អត្ថបទពាណិជ្ជកម្ម
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី ការបណ្តុះបណ្តាលជំនាញថែទាំប្រកបដោយវិជ្ជាជីវៈ និង បណ្តុះបណ្តាលភាសាជប៉ុន
15, Dec 2021 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ - ក្រុមហ៊ុន International human resource inc និងក្រុមហ៊ុន International Easy Reach co.,ltd ព្រមទាំងវិទ្យាស្ថានវិទ្យាសាស្ត្រអូស្ត្រាលី និងបច្ចេកវិទ្យា បានប្រារព្ធពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពី ការបណ្តុះបណ្តាលជំនាញថែទាំប្រកបដោយវិជ្ជាជីវៈ និងបណ្តុះបណ្តាលភាសាជប៉ុន។
 
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ធ្វើឡើងរវាង ៣ភាគី គឺក្រុមហ៊ុន International human resource inc ដែលមានលោក Aikawa Tatsuya ជានាយកប្រតិបត្តិ  ក្រុមហ៊ុន International Easy Reach co.,ltd មានលោក Luk Sing Yip ជានាយកប្រតិបត្តិ និងវិទ្យាស្ថានវិទ្យាសាស្ត្រអូស្ត្រាលី និងបច្ចេកវិទ្យា និងលោក បណ្ឌិត ឃុន សូគ្រីន ជានាយកវិទ្យាស្ថាន។ 


 
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោក Ishikawa ដែលជាប្រធាននៃសមាគម ChokuGen kai ហើយលោកក៏ជាស្ថាបនិក នៃមន្ទីរពេទ្យ Sagamihara minami , មជ្ឈមណ្ឌលថែទាំមនុស្សចាស់ Rindo Asamizo និងក្រុមហ៊ុនទទួលយកធនធានមនុស្សពីកម្ពុជា International human resource។ 


 
ក្នុងនាមជាប្រធានសមាគម ChokuGen kai លោក Ishikawa បានសម្រេចបើកដំណើរការមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅសាហ្គាមីហារ៉ា ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន។ រយៈពេលជាងដប់ឆ្នាំមកនេះលោក និងក្រុមការងារបាន ស្ម័គ្រចិត្ត ដោយនាំគ្នាចុះមកពិនិត្យសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋកម្ពុជាទាំងចាស់ ទាំងក្មេង នៅតាមតំបន់ និងជាយក្រុងនៃខេត្តសៀមរាប ជារៀងរាល់មួយឆ្នាំម្ដងផងដែរ។ 


 
តាមរយៈសកម្មភាពការងារស្ម័គ្រចិត្តរបស់លោកនាពេលកន្លងមក លោកសង្កេតឃើញថា ប្រជាជនកម្ពុជាមានទឹកចិត្តសប្បុរស និងភាពរួសរាយរាក់ទាក់ ព្រមទាំងមានស្នាមញញឹមគ្រប់ពេលវេលា នៅពេលដែលបានជួបជាមួយនឹងក្រុមការងាររបស់លោក។ លើសពីនេះ ពួកគាត់បានទទួលស្វាគមន៍ក្រុមការងារលោកយ៉ាងកក់ក្តៅ មិនដែលអាក់ខានផងដែរ ទើបធ្វើឱ្យលោក ស្រលាញ់ជនជាតិកម្ពុជា និងមានបំណងទទួលយកធនធានកម្ពុជា ដែលសម្រាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាល ជំនាញថែទាំប្រកបដោយវិជ្ជាជីវៈ និងភាសាជប៉ុន ដើម្បីទៅធ្វើការនៅក្នុងមន្ទីរពេទ្យរបស់លោក។ 




 
ដោយមើលឃើញពីទឹកចិត្ត ស្នាមញញឹម និងក្តីស្រឡាញ់ ទាំងអស់នេះហើយ ទើបជំរុញឲ្យលោក Ishikawa ដែលជាអ្នកតំណាងសមាគម ChokuGen kai បានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុន International Easy Reach co.,ltd និង វិទ្យាស្ថានវិទ្យាសាស្ត្រអូស្ត្រាលី និងបច្ចេកវិទ្យា ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនេះឡើង ក្នុងគោលបំណង ដើម្បីជ្រើសរើសធនធានមនុស្សកម្ពុជា មកបណ្តុះបណ្តាលជំនាញថែទាំ និងបណ្តុះបណ្តាលភាសាជប៉ុន ដើម្បីចេញទៅធ្វើការក្នុងមន្ទីរពេទ្យនៅប្រទេសជប៉ុន ជាពិសេសតែម្តង។


 
គួរជម្រាបជូនថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងរួមចំណែកក្នុងការផ្តល់ឱកាសការងារ ដល់ធនធានមនុស្សកម្ពុជាឱ្យមានចំណេះ ជំនាញច្បាស់លាស់ អាចស្វែងរកប្រាក់ចំណូលបានខ្ពស់ និងទទួលបានបទពិសោធន៍ល្អៗ នៅប្រទេសអភិវឌ្ឍ និងជឿនលឿន ថែមទាំងអាចទទួលយកបទពិសោធន៍ ចំណេះ ជំនាញ ទាំងនោះមកអភិវឌ្ឍនៅមាតុភូមិកម្ពុជាវិញជាក់ជាមិនខាន៕ 




 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com