ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ប្តូរផ្តាច់បង្ក្រាបការកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានយកដីរដ្ឋក្នុងតំបន់បឹងទន្លេសាប
17, Dec 2021 , 7:59 pm        
រូបភាព
លោក សុខ ទូច ចុះពិនិត្យមើលស្ថានភាពបឹងទន្លេសាប កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុក Sok Touch - សុខ ទូច
លោក សុខ ទូច ចុះពិនិត្យមើលស្ថានភាពបឹងទន្លេសាប កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុក Sok Touch - សុខ ទូច
ដោយ: ថ្មីៗ
រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តូរផ្តាច់យ៉ាងខ្លាំងក្លាថា នឹងការពារបឹងទន្លេសាប «ឲ្យបានដាច់ខាត»។ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសពីការប្តូរផ្តាច់នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ត្រូវដកស្រង់យកទៅផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។


 
សម្តេច ហ៊ុន សែន ប្រកាសទៀតថា រាជរដ្ឋាភិបាល នឹងបន្តចាត់វិធានការបង្ក្រាប «ការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ» នៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និង «ការទន្ទ្រានយកដីរដ្ឋ» ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប។ ជាមួយគ្នានេះ សម្តេច ក៏បានបង្ហាញពីលទ្ធផលថា រាជរដ្ឋាភិបាល បានដកហូតយកមកវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹកទាំងឡាយណា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ។
 
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានទម្លាយព័ត៌មានឲ្យប្រជាជនបានដឹងពីការលួចកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានយកដីរដ្ឋក្នុងដែនព្រៃលិចទឹកតាមតំបន់ទន្លេសាប។ សម្តេច និយាយដោយបើកជំហរថា ក្នុងចំណោមអ្នក ដែលលួចកាប់បំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីរដ្ឋតាមតំបន់បឹងទន្លេសាប ក៏មានលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងដែរ រួមទាំងមន្រ្តីផ្សេងទៀត ដែលកំពុងស្ថិតក្នុងតំណែង។  
 
ប្រមុខរាជរដ្ឋាភិបាល បានចេញបញ្ជាទៅអង្គភាពពាក់ព័ន្ធ ឲ្យចាត់វិធានការលើអ្នក ដែលកាប់បំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីរដ្ឋតាមតំបន់បឹងទន្លេសាប។ ក្រោយប្រមុខរាជរដ្ឋាភិបាលចេញបញ្ជា អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាប្រធាន ក៏ចាប់ផ្តើមស៊ើបអង្កេត។  
 
អង្គភាពប្រឆាំងអំពើពុករលួយ ទើបនឹងប្រកាសពីលទ្ធផលនៃការស៊ើបអង្កេតថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោមការសង្ស័យថា បានពាក់ព័ន្ធនឹងការកាន់កាប់ និងការលក់ព្រៃលិចទឹកនៅតាមបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ 
 
មកដល់ពេលនេះ គេ មិនទាន់បានដឹងព័ត៌មានបន្ថែមទាក់ទិននឹងលោក ឈួរ ច័ន្ទឌឿន នោះទេ។
 
សូមជម្រាបបន្តិចថា លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា គឺជាអ្នកផ្តល់ព័ត៌មានជូនសម្តេច ហ៊ុន សែន អំពីការលួចកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានយកដីរដ្ឋតាមបឹងទន្ទេសាប។ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ លោក បានចំណាយពេលជិះទូកពិនិត្យមើលតាមបឹងទន្លេសាប៕  

Tag:
 ព្រៃលិច
  ដីរដ្ឋ
  បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com