ជាតិ
សង្គមជាតិ
ទើបតែមានបុគ្គលិកណាហ្កាវើលដ៍ម្នាក់ប៉ុណ្ណោះ ដែលចូលទៅពិភាក្សា តាមការអញ្ជើញរបស់ក្រសួងការងារ
22, Dec 2021 , 9:59 pm        
រូបភាព
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទាមទារលក្ខខណ្ឌ ដែលពួកគេ ចង់បានពីក្រុមហ៊ុនណាហ្កាវើលដ៍។ រូបដោយសហការី
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទាមទារលក្ខខណ្ឌ ដែលពួកគេ ចង់បានពីក្រុមហ៊ុនណាហ្កាវើលដ៍។ រូបដោយសហការី
ដោយ: ថ្មីៗ
គិតចាប់តាំងពីម៉ោង៩ព្រឹក រហូតដល់ម៉ោ១រសៀល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មានបុគ្គលិកណាហ្កាវើលដ៍តែម្នាក់ប៉ុណ្ណោះ ដែលយល់ព្រមចូលខ្លួនទៅកាន់ទីស្តីការក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ ជាមួយក្រុមហ៊ុនណាហ្កាវើលដ៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ។


 
បុគ្គលិកណាហ្កាវើលដ៍ ដែលបានចូលខ្លួនទៅរកដំណោះស្រាយនៅទីស្តីការក្រសួងការងារ គឺស្ថិតក្នុងចំណោមបុគ្គលិកណាហ្កាវើលដ៍៣៦០នាក់ ដែលត្រូវបញ្ឈប់ពីការងារ ជាមួយនឹងការផ្តល់ប្រាក់ដំណាច់កិច្ចសន្យាការងារ។ ក្រសួងការងារ អះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា បុគ្គលិកណាហ្កាវើលម្នាក់នោះ បានយល់ព្រមទទួលយកដំណោះស្រាយពីក្រុមហ៊ុនហើយ។
 
ក្រសួងការងារ បង្ហាញក្តីសង្ឃឹមថា បុគ្គលិកណាហ្កាវើលដ៍ផ្សេងទៀត នឹងចូលខ្លួទៅរកដំណោះស្រាយនៅទីស្តីការក្រសួងការងារដែរ។ ក្រសួងការងារ សន្យាដូច្នេះថា៖«ក្រសួង ប្តេជ្ញាបន្តការពារឲ្យបាននូវអ្វី ដែលជាប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ព្រមទាំងបន្តខិតខំសម្របសម្រួលដោះស្រាយវិវាទការងារនេះ ជូនបងប្អូនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹកតទៅ ស្របតាមតួនាទីរបស់ខ្លួន រហូតករណីវិវាទនេះ ត្រូវបានដោះស្រាយបញ្ចប់ស្របតាមច្បាប់នានា»។
 
ក្រសួងការងារ តាមរយៈគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានចេញលិខិតអញ្ជើញបុគ្គលិណាហ្កាវើលដ៍៣៦០នាក់ ដែលមិនសុខចិត្តនឹងការបញ្ឈប់ពីការងារ ឲ្យចូលទៅពិភាក្សាគ្នា នៅទីស្តីការក្រសួងការងារ ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ តទៅ ដើម្បីស្វែងរកដំណោះស្រាយ។ បុគ្គលិកណាហ្កាវើលដ៍ទាំង៣៦០នាក់នោះ មិនព្រមឯកភាពនឹងការផ្តល់ប្រាក់ដំណាច់កិច្ចសន្យាការងារ ហើយក៏នាំគ្នាតវ៉ា។ 
 
មិនមែនតែពួកគេទាំង៣៦០នាក់នោះទេ បុគ្គលិកណាវើលដ៍ផ្សេងទៀត ដែលអាចលើសពី១ពាន់ ក៏ចូលរួមតវ៉ាដែរ ដើម្បីទាមទារឲ្យក្រុមហ៊ុនណាហ្កាវើលដ៍ ទទួលយកអ្នកទាំង៣៦០នាក់ ចូលធ្វើការវិញ។ លើសពីនេះ ពួកគេ ក៏ទាមទារលក្ខខណ្ឌផ្សេងទៀតដែរ។ ការប្រមូលផ្តុំគ្នារបស់បុគ្គលិកណាហ្កាវើលដ៍ ដើម្បីតវ៉ានឹងក្រុមហ៊ុនណាហ្កាវើលដ៍ នឹងចាប់ផ្តើមឡើង តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មក៕ 

Tag:
 ក្រសួងការងារ
  បុគ្គលិកណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com