អន្តរជាតិ
នូវែលសេឡង់ គ្រោងចេញច្បាប់ហាមឃាត់លក់បារីឱ្យយុវជន
09, Dec 2021 , 8:29 pm        
រូបភាព
រដ្ឋាភិបាលនូវែលសេឡង់ គ្រោងនឹងស្នើច្បាប់ហាមឃាត់មិនឱ្យលក់បារីជារៀងរហូតទៅដល់យុវជន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយចេញនៅថ្ងៃទី៩ ​ខែធ្នូ។ រដ្ឋាភិបាលប្រទេសតំបន់អូសេអានី​មួយនេះ អះអាងថា ការដាក់ស្នើច្បាប់នេះ ក៏ព្រោះវិធានការផ្សេងទៀតពិបាកនឹង​សម្រេច​បាន​គោលដៅ​បញ្ឃប់ការជក់បារី។

 
«យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា ​យុវជននឹងមិនចាប់​ផ្ដើម​ជក់​បារី ដូច្នេះ​យើង​នឹងហាមឃាត់​ការ​លក់ ឬការ​ផ្គត់ផ្គង់​ផលិតផល​ថ្នាំជក់​ដល់​ក្រុម​យុវជំនាន់ថ្មី»។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល​នូវែលសេឡង់​ Ayesha Verrall បានថ្លែងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៩ ខែធ្នូ។
 
ទន្ទឹមនេះ រដ្ឋាភិបាលក៏នឹងដាក់កម្រិតចំពោះទីកន្លែងណាដែលអាចនៅលក់បារី ហើយនឹងកាត់​បន្ថយ​ហាងលក់បារីឱ្យយ៉ាងតិចបំផុតឱ្យនៅក្រោម៥០០ហាងតែប៉ុណ្ណោះ។ លើសពីនេះ​កម្រិតជាតិ​នីកូទីន​នៅក្នុងបារីទាំងអស់ដែលដាក់លក់នឹងត្រូវកាត់បន្ថយផងដែរ។
 
ជុំវិញច្បាប់នេះ រដ្ឋាភិបាលនឹងពិគ្រោះជាមួយក្រុមការងារសុខាភិបាលជនជាតិ Maori នៅប៉ុន្មានខែ ខាងមុខមុនពេលបញ្ជូនច្បាប់ទៅសភាក្នុងខែមិថុនា ឆ្នាំ២០២២ ហើយមានគោលបំណងបង្កើត​ច្បាប់​នេះឱ្យបាននៅចុងឆ្នាំ២០២២ផងដែរ។ ក្រោមច្បាប់នេះ ប្រជាជននូវែលសេឡង់ដែលកើតក្រោយឆ្នាំ ២០០៨ នឹងមិនអាចទិញបារី ឬផលិតផលថ្នាំជក់ពេញមួយជីវិតរបស់ពួកគេ។ ការណ៍នេះ​ធ្វើ​ឱ្យ​ឧស្សាហកម្មថ្នាំជក់ និងការលក់រាយនៅនូវែលសេឡង់រងការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរ។
 
បច្ចុប្បន្ន រដ្ឋាភិបាលនូវែលសេឡង់ បានអនុវត្តវិធានការដែលមានស្រាប់ដូចជាការវេចខ្ចប់​កញ្ចប់​បារី​ដោយបង្ហាញពីផលវិបាកនៃការជក់បារី និងការយក​ពន្ធលើការលក់បារីជាដើម៕

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com