ជាតិ
សង្គមជាតិ
ការងារស្ម័គ្រចិត្ត ជួយ យុវជន រម៉ាម ជាជនជាតិដើមភាគតិច ឱ្យបានរៀននៅសាកលវិទ្យាល័យ
17, Dec 2021 , 8:59 am        
រូបភាព
យុវជន រម៉ាម ប្លេន ជាជនជាតិដើមភាគតិចចារ៉ាយ មកពីខេត្តរតនគិរី
យុវជន រម៉ាម ប្លេន ជាជនជាតិដើមភាគតិចចារ៉ាយ មកពីខេត្តរតនគិរី
ដោយ៖ លិវ លីម៉ឺង (Liv Liming)
 
ភ្នំពេញ៖ យុវជន រម៉ាម ប្លេន ជាជនជាតិដើមភាគតិចចារ៉ាយ មកពីខេត្តរតនគិរី កំពុងសិក្សាថ្នាក់បរិញ្ញបត្រលើជំនាញទំនាក់ទំនងអន្តរជាតិ និងកំពុងធ្វើការងារស្ម័គ្រចិត្តជាបណ្ណារក្ខនៅអង្គការមួយកន្លែង ក្នុងរាជធានីភ្នំពេញ។​ ការចូលរួមធ្វើការងារស័្មគ្រចិត្ត គឺជាស្ពានសម្រាប់បុរសជនជាតិភាគតិចរូបនេះ ឱ្យទទួលបានទាំងការសិក្សានិងទាំងការងារដែលជាក្តីស្រលាញ់របស់ខ្លួន។

 
 
 
យុវជន រម៉ាម បានប្រឡូកការងារស្ម័គ្រចិត្តជាមួយនឹងអង្គការនានានៅកម្ពុជា ដើម្បីចូលរួមលើកស្ទួយចំណេះដឹងប្រជាសហគមន៍ជនជាតិដើមភាគតិច តាំងពីខ្លួនកំពុងសិក្សានៅថ្នាក់វិទ្យាល័យមកម្លេះ។ «ជាការពិតណាស់! ខ្ញុំបានចូលរួមការងារសង្គម ក៏ដូចជាការងារស្ម័គ្រ​ចិត្តច្រើន​ តាំងពីខ្ញុំរៀននៅថ្នាក់ទី១១មក គឺខ្ញុំបានចូលរួមអង្គការបណ្តាញយុវជនផ្សេងៗនៅកម្ពុជា»។ នេះជាការលើកឡើងរបស់ រម៉ាម ដោយបន្តរៀបរាប់ថា​ ការងារស្ម័គ្រ​ចិត្តដែលខ្លួនបានចូលរួមកន្លងមកមានដូចជា ការងារក្នុងគម្រោងបង្កើតសិទ្ធិមនុស្សនៅតាមសហគមន៍ គម្រោងទាក់ទងនឹងផ្នែកច្បាប់ និងភាពជាអ្នកដឹកនាំដែលចែករំលែកដល់យុវជនផ្សេងទៀត ជាពិសេសយុវជននៅក្នុងសហគមន៍ជនជាតិភាគតិច នៅកម្ពុជា។


 
តាមរយៈការងារស្ម័គ្រចិត្តទាំងនេះ រម៉ាម មានសមត្ថភាពកាន់តែប្រសើរ ហើយថែមទាំងមានទំនាក់ទំនងល្អជាមួយយុវជនដទៃទាំងនៅក្នុងនិងក្រៅសហគមន៍របស់ខ្លួន។   ជាពិសេសនោះ ធ្វើឱ្យបុរសជនជាតិដើមភាគតិចចារ៉ាយមកពីខេត្តរតនគិរីរូបនេះ មានសមត្ថភាពប្រឡងយកបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញបត្រលើជំនាញទំនាក់ទំនងអន្តរជាតិដែលក្តីប្រាថ្នារបស់ខ្លួនក្នុងរយៈពេញ៤ឆ្នាំថែមទៀត។​ ទន្ទឹមនឹងការសិក្សានេះ រម៉ាម ក៏កំពុងបំពេញកាងារស័្មគ្រចិត្តជាបណ្ណារក្ខនៃអង្គការបណ្ណាល័យជនជាតិដើមភាគតិច​កម្ពុជា នៅរាជធានីភ្នំពេញ ផងដែរ។ 
 
និស្សិតឆ្នាំទីពីររូបនេះ បានលើកទឹកចិត្តដល់យុវជនដែលជាជនជាតិដើមភាគតិច ឱ្យចូលរួមការងារស្ម័គ្រចិត្តនៅតាមស្ថាប័នឬអង្គការនានាឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹង និងឱកាសកាន់តែទូលាយក្នុងការបន្តសិក្សានៅសាកលវិទ្យាល័យទៅតាមជំនាញនានាៗដែលខ្លួនពេញចិត្ត។ រម៉ាម បានលើកឡើងថា សិស្សជនជាតិដើមភាគតិចដែលចង់បន្តការសិក្សានៅភ្នំពេញ គួរតែបង្កើនការទំនាក់ទំនង​ជាមួយសិស្សច្បងឬលោកគ្រូអ្នកគ្រូទាំងក្នុងនិងក្រៅសហគមន៍របស់ខ្លួន។ រម៉ាម បានបញ្ជាក់ដូច្នេះថា៖«អ្នកទាំងនោះមានបទពិសោធក្នុងការប្រឡងយក [ជំនាញនៅមហាវិទ្យាល័យ] ដែលពួកគាត់អាចរំលែកឱ្យយើងបាន»។ 


 
យុវជនរូបនេះ រម្លឹកពីបទពិសោធរបស់ខ្លួន​ក្នុងការបង្កើនទំនាក់ទំនងប្រជាសហគមន៍ថា​៖«​វិធីសាស្ត្ររបស់ខ្លួនដ៏ល្អបំផុតដើម្បីបង្កើនការទំនាក់ទំនង​នោះ គឺខ្ញុំបានចូលរួមការងារស្ម័គ្រនៅតាមអង្គការផ្សេងៗ។ សម្រាប់ខ្ញុំ យើងចូលរួមការងារច្រើនកាលណានោះ វានឹងធ្វើឱ្យស្គាល់អ្នកផ្សេងៗទៀតដែលមានបទពិសោធទាក់ទងនឹងការប្រឡងយកអាហារូបករណ៍សិក្សានានា បានកាន់តែច្រើនទៅតាមហ្នឹង​»៕ 

Tag:
 យុវជន
  រតនគិរី
 ​ ជនជាតិដើមភាគតិច
  ​BBC
© រក្សាសិទ្ធិដោយ thmeythmey.com