អន្តរជាតិ
សម្ដេច ហ៊ុន សែន ចង់ប្រមូលទុនវិនិយោគក្នុងស្រុក ដើម្បីអភិវឌ្ឍន៍ជាតិ ដោយ«បាតដៃកូនខ្មែរ»
09, Dec 2021 , 9:59 pm        
រូបភាព
បំណងចង់ប្រមូលទុនពីអ្នកវិនិយោគិនក្នុងស្រុក ដើម្បីយកទៅអភិវឌ្ឍន៍ជាតិនេះ ត្រូវបានសម្ដេច ហ៊ុន សែន លើកឡើងនៅក្នុងពិធីចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី៩ ធ្នូ ។



សម្ដេច ហ៊ុន សែន បានពន្យល់ថា បំណងប្រមូលទុនវិនិយោគក្នុងស្រុកនេះ គឺចង់ឱ្យបង្ហាញឱ្យអន្តរជាតិ បានមើលឃើញថាកម្ពុជា អាចកសាង និងអភិវឌ្ឍន៍បាន ដោយស្នាដៃកូនខ្មែរ ។ សម្ដេច បានបង្ហាញមោទកភាពថា «ខ្មែរអាចធ្វើបាន» ព្រោះសមិទ្ធផលនិងស្នាដៃ ដែលបន្សល់ទុកពីបរមបុរាណ ជាតឹងតាងច្បាស់លាស់សម្រាប់មនុស្សជំនាន់ក្រោយ។
 
ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«ខ្ញុំមានគោលដៅមួយ ចង់ប្រមូលទុនក្នុងស្រុក ដើម្បីឱ្យធ្វើចេញជាស្នាដៃកូនខ្មែរ តែម្ដង តាមរយៈនៃ[ការប្រើប្រាស់] ទុន ក៏ខ្មែរ ការរចនាប័ទ្ម ការសាងសង់ផ្សេងៗទៀត ចេញពីបាតដៃខ្មែរ»។
 
តាមរយៈគោលបំណងនេះ សម្ដេច ហ៊ុន សែន ក៏ចង់ឱ្យអ្នកមានទ្រព្យនៅកម្ពុជា ពង្រឹងសមត្ថភាពវិនិយោគដែរ ដោយមិនបាច់រង់ចាំការវិនិយោគពីខាងក្រៅមក។«អ៊ីចឹងបានខ្ញុំនៅតែនិយាយហើយ និយាយទៀតថា ខ្ញុំចង់ពង្រឹងសមត្ថភាពអ្នកមាននៅស្រុកខ្មែរ ពីព្រោះអ្នកមានពីប្រទេសក្រៅ នៅពេលដែលមានការ[បញ្ហា]អី គេមិននៅជាមួយយើងទេ គេប្រូចទៅបាត់ហើយ។ មានតែអ្នកមានស្រុកខ្មែរទេ ដែលនៅទ្រាំទ្ររស់នៅក្នុងស្រុកខ្មែរ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេចចង់ពង្រឹងសមត្ថភាពកូនខ្មែរ ឱ្យមានភាពរឹងមាំចាក់ឫស ចាក់គល់លើការវិនិយោគនេះ។
 
បើតាមសម្ដេច ហ៊ុន សែន រាល់ពេលសម្ដេច ឬរដ្ឋាភិបាលត្រូវការជំនួយក្នុងស្រុកម្ដងៗ គឺតែងតែមានឧកញ៉ា មន្ត្រី និងអ្នកមានទ្រព្យក្នុងស្រុកចេញមុខជួយដោះស្រាយបញ្ហារដ្ឋាភិបាល។ ដូច្នេះសម្ដេច យល់ថា គ្មានអ្នកណាដែលសុខចិត្តរួមសុខ រួមទុក្ខជាមួយខ្មែរ ក្រៅពីខ្មែរគ្នាឯងនោះទេ៕

Tag:
 ហ៊ុន សែន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com