អន្តរជាតិ
វៀតណាម គាំទ្រកម្ពុជា ក្នុងការអញ្ជើញមេដឹកនាំមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំអាស៊ាន
10, Dec 2021 , 4:20 pm        
រូបភាព
អ្នកស្រី Lê Thị Thu Hằng អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម។ រូបភាព៖ VNA
អ្នកស្រី Lê Thị Thu Hằng អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម។ រូបភាព៖ VNA
វៀតណាម គាំទ្រកម្ពុជា ក្នុងការបំពេញសមត្ថភាពខ្លួន ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាននៅឆ្នាំ២០២២ និងការអញ្ជើញមេដឹកនាំមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Lê Thị Thu Hằng បានបញ្ជាក់បែបនេះ ​នៅក្នុងសន្នីសីទសារព័ត៌មាននៅថ្ងៃទី៩ ខែធ្នូ។

 
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានលើកឡើងថា សម្តេច នឹងពង្រឹងអាស៊ានឡើងវិញ ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន។ ក្នុងន័យនេះ សម្តេចហ៊ុន សែន មានបំណងអញ្ជើញមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ បន្ទាប់ពីខកខានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៩ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Lê Thị Thu Hằng ត្រូវបានចោទសំណួរពីការអញ្ជើញលោកមីន អ៊ុងឡាំងចូលរួមក្នុងកិច្ចប្រជុំ។ ជាចម្លើយតប អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះ​ បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រកម្ពុជា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន ដើម្បីបំពេញការងាររបស់ខ្លួន។ 
 
«វៀតណាម ដូចបណ្តាប្រទេសអាស៊ានផ្សេងទៀត តែចាត់ទុកមីយ៉ាន់ម៉ាជាសមាជិកដ៏សំខាន់មួយរបស់អាស៊ាន»។ អ្នកស្រី Hằng បានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា វៀតណាមសង្ឃឹមមីយ៉ាន់ម៉ាចូលរួមកសាងសហគមន៍អាស៊ាន និងស្ថិរភាព, សន្តិសុខ និងសន្តិភាពក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។ 
 
មិនតែប៉ុណ្ណោះ មន្រ្តីជាន់ខ្ពស់វៀតណាមរូបនេះ បានបន្តថា រាល់បញ្ហាអាស៊ានទាំងអស់ ត្រូវតែធ្វើតាមស្មារតីនៃកុងសង់ស៊ីស ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ និងគោរពតាមបញ្ញត្តិ និងនីតិវិធី ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន។ 
 
គួររំលឹកថា អាស៊ាន កន្លងមក បានដាក់ចេញការឯកភាពចំនួន ៥ចំណុច ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ប៉ុន្តែមកទល់ពេលនេះ បញ្ហានយោបាយមីយ៉ាន់ម៉ា នៅតែបន្តជាប់គាំង ខណៈមេដឹកនាំរដ្ឋាភិបាលស៊ីវិលដូចជា​ លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ មុននឹងប្រមុខយោធាមីយ៉ាន់ម៉ា សម្រាលទោសមក ២ឆ្នាំវិញ៕ 

Tag:
 វៀតណាម
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com