អន្តរជាតិ
លោកមីន អ៊ុងឡាំង៖ ការបោះឆ្នោត នឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៣
25, Dec 2021 , 12:59 pm        
រូបភាព
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
ប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅថ្ងៃទី២៣ ខែធ្នូ បានលើកឡើងថា មីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោតនៅខែសីហា ឆ្នាំ២០២៣ ខាងមុខ។ ។ បើតាមប្រមុខយោធារូបនេះ រដ្ឋាភិបាលយោធា បានព្យាយាមជជែកជាមួយបក្សនយោបាយផ្សេងទៀតជាច្រើនលើក ប៉ុន្តែបក្សនយោបាយខ្លះ មិនមកប្រជុំជាមួយមន្រ្តីរៀបចំការបោះឆ្នោតឡើយ។

 
បន្ទាប់ពីរដ្ឋប្រហារយោធានៅដើមខែកុម្ភៈ មីយ៉ាន់ម៉ា បានប្រឈមបញ្ហាជាច្រើន។ បាតុកម្ម និងការប៉ះទង្គិចគ្នារវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច តែងកើតមានជាញឹកញាប់នៅតាមតំបន់ព្រំដែន។ ស្របគ្នានេះ សហគមន៍អន្តរជាតិ ក៏បានដាក់សម្ពាធឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា រៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញផងដែរ។ កន្លងមក របបសឹកមីយ៉ាន់ម៉ា បានចោទ និងអះអាងថាមានព័ស្តុតាងជាច្រើនទាក់ទិននឹងរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ដែលបានលួចបន្លំសន្លឹកឆ្នោតជាច្រើនករណី។ 
 
នៅក្នុងជំនួបជាមួយនាយក និងសាស្រ្តាចារ្យ នៅសកលវិទ្យាយោធា ក្នុងទីក្រុងយ៉ាំងហ្គោន លោកមីន អ៊ុងឡាំង បានប្រកាសរៀបចំការបោះឆ្នោតថ្នាក់ជាតិឡើងវិញ នៅឆ្នាំ២០២៣ ខាងមុខ។ «ដោយផ្អែកលើស្ថិរភាព និងសន្តិភាព យើងនឹងខិតខំរៀបចំការបោះឆ្នោតពហុបក្សនៅខែសីហា ឆ្នាំ២០២៣»។ លោកមីន អ៊ុងឡាំង បានសង្កត់ធ្ងន់បែបនេះ។ 
 
បើតាមប្រមុខយោធាមីយ៉ាន់ម៉ា រដ្ឋាភិបាលយោធា បានព្យាយាមជជែកជាមួយបក្សនយោបាយ ៣ឬ៤លើក ប៉ុន្តែបក្សនយោបាយមួយចំនួន មិនបានមកជួបជាមួយមន្រ្តីរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាឡើយ។ ក្នុងន័យនេះ លោកមីន អ៊ុងឡាំង បានព្រមានថា រដ្ឋាភិបាល នឹងចាត់វិធានការលើបក្សនយោបាយណា ដែលមានគោរពតាមច្បាប់មីយ៉ាន់ម៉ា។
 
ការលើកឡើងរបស់ប្រមុខយោធាមីយ៉ាន់ម៉ារូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានព្រមានស្វែងរកចំណាត់ការបន្ថែមទៀត ទាក់ទិននឹងទណ្ឌកម្មលើរបបសឹក ដើម្បីធ្វើឱ្យប្រទេសមួយនេះវិលត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ។ 
 
គួររំលឹកថា នៅក្នុងខែសីហាកន្លងទៅ អគ្គមេបញ្ជាការរូបនេះ ក៏ធ្លាប់អះអាងស្រដៀងគ្នានេះដែរ ដោយលោកថា មីយ៉ាន់ម៉ាមិនមានគម្រោងរៀបចំការបោះឆ្នោតឡើយ ទាល់តែរង់ចាំដល់ឆ្នាំ២០២៣៕
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com