ជាតិ
សង្គមជាតិ
លោក សុខ ទូច មិនសូវយល់ស្របនឹងការយកគ្រាប់ត្នោត និងដើមឫស្សី ទៅដាំជំនួសព្រៃលិចទឹក
19, Dec 2021 , 7:40 pm        
រូបភាព
លោក សុខ ទូច ចុះពិនិត្យមើលស្ថានភាពបឹងទន្លេសាប កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់លោក សុខ ទូច
លោក សុខ ទូច ចុះពិនិត្យមើលស្ថានភាពបឹងទន្លេសាប កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់លោក សុខ ទូច
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញមតិខ្លីលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ជុំវិញការសម្រេចចិត្តរបស់អាជ្ញាធរ ក្នុងការជ្រើសរើសយកប្រភេទរុក្ខជាតិផ្សេងៗ ដោយក្នុងនោះ ក៏មានគ្រាប់ត្នោត និងឫស្សី ដែរ ដើម្បីយកទៅដាំនៅតាមតំបន់ព្រៃលិចនៃបឹងទន្លេសាប ដែលរងការទន្រ្ទាន។ បើបានអានសំណេររបស់លោក គេ នឹងអាចដឹងពីចេតនារបស់លោក ដែលមិនសូវយល់ស្របចំពោះការជ្រើសរើសយកគ្រាប់ត្នោត និងដើមឫស្សី ទៅដាំតាមតំបន់ព្រៃលិចទឹក។



លោក សុខ ទូច សរសេរដូច្នេះថា៖«ការផ្តល់អាទិភាពដាំដើមឫស្សី ហាក់មិនសូវសមហេតុផលនៅតំបន់បឹងទន្លេសាបទេ ព្រោះឫស្សី គេដាំដើម្បីទប់ដី កុំឲ្យបាក់ច្រាំងនៅតាមព្រែក ប្រឡាយ អូរ ជាដើម។ រីឯ ដើមត្នោត ក៏មិនបានផ្តល់ជាជម្រកដល់ត្រីដែរ»។

តាមយោបល់របស់លោក អាជ្ញាធរ គួរដាំប្រភេទដើមឈើណា ដែលធ្លាប់ដុះនៅតាមតំបន់ព្រៃលិចនោះវិញ ដូចជា ដើមឈើកែង ដើមរាំងទឹក និង ដើមរំដេញ ជាដើម។ លោក យល់ថា ប្រភេទដើមឈើ ដែលធ្លាប់ដុះនៅតាមតំបន់ព្រៃលិចទឹក គឺផ្តល់អត្ថប្រយោជន៍ជាជម្រកសម្រាប់ត្រីពង ផ្តល់ជាស្លែ ជាចំណីផ្សេងៗដល់ត្រី។ លោក បន្តថា ចំពោះព្រៃរនាមនៅតំបន់ព្រៃលិចទឹក បើគេមិនព្យួររាស់ទន្ទ្រានទេ រយៈពេលត្រឹម២ទៅ៣ឆ្នាំ វា នឹងដុះមកវិញជាមិនខាន។

យ៉ាងណា ប្រធានរាជបណ្ឌិត្យសភា នៅតែអរគុណដល់អ្នក ដែលគិតគូពីការដាំដើមឈើឡើងវិញ នៅតាមតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលរងការទន្ទ្រានយ៉ាងដំណំ។

ថ្មីៗនេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ បានផ្តល់គ្រាប់ត្នោត៣ម៉ឺន៨ពាន់គ្រាប់ ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅដាំ នៅតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប ដែលត្រូវទន្រ្ទាន។ ក្រៅពីគ្រាប់ត្នោត រដ្ឋបាលខេត្តបាត់ដំបង ក៏បានយកកូនឈើព្រៃលិចចម្រុះចំនួន៥ពាន់ដើម ទៅដាំផងដែរ។

ចំណែករដ្ឋបាលខេត្តបន្ទាយមានជ័យ បានយកដើមឫស្សីផ្អែម គ្រាប់ត្នោត និងដើមរាំងទឹក សរុបជាង៤ពាន់ដើម ទៅដាំនៅតំបន់ព្រៃលិចទឹក ដែលត្រូវទន្ទ្រាន។

គួររម្លឹកឲ្យដឹងបន្តិចថា លោក សុខ ទូច នេះហើយ ដែលបានធ្វើដំណើរតាមទូក ទៅពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពបឹងទន្លេសាប ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោយពិនិត្យឃើញព្រៃលិចទឹក និងដីតាមបឹងទន្លេសាបដល់ទៅរាប់ម៉ឺនហិកតា រងការទន្រ្ទាន លោក ក៏ធ្វើរបាយការណ៍ជូនទៅមេដឹកនាំកំពូល គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

មិនបង្អង់យូរ ប្រមុខរដ្ឋាភិបាល បានចេញបញ្ជាទៅអង្គភាពពាក់ព័ន្ធភ្លាម ឲ្យចាត់វិធានការលើអ្នក ដែលកាប់បំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីរដ្ឋតាមតំបន់បឹងទន្លេសាប។ អនុវត្តតាមបញ្ជារបស់ប្រមុខរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច បានដកហូតយកមកវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹកទាំងឡាយណា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ។ 

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាល បានប្រកាសថា ត្រូវប្តូរផ្តាច់ការពារបឹងទន្លេសាប «ឲ្យបានជាដាច់ខាត»៕

Tag:
 សុខ ទូច
  ព្រៃលិចទឹក
  ដាំដើមឈើ
  ឫស្សី
  គ្រាប់ត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com