COVID-19
អន្តរជាតិ
ប្រធាន​សិទ្ធិ​មនុស្ស​ UN៖ ក្នុងកាលៈទេសៈណាក៏ដោយ មិនគួរបង្ខំឱ្យចាក់វ៉ាក់សាំងនោះទេ
09, Dec 2021 , 4:30 pm        
រូបភាព
ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី ៨ ខែធ្នូ បានប្រតិកម្មទៅនឹងប្រទេសខ្លះដែលកំពុងពិចារណាតម្រូវឱ្យប្រជាជនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្លាយយន្តការច្បាប់។ ព្រមគ្នានឹងការចង់ឃើញការធានាគោរពសិទ្ធិមនុស្សក្នុងប្រទេស ប្រធាន​សិទ្ធិ​មនុស្ស​ UN ក៏សង្កត់ធ្ងន់ថា ការបង្ខំឱ្យចាក់​វ៉ាក់សាំង គឺជារឿងមិនអាចទទួលយកបានឡើយ។



ថ្លែងក្នុងសិក្ខាសាលារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សតាមរយៈវីដេអូ លោកស្រី Michelle Bachelet ឧត្តមស្នងការសិទ្ធិមនុស្ស UN ព្រមានថា មុនចេញច្បាប់ឱ្យប្រជាជនវ៉ាក់សាំងជាកំហិត ប្រទេសនានាចាំបាច់ត្រូវយកបញ្ហាប៉ះពាល់ដល់សិទ្ធិមនុស្សសំខាន់ៗមកពិចារណាជាមុន។​
 
«ការចាក់វ៉ាក់សាំងជាកាតព្វកិច្ចណាមួយ ត្រូវតែអនុវត្តតាមគោលការណ៍នៃភាពស្របច្បាប់ ភាពចាំបាច់ សមាមាត្រ និងការមិនរើសអើង។ ក្នុងកាលៈទេសៈណាក៏ដោយ មនុស្សមិនគួរត្រូវបានបង្ខំឱ្យចាក់វ៉ាក់សាំងនោះទេ»។ លោកស្រី Michelle Bachelet បានលើកឡើងបែបនេះក្នុងសារជាវីដេអូ។
 
ឧត្តមស្នងការ UN សិទ្ធិមនុស្សរូបនេះ បន្តថា ការតម្រូវឱ្យប្រជាជនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាយន្តការច្បាប់មានគោលបំណងការពារអាយុជីវិតប្រជាជន ដែលជារឿងមានភាពស្របច្បាប់ និងមានសារសំខាន់។ ប៉ុន្តែលោកស្រីបានទទូចថា ការដាក់កំហិតឱ្យពលរដ្ឋចាក់វ៉ាក់សាំងគួរតែត្រូវបានប្រើតែនៅពេលដែលចាំបាច់ប៉ុណ្ណោះ។ ​
 
លោកស្រី Bachelet លើកយោបល់ឱ្យការបង្កើតច្បាប់តម្រូវឱ្យពលរដ្ឋចាក់ច៉ាក់សាំង គួរត្រូវបានពិចារណាតែនៅពេលដែលវិធានការផ្សេងៗដែលបង្កផលរំខានតិចតួចដូចជា ការពាក់ម៉ាស់​និងការរក្សាគម្លាតឱ្យបានត្រឹមត្រូវជាដើម មិនអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បាន។ សម្រាប់ប្រទេសដែលនឹងតម្រូវឱ្យចាក់វ៉ាក់សាំង លោកស្រី Bachelet អះអាងពីភាពចាំបាច់ដែលវ៉ាក់សាំងមានគ្រប់គ្រាន់ និងមានតម្លៃសមរម្យ ព្រមទាំងមានសុវត្ថិភាព និងមានប្រសិទ្ធភាពគ្រប់គ្រាន់ផងដែរ។ 
 
យ៉ាងណាមិញ លោកស្រី Bachelet បានលើកឡើងថា ការរឹតបន្តឹងសិទ្ធិសេរីភាពនៅកន្លែងសាធារណៈ ជារឿងសមរម្យជាងការបង្ខំឱ្យចាក់វ៉ាក់សាំង។ 
គួរបញ្ជាក់ថា ទន្ទឹមនឹងការផ្ទុះឡើងជាថ្មីនៃរលកកូវីដ-១៩ និងវីរុសបង្កជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ប្រទេសមួយចំនួននៅអឺរ៉ុបនិងតំបន់មួយចំនួនទៀត កំពុងត្រៀមចេញច្បាប់តម្រូវឱ្យពលរដ្ឋចាក់វ៉ាក់សាំង។ សាធារណរដ្ឋឆែកបានប្រកាសនៅពេលថ្មីៗនេះ តម្រូវឱ្យអ្នកធ្វើការក្នុងវិស័យមួយចំនួនចាក់វ៉ាក់សាំង ​ខណៈអាល្លឺម៉ង់ គ្រោងនឹងអនុម័តច្បាប់នៅក្នុងសភា ដើម្បីចាក់វ៉ាក់សាំងជាកាតព្វកិច្ចចាប់ពីខែកុម្ភៈទៅ៕

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com