កីឡាអន្តរជាតិ
អន្តរជាតិ
Man City, Chelsea, Arsenal និង Spurs ឈ្នះរៀងខ្លួន ឯ៣ប្រកួតទៀតផ្អាកដោយសារកូវីដ-១៩
27, Dec 2021 , 10:02 am        
រូបភាព
ម្ចាស់ការពារតំណែងជើងឯក Manchester City កើនគម្លាតនាំមុខកំពូលតារាង៦ពិន្ទុ ក្រោយយកឈ្នះ Leicester City ៦-៣ ក្នុងការប្រកួត Premier League សប្តាហ៍ទី១៩ នៅយប់កថ្ងៃទី២៦ ខែធ្នូ។ Chelsea, Arsenal និង Tottenham Hotspur រកបាន៣ពិន្ទុរៀងខ្លួន ខណៈជំនួប Liverpool ទល់ Leeds United និងពីរគូផ្សេងផ្អាកដោយសារកូវីដ-១៩។



៣ពិន្ទុបន្ថែមក្រោយឈ្នះ Leicester ៦-៣ បានជួយក្រុម Man City កើនដល់៤៧ពិន្ទុ នាំមុខក្រុមលេខ២ Liverpool ដែលត្រូវពន្យារពេលប្រកួត និងលេខ៣ Chelsea ចំនួន៦ពិន្ទុ។
Chelsea នៅរក្សាចំណាត់ថ្នាក់ទី៣ក្នុងតារាងលីគកំពូលអង់គ្លេសដដែលក្រោយឈ្នះ Aston Villa ៣-១។ តោខៀវរកបាន៤១ពិន្ទុ ពីការប្រកួត១៩លើក ស្មើ Liverpool ដែលទើបប្រកួតបាន១៨លើក។
 
Arsenal ដែលរំកិលខ្លួនទៅតំបន់ Top តាំងពីសប្តាហ៍មុន បានបន្តជ័យជម្នះរបស់ខ្លួនលើក្រុមបាតតារាង Norwich City ក្នុងលទ្ធផលចាស់ដៃ ៥-០។ កាំភ្លើងធំរកបាន៣៥ពិន្ទ ឈរនៅលេខរងៀងទី៤បណ្តោះអាសន្នក្រោយការប្រកួត១៩លើក នាំមុខក្រុមលេខ៥ Spurs ចំនួន៦ពិន្ទុ។
 
មាន់ខ្នាយមាសដែលយកឈ្នះ Crystal Palace ៣-០ នៅប្រកួតសប្តាហ៍ទី១៦របស់ពួកគេ កើនបាន២៩ពិន្ទុ។
 
៣គូដែលមិនអាចប្រកួតបានដោយសារបញ្ហាកូវីដ-១៩ មានដូចជាជំនួបរវាង Liverpool ជាមួយ Leeds United, Wolves ទល់ Watford និង Burnley ទល់ Everton។
គ្មានឡើយជំនួប Boxing Day ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសសម្រាប់រដូវកាល ២០២១-២២នេះ ដោយសារវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងអុកឡុងខ្លាំង៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com