កីឡាអន្តរជាតិ
អន្តរជាតិ
Inter Milan និងបញ្ចប់កិច្ចសន្យា Eriksen ដែលនៅសល់ជាង៣ឆ្នាំ ព្រោះបញ្ហាបេះដូង
16, Dec 2021 , 5:00 pm        
រូបភាព
ក្លិប Inter Milan រៀបចំបញ្ចប់កិច្ចសន្យាជាមួយ Christian Ericksen ដោយសារកីឡាករដាណឺម៉ាករូបនេះខកខានចូលលេង ចាប់តាំងពីមានបញ្ហាបេះដូងអំឡុងការប្រកួត Euro ២០២០។



Ericksen បានដួលសន្លប់ដោយសារគាំងបេះដូង អំឡុងការប្រកួតរវាងអាណឺម៉ាក និងហ្វាំងឡង់ កាលពីខែមិថុនា ក្នុងពានរង្វាន់ទ្វីបអឺរ៉ុប។ អតីតកីឡាករ Spurs រូបនេះ ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះភ្លាមៗនៅលើទីលាន មុនបញ្ជូនទៅកាន់មន្ទីពេទ្យ។
 
នៅថ្ងៃទី៣ ខែធ្នូ ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ បានចូលហ្វឹកហាត់វិញជាមួយក្លិបចាស់ Odense ក្នុងប្រទេសដាណឺម៉ាកជាលើកដំបូង ក្រោយជោគជ័យពីការវះកាត់បញ្ហាបេះដូង។ យ៉ាងណាក៏ដោយ មកទល់ពេលនេះមិន​ទាន់​មាន​ការ​បញ្ជាក់​ថា​តើ Eriksen នឹង​បន្ត​អាជីព​របស់ខ្លួនជាមួយក្លិបណានោះទេ ស្របពេល Inter Milan នឹងបញ្ចប់កិច្ចសន្យាជាមួយគេ។
 
ច្បាប់ក្នុងលីគបាល់ទាត់អ៊ីតាលី Serie A កីឡាករណាដែលមានបញ្ហាបេះដូង ឬជំងឺធ្ងន់ធ្ងរ ក្លិបមិនអនុញ្ជាតឱ្យចូលរួមទៀតឡើយ។ Inter Milan ដែល​មិន​អាច​ប្រើប្រាស់ Eriksen ​បានទៀតនោះ នឹងឈានដល់កិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយគ្នាឆាប់ៗនេះ។ នេះបើតាមការផ្សាយរបស់កាសែត BBC។
 
Eriksen បានចាកចេញពី Spurs ទៅចូលរួមជាមួយក្រុមអ៊ីតាលី Inter Milan កាលពីខែមករា ឆ្នាំ ២០២០ ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំកន្លះ។ កិច្ចសន្យារបស់ Eriksen ជាមួយ Inter Milan នៅសល់សុពលភាពជាង៣ឆ្នាំទៀត៕

Tag:
 Christian Ericksen
© រក្សាសិទ្ធិដោយ thmeythmey.com