ជាតិ
សង្គមជាតិ
លីកាដូ៖ សកម្មជនជិត៣០រូប ត្រូវបានដោះលែង នៅចុងឆ្នាំ២០២១
25, Dec 2021 , 12:29 pm        
រូបភាព
ក្រុមមាតាធម្មជាតិ ដែលត្រូវតុលាការសម្រេចដោះលែងថ្ងៃទី១២វិច្ឆិកា ២០២១។ រូបពី លោក សាន ម៉ាឡា
ក្រុមមាតាធម្មជាតិ ដែលត្រូវតុលាការសម្រេចដោះលែងថ្ងៃទី១២វិច្ឆិកា ២០២១។ រូបពី លោក សាន ម៉ាឡា
ភ្នំពេញ៖ មានសកម្មជនសិទ្ធិមនុស្ស នយោបាយ បរិស្ថាន ២៧រូបត្រូវបានតុលាការដោះលែង ក្នុងឆ្នាំ២០២១នេះ ដោយអ្នកទាំង២៧រូបនោះ ទទួលបានការដោះលែង ក្នុងខែវិច្ឆិកាទាំងអស់គ្នា។ ប៉ុន្តែពួកគេភាគច្រើន គឹបន្តស្ថិតនៅក្រោម ការត្រួតពិនិត្យដោយភ្ជាប់ជាមួយលក្ខខណ្ឌដ៏តឹងរ៉ឺងពីតុលាការ។

 
ឆ្នាំ២០២១នេះ សកម្មជនក្នុងវិស័យនានា រួមមាន សិទ្ធិមនុស្ស នយោបាយ និង បរិស្ថាន ជាអាទិ៍ ត្រូវបានតុលាការសម្រេចដោះលែងពីពន្ធនាគារជាបន្តបន្ទាប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ 
 
របាយការណ៍របស់អង្គការលីកាដូ បានបញ្ជាក់ថា នៅថ្ងៃទី៥វិច្ឆិកា មានសកម្មជន៥រូប ត្រូវបានដោះលែងពីមណ្ឌលកែប្រែ១ (ពន្ធនាគារព្រៃស) ដោយក្នុងនោះមាន សកម្មជននយោបាយ២រូប គឺលោក ជុំ ពុទ្ធី និង លោក ឈួរ ផេង ដែលជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។  ពួកគេទាំង២ ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ២០ខែ និងពិន័យ២លានរៀលក្នុងម្នាក់ៗ។ ប៉ុន្តែបន្ទាប់ពីអនុវត្តទោសបាន១៥ខែ តុលាការបានសម្រេចដោះលលែង ហើយទោសដែលនៅសល់ត្រូវព្យួរដោយស្ថិតក្នុងក្រោមការឃ្លាំមើលរយៈពេល២ឆ្នាំ។ 
 
ចំណែកសកម្មជន៣រូបទៀត មានអតីតព្រះសង្ឃ លោក កើត សារ៉ាយ លោក ថា ឡាវី និង លោក មាន ព្រហ្មមុនី ដែលជាសមាជិកយុវជនខ្មែរថាវរៈ និងជាសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ ក៏ត្រូវដោះលែងនៅថ្ងៃទី៥វិច្ឆិកាដែរ បន្ទាប់ពីអនុវត្តទោសបាន១៤ខែ។ សម្រាប់ទោសដែលនៅសល់ តុលការបានសម្រេចព្យួរ ដោយសាកល្បងឲ្យនៅក្រៅឃុំរយៈពេល២ឆ្នាំ។ សូមបញ្ជាក់ថា ពួកគេទាំង៣រូប ត្រូវតុលការសម្រេច ឲ្យជាប់ពន្ធនាគារ២០ខែ និងពិន័យ២លានរៀល ពីបទញុះញង់។ 
 
នៅថ្ងៃទី៨វិច្ឆិកា តុលាការសម្រេចដោះលែង សមាជិកយុវជនខ្មែរថាវរៈម្នាក់ទៀត គឺកញ្ញា អេង ម៉ាឡៃ បន្ទាប់ពីជាប់ពន្ធនាគារជាង១ឆ្នាំ។ កញ្ញា ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ២០ខែ និងពិន័យ២លានរៀលពីបទញុះញង់។ ចំណែក ទោសនៅសល់គឺត្រូវព្យួរ ហើយដាក់ក្រោមការត្រួតពិនិត្យ២ឆ្នាំ។ 
 
នៅថ្ងៃទី១០វិច្ឆិកា កូនរបស់អតីតមន្រី្តគណបក្សប្រឆាំង ដែលជាអនីតិជនអាយុ១៧ឆ្នាំ គឺយុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងបន្ទាប់ពីអនុវត្តទោសបាន៤ខែ ១៥ថ្ងៃ។ កន្លងមក សុវណ្ណច្ឆ័យ ត្រូវបានតុលាការសម្រេចឲ្យជាប់ទោស៨ខែ ពីបទញុះញង់និងបទប្រមាថអ្នករាជការសាធារណៈ ដោយសារបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។ 
 
នៅថ្ងៃទី១១វិច្ឆិកា លោក មួង សុភ័ក្រ ដែលជាសមាជិកសមាគមនិស្សិតបញ្ញាវន្តខ្មែរ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីអនុវត្តទោសបាន១៤ខែ។ ចំណែក ទោសនៅសល់គឺត្រូវព្យួរដោយមានការតាមដានរយៈពេល២ឆ្នាំ។ សូមជម្រាប់ថា តុលាការ បានឲ្យយុវជនរូបនេះជាប់ពន្ធនាគារ២០ខែ និងពិន័យ២លានរៀល ពីបទញុះញង់។ 
 
នៅថ្ងៃទី១២វិច្ឆិកា មានសកម្មជន១៨រូប ត្រូវបានដោះលែង។ សកម្មជនទាំងនោះ រួមមាន លោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពជា បន្ទាប់ពី អនុវត្តទោសបាន១៥ខែ១១ថ្ងៃ។ លោកត្រូវបាន តុលាការសម្រេចឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យ២លានរៀល រួមទាំងបង្គាប់ឲ្យសងជំងឺចិត្ត ទៅគណៈកម្មាធិការកិច្ចព្រំដែនកម្ពុជា៤០០លានរៀល។ ប៉ុន្តែ ក្រោយជាប់ពន្ធនាគារជាង១ឆ្នាំ សាលាឧទ្ធរណ៍ក៏បានសម្រេចបន្ថយទោសលោក រ៉ុង ឈុន ដែលត្រូវជាប់ពន្ធនាគារ២៤ខែ (២ឆ្នាំ) មកនៅត្រឹម១៥ខែ១១ថ្ងៃវិញ។ ទោស៨ខែ១៩ថ្ងៃទៀតរបស់លោក ត្រូវព្យួរដោយឲ្យនៅក្រៅឃុំ។ សូមបញ្ជាក់ថា ប្រធានសហភាពសហជីពកម្ពជា ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីយប់ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-វៀតណាម។ ការចាប់ខ្លួននេះ ក្រោយពីលោកចុះទៅពិនិត្យមើលបង្គោលព្រំដែន និងជួបអ្នកភូមិនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ កក្កដា ហើយទទួលព័ត៌មានបានថា ទាហានវៀតណាម បានចូលមកឈ្លានពានអធិបតេយ្យកម្ពុជា ហើយដេញអ្នកភូមិត្រពាំងផ្លុង មិនឲ្យធ្វើស្រែក្បែរតំបន់ព្រំដែន។
 
ចំណែក ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ក៏ត្រូវបានដោះលែដែរ។  លោកត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ២០ខែ និងត្រូវពិន័យប្រាក់ ដល់ទៅជាងកន្លះដុល្លារឯណោះ។ ក្រោយចាប់លោក រ៉ុង ឈុន លោក សួង សុភ័ណ្ឌ  បានចុះទៅពិនិត្យតំបន់ព្រំដែន ដែលលោក រ៉ុង ឈុន ចុះទៅពិនិត្យ ដើម្បីដឹងឲ្យច្បាស់ថា អ្វីដែលលោក រ៉ុង ឈុន លើកឡើងក្នុងសេចក្តីថ្លែងការណ៍ ជាការពិត ឬខុសពីការពិត។ ចុះទៅពិនិត្យតំបន់ព្រំដែនរួចហើយ លោក សួង សុភ័ណ្ឌ ក៏បាននិយាយជាមួយសារព័ត៌មាន ឌឹ ខែមបូឌា ដេលី (The Cambodia Daily) ថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ បន្ទាប់ពីចុះពិនិត្យព្រំដែន និងធ្វើអត្ថាធិប្បាយជាមួយសារព័ត៌មាន ឌឹ ខែមបូឌា ដេលី ចប់ហើយ លោក សួង សុភ័ណ្ឌ ក៏ត្រូវកម្លាំងសមត្ថកិច្ច ទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ នៅខែសីហា ឆ្នាំ២០២០ ក្រោមបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ 
 
ជាមួយគ្នានេះដែរ ក្រុមយុវជនចលនាមាតាធម្មជាតិ៦នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក លី ច័ន្ទដារ៉ាវុធ និង លោក យីម លាងហ៊ី ត្រូវបានដោះលែង ក្រោយជាប់ឃុំអស់រយៈពេលជាង១៤ខែ។ ពួកគេ ក៏ដូចអ្នកខាងលើដែរ គឺត្រូវព្យួរទោសក្រោមកាឃ្លាំមើលរបស់តុលាការ។ កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង លោក លី ចាន់ដារ៉ាវុធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦មិថុនា និងជាប់ចោទពីបទរួមគំនិតក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រ។ 
 
ចំណែក កញ្ញា ថុន រដ្ឋា កញ្ញា ឡុងគន្ធា និងកញ្ញា ភួន កែវរស្មី ក៏ត្រូវរងបទចោទបន្ថែមទៀតដែរ គឺរួមគំនិតក្បត់ ខណៈពួកគេស្ថិតនៅពន្ធនាគារ។ កន្លងមកពួកគេទាំង៣រូប បានជាប់ពន្ធនាគារពីបទញុះញង់។ 
 
ក្រៅពីនេះ សកម្មជនគណបក្សសង្គ្រោះជាតិ២រូប គឺលោក ប៉ែន ច័ន្ទសង្គ្រាម និង លោក តុន និមល ក៏ត្រូវបានដោះលែងដែរ។ សមាជិកសហជីពការងារ កញ្ញា ស កណិការ និង ក្រុមយុវជនខ្មែរថាវរៈ២នាក់ទៀត មានលោក ហ៊ុន វណ្ណៈ និងកញ្ញា ឈឿន ដារ៉ាវី រួមទាំងក្រុមស្ត្រីក្លាហានចំនួន៥នាក់ មានលោកស្រី លឹម សាន លោកស្រី យ៉យ ស្រីមុំ លោកស្រី ហុង អាន លោកស្រី ប៉ៃ រ៉េន និង លោកស្រី សាន ស្រីនាថ ក៏ត្រូវបានដោះលែងនៅថ្ងៃទី១២វិច្ឆិកាដែរ។ 
 
ភាគច្រើននៃសកម្មជនទាំងនោះនៅតែបន្តប្រឈម គឺស្ថិតក្នុងការត្រួតពិនិត្យ។ ទន្ទឹមនឹងនេះ នៅមានសកម្មជននិងសារព័ត៌មានច្រើនជាង៦០នាក់ផ្សេង កំពុងតែជាប់ពន្ធនាគារដោយសារការបំពេញការងារ និងភាពសកម្មរបស់ពួកគេ ។ ការចោទប្រកាន់ពីបទញុះញង់ និងបទរួមគំនិតក្បត់ គឺឃើញមានញឹកញាប់ក្នុងការចាប់ខ្លួននិងគំរាមកំហែង។ នេះបើតាមរបាយការណ៍លីកាដូ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com