អន្តរជាតិ
អាម៉េរិក ​ថ្កោលទោស​យោធា​មី​យ៉ាន់​ម៉ា ​ជុំវិញការសម្លាប់​ប្រជាជន​ ១១​នាក់​
10, Dec 2021 , 3:08 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price។ រូបភាព៖ AP
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price។ រូបភាព៖ AP
អាម៉េរិក បានខឹងសម្បាយ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលបង្ហាញថា ទាហានមីយ៉ាន់ម៉ា បានសម្លាប់មនុស្សចំនួន១១នាក់នៅតំបន់ភាគពាយ័ព្យនៃទីក្រុង Sagaing ។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានលើកឡើងបែបនេះ នៅថ្ងៃទី៩ ខែធ្នូ។

 
ទាហាន​មីយ៉ាន់ម៉ា ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​បាញ់​​ស្លាប់ប្រជាជនចំនួន១១នាក់ និងបានដុតសាកសពអ្នកទាំងនោះ។ សាកសព ដែលបានឆេះ ត្រូវបានគេរកឃើញនៅក្នុងភូមិមួយនៃទីក្រុង Sagaing ។ ខ្សែ​វីដេអូ​ និងរូបភាព ដែលបង្ហាញ​ពីសាកសព​ ​ត្រូវបានផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាន Myanmar Now។
 
ការបាញ់សម្លាប់លើប្រជាជនស៊ីវិលបែបនេះ បានធ្វើឱ្យអាម៉េរិករិះគន់យ៉ាងខ្លាំង។ «យើងមានការខឹងសម្បា ចំពោះរបាយការណ៍...ដែលយោធាមីយ៉ាន់ម៉ា បានចងអ្នកភូមិ ១១ នាក់ រួមទាំងកុមារនៅភាគពាយព្យនៃប្រទេស និងបានដុតពួកគេទាំងរស់»។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ មុននឹងរំលឹកឡើងវិញពីការអំពាវនាវរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឱ្យរបបសឹកបញ្ចប់អំពើហិង្សា និងដោះលែងអ្នកជាប់ឃុំ ដោយអយុត្តិធម៌ ចាប់តាំងពីរបបយោធា បានធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ។
 
អ្នកស្រុក បានអះអាងថា សាកសពជនរងគ្រោះ ត្រូវបានគេរកឃើញនៅក្នុងភូមិមួយ ក្នុងក្រុង Sagaing តំបន់មួយ ដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងសន្តិសុខយោធា និងក្រុមប្រដាប់អាវុធបង្កើត ដោយក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា។ អ្នកស្រុក ក៏បានបញ្ជាក់ថា ជនរងគ្រោះមួយចំនួននៅមានជីវិតនៅឡើយ ក្នុងពេលទាហានមីយ៉ាន់ម៉ា បានដុតពួកគេ។ 
 
សូមបញ្ជាក់ ចាប់តាំងពីរដ្ឋប្រហារយោធាមក មីយ៉ាន់ម៉ា កំពុងកើតមានបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងជម្លោះជាមួយក្រុមជនជាតិភាគតិច, ជំងឺកូវីដ-១៩, ទណ្ឌកម្មពីអាម៉េរិក និងប្រទេសលោកខាងលិច និងបាតុកម្មនៅក្នុងប្រទេសជាដើម៕ 

Tag:
 អាម៉េរិក
  មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com