អន្តរជាតិ
មន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខរុស្ស៊ី មក​កម្ពុជា និងឥណ្ឌូណេស៊ីក្នុងសប្ដាហ៍នេះ
13, Dec 2021 , 4:17 pm        
រូបភាព
លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី។ រូបភាព៖ ស្ថានទូតរុស្ស៊ីប្រចាំនៅឥណ្ឌូណេស៊ី
លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី។ រូបភាព៖ ស្ថានទូតរុស្ស៊ីប្រចាំនៅឥណ្ឌូណេស៊ី
លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Nikolai Patrushev ចាប់ផ្តើមធ្វើទស្សនកិច្ចមកឥណ្ឌូណេស៊ី និងកម្ពុជា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតរុស្ស៊ីប្រចាំនៅឥណ្ឌូណេស៊ីនៅថ្ងៃទី១៣​ ខែធ្នូ។

 
តាមរយៈបណ្តាញសង្គម Twitter ស្ថានទូតរុស្ស៊ី​ប្រចាំនៅឥណ្ឌូណេស៊ី បានសរសេរថា លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី ចាប់ផ្តើមធ្វើទស្សនកិច្ចមកឥណ្ឌូណេស៊ី និងកម្ពុជា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Patrushev នឹងមានកិច្ចពិភាក្សារវាង រុស្ស៊ី-ឥណ្ឌូណេស៊ី និងរុស្ស៊ី-កម្ពុជា ស្តីពីបញ្ហាសន្តិសុខ។ 
 
លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីរូបនេះ ក៏ធ្លាប់បំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ នៅក្នុងឆ្នាំ២០១៧។ កាលនោះ កម្ពុជា និងរុស្ស៊ី បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម, គ្រឿងញៀន, និងឧក្រិដ្ឋកម្មឆ្លងដែន។ 
 
សូមបញ្ជាក់ថា លោក Patrushev ធ្លាប់បំពេញការងារជានាយកទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ីចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៨ និងកាន់តំណែងជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីចាប់ពីឆ្នាំ ២០០៨ មក។ តួនាទីលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធ គឺជាអ្នកផ្តល់ប្រឹក្សាទាក់ទិនកិច្ចការសន្តិសុខដោយផ្ទាល់ទៅប្រធានាធិបតីរុស្ស៊ី៕ 

Tag:
 រុស្ស៊ី
  កម្ពុជា
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com