អាសា៊ននាពេលកន្លងមក។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍នៅសប្តាហ៍។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីបង្ហាញពីសារសំខាន់របស់តំបន់នេះសម្រាប់យុទ្ធសាស្រ្តអាម៉េរិកក្នុងការប្រឈមនឹងចិន ហើយដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ាផងដែរ។

 
មុនមកអាស៊ីអាគ្នេយ៍ រដ្ឋមន្រ្តីការបរទេសអាម៉េរិកអាន់តូនី ប្លីងខិន ចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសប្រទេស G7 ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូនៅទីក្រុង Liverpool ទឹកដីអង់គ្លេស។ អ្នកនាំពាក្យក្រសួងអាម៉េរិកលោក Ned Price លើកឡើងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
 
បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគី G7 ប្រមុខកាទូតអាម៉េរិកនឹងធ្វើដំណើរទៅឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ។ ទស្សនកិច្ចនៅប្រទេសទាំងបី បង្ហាញពីអាទិភាពចម្បងនៃគោលនយោបាយការបរទេសរបស់អាម៉េរិកក្នុងការប្រឈមមុខនឹងចិនដែលសកម្មភាពកាន់តែគឃ្លើនខ្លាំងឡើងនៅក្នុងតំបន់។
 
នៅក្នុងដំណើរទស្សកិច្ចប្រទេសនីមួយៗ ប្រមុខការទូតអាម៉េរិកនឹងបញ្ជាក់ឡើងវិញដល់សមភាគីរបស់លោកជុំវិញពីសារសំខាន់ក្នុងការឱ្យរបបយោធាមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន និងការស្តារលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាឡើងវិញ។ នេះបើតាមសម្តី Daniel Kritenbrinkឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
 
មន្រ្តីអាម៉េរិកដដែល បន្ថែមថា ក្នុងទស្សនកិច្ចនេះដែរ ប្រមុខការទូតនឹងផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ ដើម្បីតបទៅនឹងការគំរាមកំហែងរបស់សាធារណរដ្ឋប្រជាមានិត​ចិននៅសមុទ្រចិនខាងត្បូង។ លោក Kritenbrink ប្រាប់ទីភ្នាក់ងារសារព័ត៌មានដែរថា លោកប្លីងខិន នឹងពិភាក្សាអំពីសកម្មភាពឯកតោភាគីរបស់ចិននៅទន្លេមេគង្គ ព្រមទាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងសេរីភាពនៃការហោះហើរផងដែរ។ 
 
ក្នុងសេចក្ដីប្រកាសរបស់លោក Price វិញ លោក ប្លីងខិន នឹងថ្លែងសុន្ទរកថាមួយនៅទីក្រុងហ្សាការតាស្តីពីសារសំខាន់នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈនៅទីក្រុងគូឡាឡាំពួ លោកនឹងថ្លែងពីតម្រូវការឱ្យប្រទេសនេះនៅតែសេរី និងបើកចំហ។
 
ទាក់ទិននឹងដំណើរទស្សនកិច្ចនេះ អាម៉េរិកបាន​ចោទ​ចិនជាញឹកញាប់ថា បាន​​គំរាម ​និងដាក់​សម្ពាធដល់​តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសលើបញ្ហា​​សមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋាភិបាល​ចិន​ក៏ត្រូវបាន​រង​ការ​រិះគន់​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេមេគង្គដែល​ប៉ះពាល់​ដល់​កម្រិត​ទឹក និង​ជលផល​ក្នុង​ប្រទេស​ជិតខាងទៀតផង៕

Tag:
 អាម៉េរិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com