ជាតិ
សង្គមជាតិ
កម្ពុជា-វៀតណាម ប្រឹងប្រែងរួមគ្នា ដើម្បីឆាប់បានឈានដល់ការទទួលស្គាល់ទៅវិញទៅមកលើ «លិខិតឆ្លងដែនវ៉ាក់សាំង»
22, Dec 2021 , 1:40 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុន
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុន
ដោយ: ថ្មីៗ
ក្នុងជំនួបផ្ទាល់មុខរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ង្វៀន សួនហ៊្វុន ប្រធានាធិបតីវៀតនាម នៅវិមានសន្តិភាព កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ មានការជជែកគ្នាពីរឿងលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ-១៩។

 
 
«ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងសងខាងផង និងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ»។ នេះបើយោងតាមសំណេរលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។ 
 
លោក ង្វៀន សួនហ៊្វុន បានបំពេញទស្សនកិច្ចពីរថ្ងៃនៅកម្ពុជា គឺថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
 
ចំណែកកិច្ចប្រជុំលើកទី១៩នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង លោក បួ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម ក៏មានការលើកឡើងបន្តិចដែរពីរឿងលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ-១៩នេះ។ 
 
សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម បានបញ្ជាក់ថា៖«សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ភាគីទាំងពីរ បានឯកភាពគ្នាជំរុញក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍វៀតណាម ឲ្យធ្វើការយ៉ាងជិតស្និទ្ធលើការរៀបចំផែនការស្តារទេសចរណ៍ឡើងវិញ និងរិះរកលទ្ធភាព ដើម្បីបង្កើតកញ្ចាប់ទេសចរណ៍រួម សម្រាប់អ្នកកាន់លិខិតឆ្លងដែនវ៉ាក់សាំង»។ 
 
លិខិតឆ្លងដែនវ៉ាក់សាំងកូវីដ-១៩ និងវិញ្ញាបនបត្រវ៉ាក់សាំងកូវីដ-១៩ គឺបញ្ជាក់ថា បុគ្គលណាម្នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយ ហើយអាចផ្តល់ភាពងាយស្រួលដល់បុគ្គលនោះ ក្នុងការធ្វើដំណើរឆ្លងប្រទេស៕ 

Tag:
 កម្ពុជា-វៀតណាម
  លិខិតឆ្លងដែនវ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com