កីឡាអន្តរជាតិ
អន្តរជាតិ
អតីតខ្សែប្រយុទ្ធ Sanchez ប្រាប់ប្រធាន Real Madrid ឱ្យចុះកិច្ចសន្យាយកទាំង Mbappe និង Haaland
16, Dec 2021 , 10:29 pm        
រូបភាព
មិនមែនជារឿងអាថ៌កំបាំងឡើយដែលក្លិបអធិរាជស Real Madrid កំពុងទាក់ទងជាមួយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ក្នុងការនាំយកគេមកទឹកដី Santiago Bernabeu នាទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។ ចំណែកឯ Erling Haaland វិញក៏មានពាក្យចចាមអារ៉ាមដែរថាគេក៏ស្ថិតក្នុងក្រសែ​ភ្នែករបស់ក្លិបយក្សអេស្ប៉ាញនេះដែរ។



លោក Hugo Sanchez បច្ចុប្បន្នវ័យ៦៣ឆ្នាំ ជាអតីតខ្សែប្រយុទ្ធរបស់ Real Madrid ប្រាប់វិទ្យុ El Larguero នាថ្ងៃទី១៥ខែធ្នូថា លោកបានផ្តល់យោបល់ដល់ប្រធានក្លិប Real ឱ្យយកកីឡាករវ័យក្មេងទាំង២មកក្នុងរដូវកាលក្រោយ។
 
«ខ្ញុំទទួលឱកាសចូលជួបនិយាយជាមួយប្រធានក្លិប Real Madrid ហើយលោក Florentino Perez សួរខ្ញុំថា តើខ្ញុំគិតយ៉ាងណាចំពោះកីឡាករទាំងពីរនេះ (Mbappe, Haaland)។ ខ្ញុំបានប្រាប់លោក Perez ថា ចុះកិច្ចសន្យានាំយកពួកគេទាំងពីរមកតែម្តងមកព្រោះពួកគេគឺជាកំពូលកីឡាករពេលបច្ចុប្បន្ន។»លោក Hugo Sanchez បាននិយាយបែបនេះ។


 
ទោះជាយ៉ាងនេះក្តី ការចុះកិច្ចសន្យាយកខ្សែប្រយុទ្ធវ័យក្មេងទាំងពីរនៅខែមករាខាងមុខគឺជារឿងដ៏ធំមួយសម្រាប់ក្លិប Real Madrid ពិសេសបញ្ហាហិរញ្ញវត្ថុ ខណៈក្លិបនៅ  La Liga មួយនេះ កំពុងជួបបញ្ហាហិរញ្ញវត្ថុ។ 
 
ភ្នាក់ងារព័ត៌មានកីឡាដ៏ល្បីគឺលោក Fabrizio Romano បានសរសេរលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី១៣ ខែធ្នូថា ប្រធាន La Liga លោក Javier Tebas និយាយថា Real Madrid មានលុយគ្រប់គ្រាន់ក្នុងការនាំយកទាំង Kylian Mbappe និង Erling Haaland នៅក្នុងរដូវកាលក្រោយ។
 
កាលពីប៉ុន្មានខែមុន Kylian Mbappe ត្រូវបានសារព័ត៌មានជាច្រើនរាយការណ៍ថា ក្លិប Real Madrid បានដាក់សំណើទឹកប្រាក់ប្រមាណជិត២០០លានអឺរ៉ូ តែក្លុិបបារាំង Paris Saint Germain បដិសេធ។ Mbappe នឹងត្រូវផុតកុងត្រាជាមួយក្លិប PSG នៅខែមិថុនាឆ្នាំ២០២២ ខាងមុខ។


 
Erling Haaland វិញ កំពុងតែមានកុងត្រាជាមួយ Borussia Dortmund រហូតដល់ឆ្នាំ ២០២៤។ ទោះជាបែបនេះក្តី ប្រសិនបើក្លិបណាចង់បានកីឡាករសញ្ជាតិន័រវែសរូបនេះពួកនឹងត្រូវចំណាយលុយត្រឹម ៧៥លានអឺរ៉ូប៉ុណ្ណោះនៅទីផ្សារដោះដូររដូវកាលក្រោយ៕

Tag:
 Real Madrid
  Kylain Mbappe
  Erling Haaland
© រក្សាសិទ្ធិដោយ thmeythmey.com