បទសម្ភាសន៍
អត្ថបទពាណិជ្ជកម្ម
ហេតុផលដែលធ្វើឲ្យប្រទេសម៉ាឡេស៊ី ត្រូវបានគេចាត់ទុកជាមជ្ឈមណ្ឌលបង្កកំណើតអាស៊ី!
23, Dec 2021 , 5:11 pm        
រូបភាព
ជាមួយនឹងបទពិសោធក្នុងភាពជាអ្នកដឹកនាំអស់រយៈពេល ២០ឆ្នាំ លោក Mohd Daud Mohd Arif  ដែលជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី Malaysia Healthcare Travel Council (“MHTC”) បាននាំមកនូវទស្សនវិស័យថ្មី ចំពោះការរីកចម្រើន នៃវិស័យសុខាភិបាលនៃប្រទេសម៉ាឡេស៊ី និងពង្រីកបន្ថែមនូវចក្ខុវិស័យរបស់ប្រទេស ដើម្បីក្លាយជាគោលដៅថែទាំសុខភាព ឈានមុខគេលើពិភពលោក។

ជាបន្តសូមតាមដានកិច្ចសម្ភាសន៍ពិសេសរវាងលោក Mohd Daud និងកញ្ញា ខន ចំប៉ា ជានិពន្ធនាយករងនៃសារព័ត៌មានថ្មីៗ នឹងជជែកស្តីពីមូលហេតុដែលធ្វើឲ្យប្រទេសម៉ាឡេស៊ី ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលបង្កកំណើតអាស៊ី (Fertility Hub of Asia)។
 
១. តើលោកអាចប្រាប់បានទេ ថា តើអ្វីទៅជាការលំបាកគូស្វាមីភរិយាឬដៃគូ «ក្នុងការមានកូន»? 
ការលំបាកក្នុងការមានកូន សំដៅទៅលើការមិនមានលទ្ធភាពក្នុងការមានគភ៌ឬពពោះ បន្ទាប់ពីការរួមដំណេកជាទៀងទាត់ដោយមិនការពារ អស់រយៈពេលមួយឆ្នាំឬច្រើនជាងនេះ។ ជាការពិតណាស់ ការលំបាកក្នុងការមានកូនជាបញ្ហាមួយ ដែលបានប៉ះពាល់ដល់ដៃគូ ក្រុមគ្រួសារ និងសហគមន៍រាប់លាននាក់ ហើយញឹកញាប់វាត្រូវបានគេមើលរំលង ក៏ដូចជាមើលស្រាលលើបញ្ហានេះ។ ជាសំណាងល្អ ដោយសារតែបច្ចេកវិទ្យានាពេលបច្ចុប្បន្នដែលកាន់តែមានភាពជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ គូស្វាមីភរិយានិងដៃគូមានសង្ឃឹមសារជាថ្មីក្នុងការក្លាយជាមាតាបិតា។
 
២. តើអ្វីខ្លះជាដើមចមនៃការលំបាករបស់គូស្វាមីភរិយាឬដៃគូ ក្នុងការមានកូន?
ការលំបាកនៃការមានកូនអាចបណ្តាលមកពីបញ្ហាមួយចំនួនដែលកើតមានចំពោះស្វាមីឬភរិយា (បុរសឬស្រ្តី) ដូចជាកត្តាពេលវេលា អារម្មណ៍ អាហារូបត្ថម្ភ និងរបៀបឬទម្លាប់នៃការរស់នៅ។ បើងាកទៅមើលលើប្រព័ន្ធបន្តពូជស្ត្រី កត្តាដែលបណ្តាលឲ្យមានការលំបាកក្នុងការមានកូនមានដូចជា បញ្ហាលើដំណើរអូវុល ស្បូនឬមាត់ស្បូនមិនប្រក្រតី បំពង់ដៃស្បូនដែលកកស្ទះឬខូច ជម្ងឺ endometriosis រាំងរដូវ ទឹករំអិលមិនគ្រប់គ្រាន់នៅក្នុងស្បូន ស្អិតអាងត្រគាក ជម្ងឺមហារីកឬការព្យាបាលជម្ងឺមហារីកជាដើម។ រីឯកត្តាដែលបណ្តាលឲ្យមានការលំបាកក្នុងការមានកូនរបស់បុរសមានដូចជា មេជីវិតដំណើរការមិនបានល្អ បញ្ហាទៅលើការបញ្ជូនមេជីវិត ការឆ្លងកាត់លក្ខខណ្ឌបរិស្ថានជាក់លាក់ណាមួយ ឬជម្ងឺមហារីក។
 
៣. បើតាមលោក តើការលំបាកនៃការមានកូន វាមានផលប៉ះពាល់កម្រិតណា?
ការលំបាកនៃការមានកូនជាបញ្ហាមួយ ដែលបានកើតឡើងលើមនុស្សជាច្រើននាក់ ហើយវាជាបញ្ហាមួយដែលយើងគ្រប់គ្នាគួរយកចិត្តទុកដាក់ ចំពោះវាឲ្យបានច្រើនជាងនេះ។ ដៃគូមួយក្នុងចំណោមដៃគូ ៧គូ ដែលព្យាយាមមានគភ៌បានជួបនឹងការលំបាកក្នុងការមានកូននេះ ហើយនាពេលអនាគតតួលេខនេះ ត្រូវបានរំពឹងថានឹងមានការកើនឡើងថែមទៀត។ យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក វាបានបង្ហាញថាដៃគូប្រមាណ ៤៨លានគូ ឬមនុស្សប្រមាណ ១៨៦លាននាក់បានរស់នៅជាមួយនឹងការលំបាកក្នុងការមានកូន។ ហេតុដូច្នេះហើយ បញ្ហានេះគួរត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវនិងប្រកបដោយការយកចិត្តទុកដាក់។


 
៤. នៅក្នុងចំណោមសេវាសុខភាពរបស់ MHTC  ត្រូវបានចាត់ទុកថា ជាឯកទេសមួយដែលអ្នកជំងឺជួបបញ្ហាក្នុងការមានកូននេះ តែងតែទទួលយកការព្យាបាល នៅឯប្រទេសម៉ាឡេស៊ី ។ តើលោកអាចប្រាប់បានទេថា តើវិធីសាស្ត្រ ឬការព្យាបាលលើការលំបាកក្នុងការមានកូនមានអ្វីខ្លះ?
 
នៅទីនេះ ពួកយើងបានធ្វើការសហការជាមួយដៃគូពីគ្រប់ភាគីដែលរួមចំណែកទៅលើវិស័យសុខាភិបាលមានដូចជាក្រសួងពាក់ព័ន្ធក្នុងជួររដ្ឋាភិបាល ដៃគូនិងភ្នាក់ងារផ្តល់សេវាសុខភាព ដែលបំពាក់ដោយបរិក្ខាពេទ្យទំនើប និងចុងក្រោយបង្អស់លំដាប់ពិភពលោក ដើម្បីធ្វើការផ្តល់ជូនអ្នកជំងឺរបស់យើងនូវបទពិសោធន៍នៃការព្យាបាលយ៉ាងពេញលេញនិងល្អឥតខ្ចោះ ប្រកបដោយផាសុកភាព។ ដូចដែលលោកអ្នកធ្លាប់បានដឹងហើយថា ឯកទេសមួយក្នុងចំណោមឯកទេសរបស់ពួកយើងគឺការព្យាបាលលើការលំបាកក្នុងការមានកូន ដែលពួកយើងបានផ្តល់នូវបច្ចេកវិទ្យាជំនួយក្នុងការបន្តពូជ ឬហៅកាត់ថា បច្ចេកវិទ្យា ART (Assisted Reproductive Technology)។ បច្ចេកវិទ្យា ART សំដៅទៅលើវិធីសាស្ត្រក្នុងការទាញយកមេជីវិតញី(ស៊ុត) និងមេជីវិតឈ្មោលតាមរយៈការវះកាត់ ហើយដាក់ចូលក្នុងដំណើរការ ARTដើម្បីឲ្យមានការបង្កកំណើត។ 
 
ដំណើរការ ART ទាំង៤ដែលពេញនិយមជាងគេរួមមាន ដំណើរការ IVF ដំណើរការ ICSI ដំណើរការ PGD និងដំណើរការ PGS។ ដំណើរការ IVF សំដៅលើវិធីសាស្ត្រ ដែលស៊ុតត្រូវបានចិញ្ចឹមនៅក្រៅរាងកាយរបស់មនុស្សស្រី ចំណែកមេជីវិតឈ្មោល ត្រូវបានទាញយកតាមវិធីសាស្ត្រធម្មជាតិ ឬតាមការវះកាត់ រួចដាក់ឲ្យបង្កកំណើត នៅក្នុងមន្ទីរពិសោធន៍ក្នុងលក្ខខណ្ឌសមស្រប។ បន្ទាប់ពីមេជីវិតញី និងមេជីវិតឈ្មោលបង្កកំណើតរួច វានឹងត្រូវដាក់បញ្ចូលទៅក្នុងរាងកាយរបស់មនុស្សស្រីវិញ។ ក្នុងអំឡុងពេលនេះ អ្នកម្តាយឬស្រ្តីពពោះត្រូវញ៉ាំថ្នាំអរម៉ូន ដើម្បីជំនួយដល់ការលូតលាស់របស់ស៊ុតនៅក្នុងអូវែ។ 
 
ដំណើរការ ICSI ជាដំណើរការមួយរបស់ដំណើរការ IVF ដែលធ្វើឡើងសម្រាប់បុរសដែលមានមេជីវិតតិច។ ចំណែកដំណើរការ PGD ជាដំណើរការមួយសម្រាប់ពិនិត្យនិងកំណត់ភាពមិនប្រក្រតីណាមួយរបស់ហ្ស៊ែនដែលអាចកើតមានឡើង និងការពារភាពមិនប្រក្រតីនោះ ឬជំងឺបង្កដោយហ្ស៊ែនណាមួយ។ ដំណើរការ PGD និង PGS (ឬត្រូវបានស្គាល់នាពេលបច្ចុប្បន្ននេះថា ដំណើរការ PGT-A និង PGT-M) គឺជាវិធីសាស្ត្រធ្វើតេស្តហ្ស៊ែន ដើម្បីដកចេញភាពមិនប្រក្រតីនៅក្នុងអំប្រ៊ីយ៉ុង ដែលអាចជាជំងឺតពូជឬទើបនឹងកើតមានឡើងក៏ដោយ។ 
 
៥. តើអ្វីទៅជាបច្ចេកវិទ្យាចុងក្រោយបង្អស់ទៅលើការព្យាបាលការលំបាកមានកូន? តើការព្យាបាលការលំបាកមានកូននេះ មានសារៈសំខាន់កម្រិតណាទៅដល់គូស្វាមីភរិយា ឬដៃគូនានា?
 
ជាការពិតណាស់ វិធីសាស្ត្រទាំង៤ ក្នុងការព្យាបាលការលំបាកមានកូន ដែលបានរៀបរាប់ខាងលើសុទ្ធតែមានសារៈសំខាន់ និងចាំបាច់ ពីព្រោះវាត្រូវបានបង្កើតឡើងដើម្បីផ្តល់ការព្យាបាលដល់ដៃគូ និងអ្នកជំងឺទៅតាមលក្ខខណ្ឌ និងតម្រូវការពិសេសរបស់ពួកគេរៀងៗខ្លួន។ ហើយយើងក៏ទទួលស្គាល់ដែរថា ការលំបាកក្នុងការមានកូនគឺជាបទពិសោធន៍ដ៏សោកសៅមួយ ប៉ុន្តែសូមកុំបារម្ភ ពីព្រោះពួកយើងនឹងផ្តល់ក្តីសង្ឃឹមថ្មីនិងជួយអ្នកដើម្បីក្តីសុបិន្តក្នុងការក្លាយជាមាតាបិតារបស់អ្នកក្លាយជាការពិត តាមរយៈបច្ចេកវិទ្យាដ៏ទំនើបលំដាប់ពិភពលោក។ ក្នុងនាមជាមជ្ឈមណ្ឌលបង្កកំណើតអាស៊ី ប្រទេសម៉ាឡេស៊ីមានមោទនភាពក្នុងការប្រកាសថា ការប្រឹក្សា ការបម្រើសេវាសុខភាពនិងការព្យាបាលរបស់យើងនាពេលនេះបានទទួលភាពជោគជ័យចន្លោះពី ៥៥% ទៅ ៦០%ឯណោះ។ 
 
៦. តើអ្នកជំងឺត្រូវរង់ចាំរយៈពេលប៉ុន្មាន ដើម្បីទទួលបានលទ្ធផល?
 
ប្រសិនបើអ្នកជំងឺទទួលយកសេវាការព្យាបាល IVF ពួកគេនឹងត្រូវរង់ចាំចន្លោះពី ៧ទៅ១៤ថ្ងៃ ដើម្បីបញ្ជាក់ពីការមានគភ៌។ 
 
៧. តើលោកមានជាអនុសាសន៍អ្វីខ្លះ សម្រាប់គូស្វាមីឬដៃគូដែលកំពុងជួបប្រទះនឹងបញ្ហានេះ?
ប្រសិនបើលោកអ្នកកំពុងត្រៀមមានបុត្រធីតា លោកអ្នកគួរត្រៀមខ្លួននិងជៀសវាងកត្តាមួយចំនួន ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការមានគភ៌ ដូចជាជៀសវាងការជក់បារី សេពគ្រឿងស្រវឹង ប្រើប្រាស់ថ្នាំញៀន កុំរស់នៅក្នុងបរិស្ថានដែលមានជាតិពុល ការប្រើប្រាស់ថ្នាំដែលអាចប៉ះពាល់ដល់ការបង្កកំណើតជាដើម។ ជាពិសេស លោកអ្នកគួរអនុវត្តរបៀបនិងបែបផែននៃការរស់នៅប្រកបដោយសុខភាពនិងសកម្ម ដើម្បីជំនួយដល់សារពាង្គកាយ។
 
៨. ប្រសិនបើគូស្វាមីភរិយា ឬដៃគូត្រៀម ទទួលយកសេវាការព្យាបាលការលំបាកមានកូន តើពួកគេត្រូវត្រៀមអ្វីខ្លះ?
មុនពេលមកទទួលយកសេវាការព្យាបាល អ្នកជម្ងឺត្រូវមកធ្វើការជួបប្រឹក្សាយោបល់ជាមួយនឹងអ្នកជំនាញរបស់យើងដើម្បីផ្តល់ព័ត៌មានលម្អិតទៅលើប្រវត្តិសុខភាពរបស់ពួកគេ ក៏ដូចជាធ្វើការត្រួតពិនិត្យរាងកាយជាដើម។ ជាទូទៅ អ្នកជំនាញរបស់យើងនឹងផ្តល់វេជ្ជបញ្ជាថ្នាំអរម៉ូនដល់ពួកគេ តាមដានសុខភាពនិងពិនិត្យដំណើរការ។ ប្រសិនបើដំណើរការមិនមានភាពរីកចម្រើន អ្នកជម្ងឺនឹងត្រូវបានផ្តល់ការព្យាបាលតាមបច្ចេកវិទ្យា IVF ដែលជាដំណើរការមួយត្រូវការពេលវេលា។ ហេតុដូច្នេះហើយ អ្នកជម្ងឺគួរត្រៀមចិត្តនិងលក្ខណៈជាមុននៅពេលសម្រេចចិត្តទទួលយកការព្យាបាលនេះ។
 
៩. តើលោកអាចប្រាប់បានទេថា តើហេតុអ្វីបានជាប្រជាជននៅតំបន់អាស៊ី ក៏ដូចជាកម្ពុជា គួរតែទទួលយកការព្យាបាលការលំបាកមានកូននៅប្រទេសម៉ាឡេស៊ី ខណៈមន្ទីរពេទ្យបណ្តាប្រទេសនានា ក៏មានផ្តល់នូវសេវាមួយនេះដែរ?
 
ក្នុងនាមជាមជ្ឈមណ្ឌលបង្កកំណើតអាស៊ី ពួកយើងបានផ្តល់នូវលទ្ធផលនៃការព្យាបាលប្រកបដោយភាពជោគជ័យនិងជាទីជឿទុកចិត្ត។ ជាក់ស្តែង មជ្ឈមណ្ឌល Alpha IVF & Women’s Specialist បានឲ្យដឹងថាការផ្ទេរកោសិកាកូនដែលមានសុខភាពល្អមួយ ទទួលបានអត្រានៃការមានគភ៌រហូតដល់ ៨២,៩% ទៅលើស្រ្តីដែលមានវ័យ ៣២ឆ្នាំ។ ហើយយោងតាមរបាយការណ៍របស់គ្លីនិក Sunfert International បានបង្ហាញថា ការព្យាបាលដោយប្រើបច្ចេកវិទ្យា PGT បានផ្តល់ភាពជោគជ័យរហូតដល់៦៨% ក្នុងការផ្ទេរអំប្រ៊ីយូសសម្រាប់សស្ត្រីដែលមានអាយុលើស៤១ឆ្នាំ។ ម្យ៉ាងវិញទៀត ប្រទេសម៉ាឡេស៊ីមានមជ្ឈមណ្ឌលបង្កកំណើត ដែលទទួលស្គាល់ដោយស្ថាប័ន International Reproductive Technology Accreditation Committee (RTAC)   រហូតដល់ ៨មជ្ឈមណ្ឌល ដែលការទទួលស្គាល់នេះមានតែ ៣០មជ្ឈមណ្ឌលប៉ុណ្ណោះដែលទទួលបាននៅទូទាំងពិភពលោក។
 
មូលហេតុដែលធ្វើឲ្យប្រទេសម៉ាឡេស៊ី ក្លាយជាប្រទេសគោលដៅនៃការមកទទួលយកសេវាសុខភាពពីជុំវិញពិភពលោក គឺដោយសារកត្តាមួយចំនួនដូចជា៖
គុណភាពលំដាប់ពិភពលោក៖ បរិក្ខាពេទ្យដ៏ទំនើបនិងចុងក្រោយបំផុតលំដាប់ពិភពលោក មន្ទីរពេទ្យឯកជនក្នុងប្រទេសម៉ាឡេស៊ីត្រូវបានកោតសសើរនិងទទួលស្គាល់ពីគុណភាពនិងសុវត្ថិភាពក្នុងចំណោមមន្ទីរពេទ្យល្អបំផុតក្នុងពិភពលោក ជាមួយនឹងការត្រួតពិនិត្យយ៉ាងដិតដល់និងទៀងទាត់ដោយក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ី។ មន្ទីរពេទ្យឯកជនទាំងនោះក៏ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិរួមមាន Malaysia Society for Quality in Health  (MSQH) ស្ថាប័ន Joint Commission International (JCI) ស្ថាប័ន  Reproductive Technology Accreditation Committee (RTAC) និងភ្នាក់ងារផ្សេងៗទៀតដែលស្ថិតនៅក្រោម International Society for Quality in Healthcare  (ISQua)។
ថ្លៃសេវា៖ ប្រព័ន្ធសុខាភិបាលក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានទទួលស្គាល់ទៅលើគុណភាពនិងតម្លៃដ៏សមរម្យដែលអ្នកជំងឺអាចទទួលយកបាន។ ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ី ក៏បានធ្វើការត្រួតពិនិត្យទៅលើតម្លៃសេវាខ្ពស់បំផុតសម្រាប់ការព្យាបាលនានា ដើម្បីធានាថាសេវាកម្មនិងការព្យាបាលមានតម្លៃសមរម្យនិងអាចទទួលយកបានសម្រាប់អ្នកជំងឺ។ ប្រសិនបើប្រៀបធៀបគ្នារវាងការព្យាបាលក្នុងប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិច អ្នកជម្ងឺនឹងត្រូវសន្សំទុកប្រមាណ ៦០%ទៅ៨០% បន្ថែម (សូមមើលតារាងខាងក្រោម)
 
 
ភាពងាយស្រួលក្នុងការមកទទួលយកការព្យាបាល៖ លោកអ្នកនឹងមិនចាំបាច់ចំណាយពេលក្នុងរង់ចាំសម្រាប់ការណាត់ជួបប្រឹក្សា ឬការព្យាបាលជាមួយនឹងក្រុមគ្រូពេទ្យជំនាញរបស់យើងតាមប្រព័ន្ធអនឡាញឡើយ។ ប្រទេសម៉ាឡេស៊ីមានមន្ទីរពេទ្យប្រមាណ ២០០មន្ទីរពេទ្យ ដោយមិនរាប់បញ្ចូលគ្លីនិកធ្មេញនិងមជ្ឈមណ្ឌលសុខភាព។
 
ការផ្តល់ជូនសេវាយ៉ាងរលូនតាំងពីដើមដល់ចប់៖ Malaysia Healthcare ផ្ដល់ជូនលើសពីតំហែទាំសុខភាព ជាការថែទាំជូន អ្នកទេសចរណ៍ដែលអាចឱ្យពួកគេមានភាពរីករាយនឹងបទពិសោធន៍នៃការធ្វើដំណើរទេសចរណ៍ និងពិនិត្យសុខភាពដ៏រលូនតាំងពីដើមដល់ចប់។ នៅពេលអញ្ជើញមកដល់ អ្នកទេសចរណ៍ដែលធ្វើដំណើរសម្រាប់តំហែទាំសុខភាពនឹងទទួលបាននូវការស្វាគមន៍ ពីបុគ្គលិកផ្នែក Concierge and Lounge របស់ Malaysia Healthcare យើងខ្ញុំ ដែលនឹងមកទទួលអ្នកទេសចរណ៍ដល់ច្រកចេញយន្តហោះតែម្ដង រួចហើយបុគ្គលិកនឹងជូនអ្នកដំណើរទៅយកឥវ៉ាន់តាមច្រករហ័សសម្រាប់អន្តោប្រវេសន៍ ហើយបន្ទាប់មក ឱ្យពួកគាត់រង់ចាំនៅបន្ទប់រង់ចាំរហូតដល់ក្រុមអ្នកដឹកជញ្ជូនរបស់សណ្ឋាគារ ឬមន្ទីរពេទ្យមកទទួល។ នៅគ្រប់ជំហានទាំងអស់នៃការធ្វើដំណើរ ពួកយើងនឹងនៅ ជាមួយដើម្បីជួយ និងនាំផ្លូវអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពទាំងឡាយបានពេញមួយដំណើរពិនិត្យសុខភាពរបស់ពួកគេ រហូតដល់ពេល ត្រឡប់ទៅគេហដ្ឋានវិញ។
 
១០. តើលោកអាចណែនាំពីមន្ទីរពេទ្យដែលបានធ្វើការសហការជាមួយនឹង MHTC ឬមានជំនាញទៅលើការព្យាបាលការលំបាកមានកូនបានឬទេ?
 
លោកអ្នកអាចមកទទួលយកសេវាសុខភាពនិងការព្យាបាលពីមជ្ឈមណ្ឌលទាំង៨ដែលត្រូវបានទទួលស្គាល់ស្ថាប័ន RTAC នៅទីនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីមជ្ឈមណ្ឌលបង្កកំណើត សូមចូលទៅកាន់  MalaysiaHealthcare.org
 
 
 

Tag:
 Two way
© រក្សាសិទ្ធិដោយ thmeythmey.com