ជាតិ
សង្គមជាតិ
លោក ហេង សួរ៖«ក្នុងលោកនេះ គ្មានច្បាប់ ឬអនុសញ្ញាណាមួយ ដែលហាមក្រុមហ៊ុន មិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ»
20, Dec 2021 , 2:40 pm        
រូបភាព
រូបរង្វងល់មូល គឺលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ថ្លែងក្នុងកម្មវិធីមួយ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករបស់លោក) និង ទិដ្ឋភាពបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅជិតក្រុមហ៊ុនណាហ្កាវើលដ៍ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយបម្រុងធ្វើដំណើរទៅកាន់មុខក្រុមហ៊ុនណាហ្កាវើលដ៍ ដើម្បីតវ៉ាទាមទាររកដំណោះស្រាយ តែត្រូវកម្លាំងសមត្ថកិច្ច ដាក់របាំងរារាំង (រូបដោយសហការី)។
រូបរង្វងល់មូល គឺលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ថ្លែងក្នុងកម្មវិធីមួយ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករបស់លោក) និង ទិដ្ឋភាពបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅជិតក្រុមហ៊ុនណាហ្កាវើលដ៍ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយបម្រុងធ្វើដំណើរទៅកាន់មុខក្រុមហ៊ុនណាហ្កាវើលដ៍ ដើម្បីតវ៉ាទាមទាររកដំណោះស្រាយ តែត្រូវកម្លាំងសមត្ថកិច្ច ដាក់របាំងរារាំង (រូបដោយសហការី)។
ដោយ: ថ្មីៗ
បុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ (Naga World)  មិនក្រោម១ពាន់នាក់ បានចាប់ផ្តើមប្រមូលផ្តុំគ្នាសាជាថ្មី ដើម្បីទាមទាររកដំណោះស្រាយមួយចំនួន។ ដំណោះស្រាយសំខាន់បំផុត ដែលពួកគេចង់បាន គឺទាមទារឲ្យក្រុមហ៊ុនណាហ្កាវើលដ៍ ទទួលយកបុគ្គលិកជាង៣០០នាក់ ចូលធ្វើការងារវិញ។

  
 
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានបញ្ចេញយោបល់ ចំពោះការតវ៉ារបស់បុគ្គលិកណាហ្កាវើលដ៍។ តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក ហេង សួរ អធិប្បាយដូច្នេះថា៖«នៅក្នុងលោកនេះ មិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិតនោះទេ ឬហាមក្រុមហ៊ុន សហគ្រាស មិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ»។ 
 
លោក បរិយាយទៀតថា៖«សិទ្ធិទទួលបានការងារ ក៏ត្រូវអនុវត្តស្របជាមួយនឹងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន។ ក្នុងករណីមានវិបត្តិសេដ្ឋកិច្ច ឬការថយចុះនៃតម្រូវការ ឬការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ឬច្រវាក់ផលិតកម្មឡើងវិញ ឬករណីប្រធានស័ក្តិ គឺក្រុមហ៊ុន សហគ្រាស អាចកាត់បន្ថយបុគ្គលិកបាន គ្រាន់តែការកាត់បន្ថយ គឺត្រូវធ្វើឡើងឲ្យស្របតាមនីតិវិធី ដូចជា ត្រូវជូនដំណឹងមុន ត្រូវទូទាត់សំណង និង អត្ថប្រយោជន៍ឲ្យបានត្រឹមត្រូវតាមច្បាប់»។
 
យ៉ាងណាក៏ដោយ លោក លើកឡើងថា មន្ត្រីផ្សះផ្សាវិវាទការងារ បានខិតខំដោះស្រាយជាច្រើនលើកក្នុងវិវាទរវាងក្រុមហ៊ុនណាហ្កាវើលដ៍ និងបុគ្គលិក ដោយចាប់តាំងពីនៅកម្រិតក្រុមហ៊ុន រហូតឡើងដល់កម្រិតក្រសួង ហើយចុងក្រោយ ឈានដល់កម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោក បន្តថា កន្លងមក ក្រសួង បានប្តេជ្ញាការពារឲ្យបានជាដាច់ខាតនូវផលប្រយោជន៍ស្របច្បាប់របស់បុគ្គលិកនៅក្រុមហ៊ុនណាហ្កាវើលដ៍។ លោក ចាត់ទុកជារឿងអកុសល ដែលនៅតែមានបុគ្គលិកខ្លះ ត្រូវបានក្រុមហ៊ុនណាហ្កាវើលដ៍ កាត់បន្ថយ ដោយសារតែការធ្លាក់ចុះជាគំហុកនៃចំនួនភ្ញៀវ និងការសើរើ រួមទាំងការកាត់បន្ថយប្រតិបត្តិការរបស់ក្រុមហ៊ុន។
 
មន្រ្តីជាន់ខ្ពស់នៃក្រសួងការងាររូបនេះ អះអាងថា ក្រសួង នឹងបន្តពន្យល់ និងបន្តបង្ហាញអំពីរបៀបនៃការគណនាសំណង បើភាគីពាក់ព័ន្ធនៅមានចម្ងល់។ ប៉ុន្តែ លោក បញ្ជាក់ថា ក្រសួង សហជីព ឬអង្គការក្រៅរដ្ឋាភិបាល មិនមានសិទ្ធិអំណាចហាមឃាត់ក្រុមហ៊ុន មិនឲ្យកាត់បន្ថយបុគ្គលិក ដោយមូលហេតុសមរម្យនោះទេ។ លោក ថ្លែងតាមរយៈសំណេរបែបនេះថា៖«ខ្ញុំ សូមជម្រាបថា បងប្អូនបុគ្គលិក ដែលធ្វើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺបានទទួលប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ ច្រើនជាងទីផ្សារ និងសហគ្រាសផ្សេង ដែលប្រកបមុខរបរដូចគ្នានេះ»។
 
ការតវ៉ារបស់បុគ្គលិកណាហ្កាវើលដ៍ បានផ្ទុះឡើងសាជាថ្មី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ បុគ្គលិកជាស្រ្តីម្នាក់ ប្រាប់អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដែលបានចុះដល់កន្លែងតវ៉ាថា បើគ្មានដំណោះស្រាយ ជាពិសេសបើមិនទទួលយកបុគ្គលិកជាង៣០០នាក់ ចូលធ្វើការវិញ បុគ្គលិកណាហ្កាវើលដ៍ នឹងមិនបញ្ឈប់ការតវ៉ាឡើយ៕ 

Tag:
 ហេង សួរ
  បុគ្គលិកណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com