អន្តរជាតិ
ប្រធានាធិបតីចិន សរសើរ អ្នកស្រី ការី ឡាំ ដែលដឹកនាំហុងកុងបានល្អ
23, Dec 2021 , 10:55 am        
រូបភាព
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន ជាមួយលោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង។ រូបភាព៖ Xinhua
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន ជាមួយលោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី២២ ខែធ្នូ បានសរសើរអ្នកស្រី ការី ឡាំ ប្រធានប្រតិបត្តិហុងកុង ដែលបានកែលម្អសណ្តាប់ធ្នាប់ហុងកុង ពីអស្ថិរភាព មកជាសណ្តាប់ធ្នាប់ និងធ្វើឱ្យដែនរដ្ឋបាលពិសេសមួយនេះ បន្តអភិវឌ្ឍកាន់តែប្រសើរ។



 
អ្នកស្រីការី ឡាំ បានទស្សនកិច្ចទៅទីក្រុងប៉េកាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែធ្នូ ដើម្បីផ្តល់របាយការណ៍ដល់រដ្ឋាភិបាលចិន ជុំវិញបញ្ហាហុងកុង។ វត្តមានរបស់អ្នកស្រី ការី ឡាំ នៅក្រុងប៉េកាំងនេះ ធ្វើឡើងបន្ទាប់ពីការបោះឆ្នោតសភាហុងកុង។ 
 
ថ្លែងក្នុងជំនួបជាមួយប្រធានប្រតិបត្តិក្រុងហុងកុង ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានសង្កត់ធ្ងន់ថា អាជ្ញាធរមជ្ឈិម ទទួលស្គាល់ការបំពេញការងាររបស់អ្នកស្រីការី ឡាំ និងរដ្ឋាភិបាលហុងកុង ក្នុងកិច្ចខិតខំទប់ស្កាត់ជំងឺកូវីដ-១៩ ការជំរុញសេដ្ឋកិច្ចឡើងវិញ និងលើកតម្កើនការបង្រួមបង្រួមហុងកុងសម្រាប់ការអភិវឌ្ឍ។ 
 
ស្របគ្នានោះ ប្រធានាធិបតីចិន បានសរសើរការងាររបស់អ្នកស្រី ការី ឡាំ ក្នុងការអនុវត្តច្បាប់សន្តិសុខជាតិ និងច្បាប់កែលម្អប្រព័ន្ធបោះឆ្នោតនៅហុងកុង។ បើតាមលោកស៊ី ការអនុវត្តច្បាប់ទាំងនោះ បានធ្វើឱ្យមានការថែរក្សាសណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរ។ កន្លងមក ច្បាប់សន្តិសុខជាតិ និងច្បាប់កែលម្អប្រព័ន្ធបោះឆ្នោតនៅហុងកុង បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសលោកខាងលិច ទាក់ទិននឹងការបំបិទសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ។ 
 
មេដឹកនាំចិនរូបនេះ ក៏បានបន្ថែមផងដែរថា ការអនុវត្តគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»  គឺសំខាន់ណាស់ ក្នុងការពារមូលដ្ឋានផលប្រយោជន៍របស់ប្រទេសចិន រួមទាំងហុងកុង និងប្រជាជនខ្លួន។ ប្រធានាធិបតីចិន ក៏បានអំពាវនាវឱ្យប្រជាជនរួមសាមគ្គីគ្នា និងស្រលាញ់ប្រទេសខ្លួន ដើម្បីសម្រេចគោលដៅរបស់ប្រទេស។ 
 
សូមបញ្ជាក់ថា ហុងកុង នៅប៉ុន្មានឆ្នាំចុងក្រោយ បានរងបាតុកម្មជាច្រើនលើក។ ប៉ុន្តែចាប់តាំងពីការអនុវត្តច្បាប់សន្តិសុខជាតិ បាតុកម្មនៅហុងកុងមិនសូវមានឡើយ ខណៈក្រុមប្រឆាំង ត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ជាច្រើនរូប៕ 
 

Tag:
 ហុងកុង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com