អត្ថបទពាណិជ្ជកម្ម
ឆ្នាំសិក្សា២០២១-២០២២ SCG បន្តផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជាជាង​១០០នាក់
24, Dec 2021 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
 រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ – ទោះបីមាន​ភាពប្រឈមខ្លះដោយសារ​​ជំងឺរាតត្បាត​កូវីដ-១៩ក្ដី ក្រុមហ៊ុន SCG ដែល​ឈាន​មុខគេ​នៅអាស៊ាន ​ក្នុង​​វិស័យ​ផលិត​ស៊ីម៉ងត៍ ​និង​គ្រឿង​សម្ភារៈ​សាងសង់ បាន​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​សិស្ស​និស្សិត​កម្ពុជា ដើម្បីជួយពួកគេ​ឲ្យ​សម្រេចក្ដីសុបិន​របស់ខ្លួន​ សម្រាប់​ការសិក្សា​រៀនសូត្រ​ឲ្យបានខ្ពង់ខ្ពស់ ជាមួយនឹងការផ្ដល់​អាហារូបករណ៍ចំនួន ១១២នាក់ សម្រាប់ឆ្នាំសិក្សា​២០២១-២០២២នេះ ។
  
អ្នកទទួលអាហារូបករណ៍ពីក្រុមហ៊ុន​នៅឆ្នាំនេះ រួមមាន១២នាក់ ជានិស្សិតសាកលវិទ្យាល័យ និង​១០០នាក់​ជា​សិស្ស​វិទ្យាល័យ។ ថ្លែងនៅក្នុង​ពិធី​ប្រគល់អាហារូបករណ៍ ដែលធ្វើឡើង នៅការិយាល័យកណ្ដាល​របស់ SCG នៅ​ភ្នំពេញ លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយក​ផ្នែក​លក់ ​និងទីផ្សារ​នៃក្រុមហ៊ុន SCG ប្រចាំកម្ពុជា បាន​មានប្រសាសន៍ថា៖ «អេសស៊ីជី ចែករំលែក​ក្ដីសុបិនរបស់ខ្លួន ក្រុមហ៊ុន​បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស ​និងនិស្សិត​កម្ពុជា​ជាច្រើននាក់ ចាប់តាំងពីឆ្នាំ២០១៤​មក​ម្ល៉េះ»។ 
 
លោក វីរុត ផានិតភុតចាម៉ាន មានប្រសាសន៍​យ៉ាងដូច្នេះទៀតថា ៖«ជាមួយនឹងអាហារូបករណ៍ទាំងនេះ យើង​ចូលរួមចំណែក ​ដល់​ការអភិវឌ្ឍធនធាន​មនុស្ស​នៅកម្ពុជា ដោយ​ជួយ​ដល់​យុវជន​កម្ពុជា​ក្មេងៗ សម្រេចនូវ​ក្ដីសុបិន​របស់ពួកគេ ក្នុងការស្វែងរក​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ ដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួន។ សម្រាប់ឆ្នាំបន្តបន្ទាប់ទៅមុខទៀត ”កម្មវិធីអាហារូបករណ៍​អេសស៊ីជី ចែករំលែកក្ដីសុបិន” ប្ដេជ្ញាបន្ត​ជួយគាំទ្រ​ដល់​សិស្សនិស្សិត​កម្ពុជា​ជាបន្តទៀត»។ 


 
លោក វីរុត ក៏បាន​លើក​ទឹកចិត្ត​ដល់​សិស្សនិស្សិត​ ដែលបាន​ទទួល​អាហារូបករណ៍ ឲ្យ​តាំងចិត្ត​ខិតខំ​រៀនសូត្រ ​ឲ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិនៅពេលអនាគត។ 
កញ្ញា អ៊ី ចំណាន អាយុ​១៩ឆ្នាំ ជាសិស្ស​ថ្នាក់ទី១២ មកពីវិទ្យាល័យ​ពងទឹក ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ដែល​បានទទួល​អាហារូបករណ៍​ពីក្រុមហ៊ុន អេសស៊ីជី តាំងពីថ្នាក់ទី១០មក​ បាន​និយាយថា៖ «អាហារូបករណ៍នេះ ជួយ​សម្រាល​បន្ទុក​ចំណាយ​លើការសិក្សារបស់ខ្ញុំ និង​ជួយ​សម្រាល​បន្ទុក​គ្រួសារ​ខ្ញុំ​បានច្រើន» ។ 
 
អ្នកទទួលអាហារូបករណ៍​មួយរូបទៀត យុវជន ឃឿន ឡាំងហេង មកពីខេត្តកំពត ដែល​ជា​និស្សិត​ឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បាននិយាយថា ខ្លួនបានទទួលអាហារូបករណ៍​ពីក្រុមហ៊ុន​ អេសស៊ីជី តាំងពីឆ្នាំទីមួយមកម្ល៉េះ ។ 
 
និស្សិត ឃឿន ឡាំងហេង បាននិយាយ​ដូច្នេះថា៖ «អាហារូបករណ៍នេះ​សំខាន់ណាស់ចំពោះ​ខ្ញុំ និងគ្រួសារ ពីព្រោះគ្រួសារខ្ញុំពុំមានលទ្ធភាព​ឲ្យ​ខ្ញុំបន្ត​ការសិក្សា​នៅសាកលវិទ្យាល័យទេ ។ អាហារូបករណ៍​ជួយ​ដល់ថ្លៃសាលានិងការរស់នៅក្នុងទីក្រុងភ្នំពេញរបស់ខ្ញុំ ។» 
 
ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់​អាហារូបករណ៍ «អេសស៊ីជី ចែករំលែកក្ដីសុបិន» ដល់សិស្ស​និស្សិត​កម្ពុជាសរុបជាង ១៥០០នាក់​ហើយ ហើយនៅឆ្នាំនេះ​ ជាឆ្នាំពិសេស​បន្តិច ដោយសិស្សនិស្សិត​បានទទួលប្រាក់អាហារូបករណ៍ហើយ ថែមទាំងបានទទួល​ឧបករណ៍ tablet ម្នាក់​មួយគ្រឿង​សម្រាប់​ការសិក្សា​តាមអនឡាញរបស់ពួកគេ ផងដែរ ។ 


 
ជាផ្នែកនៃសកម្មភាព CSR របស់ខ្លួន​ក្នុងវិស័យអប់រំនិង​បណ្ដុះបណ្ដាល​ជំនាញ ក្រុមហ៊ុន អេសស៊ីជី កន្លងមក បាន​ធ្វើកិច្ចការជាច្រើន​ដើម្បី​លើកកម្ពស់​ជំនាញ​របស់​មេជាងសំណង់​មកពីបណ្ដាខេត្តក្រុង​នៅទូទាំងកម្ពុជា តាមរយៈ​កម្មវិធីបណ្ដុះបណ្ដាល​មេជាងសំណង់របស់ខ្លួន ។ 
 
ក្រុមហ៊ុន​ក៏បាន​បរិច្ចាគ​សម្ភារៈសាងសង់ ​ដល់​សាលារៀន ​និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាលជំនាញ ដើម្បី​ជួយ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់បម្រើ​ដល់សកម្មភាព​បណ្ដុះបណ្ដាល​និងអប់រំប្រជាជន​កម្ពុជា ជាច្រើនទៀត ​ផងដែរ ៕ 
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com