អន្តរជាតិ
ប្រធានាធិបតី បៃឌិន ថា នឹងឈរឈ្មោះម្តងទៀតនៅអាណត្តិក្រោយ បើសុខភាពល្អ
23, Dec 2021 , 8:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ Xinhua
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ Xinhua
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី២២ ខែធ្នូ បានលើកឡើងថា លោកនឹងឈរឈ្មោះការពារតំណែងប្រធានាធិបតីអាម៉េរិកនៅអាណត្តិក្រោយ ប្រសិនបើសុខភាពនៅតែល្អប្រសើរ និងមានស្ថានភាពសុខភាពដូចក្នុងពេលបច្ចុប្បន្ន។

 
ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន ABC លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ត្រូវបានសួរពីការចូលរួមប្រជែងតំណែងប្រធានាធិបតីអាម៉េរិកនៅអាណត្តិក្រោយ។ លោកប្រធានាធិបតីបានតបថា លោកនឹងចូលរួម ប្រសិនបើសុខភាពល្អ។ 
 
«ប្រសិនខ្ញុំមានសុខភាព ដូចពេលបច្ចុប្បន្ន ប្រសិនបើខ្ញុំមានសុខភាពល្អ ពិតប្រាកដណាស់ខ្ញុំ នឹងចូលរួមម្តងទៀត»។ លោក បៃឌិន បានបញ្ជាក់បែបនេះ។ បើតាមលោក បៃឌិន លោកជឿលើព្រេងវាសនា ដោយសារវាមានរឿងជាច្រើនណាស់ បានកើតឡើងចំពោះលោក។ 
 
ទន្ទឹមនេះ លោក បៃឌិន ត្រូវបានបន្តសួរសំណួរ ថាតើលោកចង់ប្រជែងតំណែងប្រធានាធិបតីបន្តទៀតទេ ប្រសិនបើគូប្រជែងជាលោកដូណាល់ ត្រាំ។ អមមកជាមួយសំណើតិចៗ លោកបៃឌិន បានតបថា៖ «អ្នកកំពុងតែព្យាយាមជំរុញខ្ញុំហើយ»។ 
 
សម្រាប់លោក បៃឌិន វត្តមានលោក ត្រាំ នឹងជំរុញលទ្ធភាពដែលលោកចូលរួមការបោះឆ្នោតកាន់តែខ្លាំង។ ក្នុងន័យនេះ លោកប្រធានាធិបតីអាម៉េរិក បានចាត់ទុកការប្រជែងតំណែងប្រធានាធិបតីជាមួយលោក ត្រាំ នឹងបង្កើនទស្សនីយភាពឱ្យកាន់តែល្អមើលបន្ថែមទៀត។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ លោក បៃឌិន មានវ័យ ៧៩ឆ្នាំហើយ។ ប្រសិនបើលោកចូលរួមក្នុងការប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៤ លោកនឹងមានវ័យជាង ៨០ឆ្នាំ។ នៅក្នុងខែវិច្ឆិកាកន្លងទៅ លោកបៃឌិន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារបញ្ហាសុខភាព និងផ្ទេរកិច្ចការមួយចំនួនឱ្យអនុប្រធានាធិបតី។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក លោកបានចូលកាន់តំណែងរបស់ខ្លួនវិញ បន្ទាប់ពីស្ថានភាពធូរស្រាល៕ 
 

Tag:
 អាម៉េរិក
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com