កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបនានាចាយថ្លៃសេវាភ្នាក់ងារ៥០០លានដុល្លារ, FIFA គ្រោងប្តូរច្បាប់កំណត់តម្លៃ
17, Dec 2021 , 8:29 am        
រូបភាព
ក្លិបកីឡាបាល់ទាត់នៅជុំវិញពិភពលោកបានចំណាយប្រាក់ចំនួន ៥០០,៨ លានដុល្លារលើថ្លៃសេវាភ្នាក់ងារទិញដូរកីឡាករក្នុងឆ្នាំ២០២០។ ចំនួននេះ កើនលើសឆ្នាំ២០១៩ ទោះបីការចំណាយលើការផ្ទេរកីឡាករធ្លាក់ចុះដោយសារវិបត្តិកូវីដ-១៩ក៏ដោយ។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី១៥ ខែធ្នូ។



FIFA អះអាងថាការចំណាយរបស់ក្លិបលើថ្លៃផ្ទេរកីឡាករបានធ្លាក់ចុះនៅរយៈពីរឆ្នាំចុងក្រោយ ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែការចំណាយលើថ្លៃសេវាភ្នាក់ងារនៅរក្សាដដែលនៅឆ្នាំ២០១៩  ខណៈឆ្នាំ ២០២០ បានកើនឡើង០,៧ ភាគរយ។
 
ក្នុងការចំណាយថ្លៃសេវាភ្នាក់ងារកីឡាករសរុបចំនួន ៥០០,៨លានដុល្លារ ក្លិបនៅអឺរ៉ុបមានចំនួន៩៥,៨ភាគរយទៅហើយ ដោយក្នុងនោះក្លិបនៅអង់គ្លេសចំណាយ ១៣៣,៣ លានដុល្លារ អាល្លឺម៉ង់ ៨៤,៣ លានដុល្លារ អ៊ីតាលី ៧៣,៥លានដុល្លារ អេស្ប៉ាញ ៣៤,៨ លានដុល្លារ បារាំង ៣០,៣ លានដុល្លារ និងព័រទុយហ្កាល់ ២៩,៣ លានដុល្លារ។
 
ដោយពិនិត្យឃើញថាថ្លៃចំណាយលើសេវាភា្នក់ងារកីឡាករមានចំនួនច្រើនទើប FIFA សម្រេចរកយុទ្ធសាស្ត្រថ្មីដើម្បីកម្រិតលើថ្លៃចំណាយនេះ។
 
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក គ្រោងកំណត់ថ្លៃសេវាភ្នាក់ងារត្រឹម១០ភាគរយនៃចំនួនថ្លៃផ្ទេរកីឡាករម្នាក់ៗ និងបូកបញ្ចូល ៣ភាគរយទៀតនៃប្រាក់ខែរបស់កីឡាករ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters សំណើរបស់ FIFA ខាងលើនេះត្រូវបានក្រុមភ្នាក់ងារមួយចំនួនរិះគន់ ប៉ុន្តែទោះបីយ៉ាងណាច្បាប់ថ្មីនេះគ្រោងអនុម័តនៅឆមាសទីមួយក្នុងឆ្នាំ២០២២៕

Tag:
 FIFA
  ភ្នាក់ងារកីឡាករបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com