អន្តរជាតិ
តតាំងគ្នាចាប់ពីឆ្នាំ១៩៤៩ តើចិននិងតៃវ៉ាន់អាចរួមគ្នានៅពេលណា?
26, Dec 2021 , 10:39 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
បន្ទាប់ពីសង្រ្គាមស៊ីវិលត្រូវបានបញ្ចប់ ចិន ត្រូវបានបែងចែកជាពីរនៅឆ្នាំ១៩៤៩។ ម្ខាងគឺជាសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយបក្សកុម្មុយនីស្តចិនដែលឈ្នះសង្រ្គាម និងម្ខាងទៀតជាសាធារណរដ្ឋចិនដែលភៀសខ្លួនទៅកោះតៃវ៉ាន់ក្រោយបរាជ័យ។ ដែនដីទាំងពីរ សុទ្ធតែអះអាងថា ជាតំណាងចិនដូចគ្នា តែចិនប៉េកាំង មានការទទួលស្គាល់លើសលុប ហើយជាមហាអំណាចមួយផង ខណៈតៃវ៉ាន់មិនមានដង្ហើមការទូតច្រើនឡើយ តែមានអាម៉េរិកឈរក្រោយខ្នង។ តើចិន និងតៃវ៉ាន់ អាចរួមគ្នាឬទេ?

 
តាំងពីឆ្នាំ១៩៤៩ ចិន និងតៃវ៉ាន់ មិនសូវដែលត្រូវគ្នាឡើយ។ ទីក្រុងប៉េកាំង តែដាក់សម្ពាធនយោបាយលើក្រុងតៃប៉ិ ហើយជាញយៗ ចិនតែងព្រមានប្រើកម្លាំងយោធាលើតៃវ៉ាន់ ក្នុងករណីដែនកោះមួយនេះ ហ៊ានប្រកាសឯករាជ្យ។ ទំនាក់ទំនងច្រកសមុទ្រតៃវ៉ាន់ ជាបញ្ហាអន្តរជាតិដ៏ធំមួយ ដែលបន្សល់ទុកជាង៨០ឆ្នាំមកហើយ។
 
ចិន និងតៃវ៉ាន់ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០
 
បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិល លោកជៀង កៃចៀក មេដឹកនាំរដ្ឋាភិបាលជាតិនិយម បានភៀសខ្លួនមកដែនដីតៃវ៉ាន់ និងរៀបចំរដ្ឋាភិបាលផ្ទាល់ខ្លួនមួយ ដោយផ្តាច់ទំនាក់ទំនងជាមួយចិនដីគោក។ ក្នុងឆ្នាំ១៩៥០ តៃវ៉ាន់ បានចងសម្ព័ន្ធមិត្តជាមួយអាម៉េរិក។ ស្របពេលសង្រ្គាមកូរ៉េបានផ្ទុះឡើងក្នុងឆ្នាំដដែលនោះ អាម៉េរិក បានបញ្ជូនកងនាវាទី៧ មកច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ការសង្រ្គាមមិនឱ្យរីកសាយ ក៏ដូចជាការពារតៃវ៉ាន់ក្នុងករណីមានការវាយប្រហាររបស់ចិនផង។ 
 
នៅក្នុងឆ្នាំ១៩៥៤ វិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទីមួយ បានកើតឡើង។ ពេលនោះ កងទ័ពរំដោះប្រជាជនចិនបានពង្រាយយោធាចំនួន ១៥ម៉ឺននាក់នៅក្រុង Xiamen និងបាញ់ប្រហារកាំភ្លើងធំលើប្រជុំកោះ Kinmen របស់តៃវ៉ាន់ដែលនៅមិនឆ្ងាយពីទីក្រុង Xiamen ។ ចំណែកតៃវ៉ាន ក៏បានបញ្ជូនទ័ពជាង៤ម៉ឺននាក់ទៅកោះនោះដែរ។ ហេតុផលដែលចិន វាយប្រហារលើតៃវ៉ាន់ ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំងបារម្ភអាម៉េរិក និងតៃវ៉ាន់ចុះកិច្ចព្រមព្រៀងសម្ព័ន្ធមិត្ត, ការចូលរួមរបស់តៃវ៉ាន់ទៅក្នុងអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (SEAT០) និងការវាយប្រហារពីសំណាក់អាម៉េរិកជាដើម។ 
 
វិបត្តិមួយនេះ បានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ១៩៥៥ បន្ទាប់ពីសភាអាម៉េរិកអនុម័តសេចក្តីសម្រេច Formosa ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាម៉េរិកមានអំណាចចេញបញ្ជាការការពារតៃវ៉ាន់ និងកោះរបស់តៃវ៉ាន់។ ស្របគ្នានោះ តៃវ៉ាន់ និងអាម៉េរិក ក៏បានចុះសន្ធិសញ្ញាការពារទៅវិញទៅមកផងដែរ។ 
 
ភាពស្ងៀមស្ងាត់នៅលើច្រកសមុទ្រតៃវ៉ាន់ កើតឡើងតែប៉ុន្មានឆ្នាំប៉ុណ្ណោះ មុនចិន បានវាយប្រហារលើតៃវ៉ាន់ជាថ្មីនៅក្នុងឆ្នាំ ១៩៥៨។ ការប៉ះទង្គិចក្នុងឆ្នាំនោះ ត្រូវបានហៅវិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី២ ។ កាលនោះ ចិន បានបាញ់កាំភ្លើងធំដាក់ប្រជុំកោះ Kinmen ជាថ្មី ដែលមានវត្តមានទាហានរបស់តៃវ៉ាន់ជាច្រើនពាន់នាក់។ ដោយចិនវាយប្រហារមកលើតៃវ៉ាន់ខ្លាំងពេក អាម៉េរិក ក៏បានពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ចិនផងដែរ។ ប៉ុន្តែរដ្ឋបាលអាម៉េរិកកាលជំនាន់នោះ បានសម្រេចមិនប្រើវិញ ដោយសារបារម្ភពីការសងសឹកពីសំណាក់សហភាពសូវៀត និងការរិះគន់ពីសាធារណជន។ នៅក្នុងខែតុលា ចិន បានប្រកាសអនុវត្តបទឈប់បាញ់ បន្ទាប់ពីមានកិច្ចចរចាជាច្រើនលើកជាមួយអាម៉េរិក។ 
 
ការបាត់បង់កៅអីរបស់តៃវ៉ាន់នៅអង្គការសហប្រជាជាតិ
 
ចាប់ពីឆ្នាំ១៩៤៩ ចិន ត្រូវបានបែងចែកជាពីរ ដែលមានចិនដីគោក និងកោះតៃវ៉ាន់។ កាលនោះ អាសនៈនៅអង្គការសហប្រជាជាតិ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលតៃវ៉ាន់នៅឡើយ។ រដ្ឋាភិបាលជាតិនិយមចិន ដែលដឹកនាំដោយលោក ជៀង កៃចៀក (Chiang Kai-shek) បាននាំចិនចូលជាសមាជិកអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៤៥ មុននឹងភៀសខ្លួនទៅតៃវ៉ាន់ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិល។ 
 
ដោយសារតែការប្រជែងឥទ្ធិពលចិនលើឆាកអន្តរជាតិចាប់តាំងពីឆ្នាំ១៩៤៩ និងការប្រែប្រួលទំនាក់ទំនងអន្តរជាតិផង តៃវ៉ាន់ បានបាត់អាសនៈនៅអង្គការសហប្រជាជាតិ តាមសេចក្តីសម្រេចរបស់មហាសន្និបាត (UNGA) លេខ ២៧៥៨។ ក្នុងសេចក្តីសម្រេចឆ្នាំ១៩៧១ អង្គការសហប្រជាជាតិ បានសម្រេចទទួលស្គាល់ចិនដីគោក ដែលដឹកនាំដោយបក្សកុម្មុយនីស្ត ជារដ្ឋាភិបាលតំណាងឱ្យចិន។ 
 
ចាប់តាំងពីឆ្នាំ១៩៧១មក តៃវ៉ាន់ លែងជាសមាជិករបស់ UN ទៀតហើយ។ តំណែងរបស់រដ្ឋាភិបាលក្រុងតៃប៉ិនៅអង្គការសហប្រជាជាតិទាំងអស់ ត្រូវប្រគល់ឱ្យក្រុងប៉េកាំង ដោយក្នុងនោះរួមទាំងសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ (UNSC) ។ ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលក្រុងប៉េកាំង បានទទួលការគាំទ្រយ៉ាងខ្លាំង ស្របពេលអាមេរិក ដែលជាមហាអំណាចសេរីនៅសម័យនោះ ក៏ទទួលស្គាល់រដ្ឋាភិបាលប៉េកាំងផងដែរ។ នៅក្នុងឆ្នាំ១៩៧២ ប្រធានាធិបតីអាម៉េរិក លោក Richard Nixon បានធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន បន្ទាប់ពីការទូតប៉េងប៉ុង ក្នុងឆ្នាំ១៩៧១។ 
 

(រូបភាព៖ មេដឹកនាំចិន លោកម៉ោង សេទុង ចាប់ដៃជាមួយប្រធានាធិបតីអាម៉េរិក លោករីឆាត និចសុន។ រូបភាព៖ U.S. National Archives)
 
ការខិតទៅជិតរបស់អាម៉េរិកជាមួយចិន កាលសម័យនោះ គឺដើម្បីទប់ស្កាត់ឥទ្ធិពលការរីកសាយឥទ្ធិពលរបស់សហភាពសូវៀត។ 
 
ក្នុងឆ្នាំ១៩៧៩ អាម៉េរិក បានទទួលស្គាល់ចិនពេញលេញ និងផ្តាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ ប៉ុន្តែក្រុងវ៉ាស៊ីនតោន មិនបានបោះបង់ក្រុងតៃប៉ិទាំងស្រុងឡើយ។ ក្នុងឆ្នាំនោះ អាម៉េរិកបានអនុម័តច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលអនុញ្ញាតឱ្យខ្លួនអាចលក់ឱ្យតៃវ៉ាន់ ដើម្បីការពារខ្លួន និងរក្សាទំនាក់ទំនងបែបវប្បធម៌ និងពាណិជ្ជកម្ម។ 
 
ទំនាក់ទំនងតៃវ៉ាន់ និងចិន ក្នុងពេលបច្ចុប្បន្ន 
 
ក្រោមការដឹកនាំរបស់ លោក Ma Ying-jeou ប្រធានាធិបតីតៃវ៉ាន់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ ទំនាក់ទំនងចិន-តៃវ៉ាន់ មានសភាពល្អយ៉ាងខ្លាំង មុននឹងធ្លាក់ចុះបន្ទាប់ពី លោកស្រី Tsai Ing-wen ឡើងកាន់តំណែងជាប្រធានាធិបតី។ ភាពតានតឹងនេះ កើតឡើងដោយសារតែលោកស្រី Tsai Ing-wen បដិសេធ ទទួលយកការកែលម្អទំនាក់ទំនងចិន-តៃវ៉ាន់ ដូចប្រធានាធិបតីអាណត្តិមុនៗ។ ម្យ៉ាងវិញទៀត តៃវ៉ាន់ ក្រោមការដឹកនាំរបស់លោកស្រី Tsai Ing-wen ចេះតែមានបំណងចង់ប្រកាសឯករាជ្យ និងអភិវឌ្ឍទំនាក់ទំនងជាមួយអាម៉េរិក។ ពីមួយឆ្នាំទៅមួយឆ្នាំ តៃវ៉ាន់ បានបង្កើនការចំណាយលើយោធាជាច្រើនលានដុល្លារ ដើម្បីអភិវឌ្ឍសមត្ថភាពយោធាខ្លួនថែមទៀត។ 
 
មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលក្រុងតៃប៉ិ បានទទួលតំណាងអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនជាញឹកញាប់។ បញ្ហានេះ បានធ្វើឱ្យចិនបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកៀកកោះតៃវ៉ានជាច្រើនលើក។ លើសពីនេះ រដ្ឋាភិបាលក្រុងប៉េកាំង ធ្លាប់ដាក់ទណ្ឌកម្មលើមន្រ្តីអាម៉េរិក ដែធ្លាប់ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ថែមទៀត។ 
 

(រូបភាព៖ ប្រធានាធិបតីចិន លោកស៊ី ជិនភីង។ រូបភាព៖ Xinhua)
 
ក្នុងខួបបក្សកុម្មុយនីស្តចិនលើកទី១០០ ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានចាត់ទុកការបង្រួបបង្រួមដែនដីទាំងពីរ គឺជាកិច្ចការប្រវត្តិសាស្រ្ត។ លើសពីនេះ នៅថ្មីៗនេះ លោកស៊ី ក៏បានលើកឡើងពីការបង្រួបបង្រួមដែនដីទាំងពីរប្រកដដោយសន្តិភាពផងដែរ ប៉ុន្តែតៃវ៉ាន់ឆ្លើយតបថា នោះគឺជាសិទ្ធិរបស់ប្រជាជនក្នុងការជ្រើសរើស ហើយតៃវ៉ាន់នឹងការពារសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com