ជាតិ
សង្គមជាតិ
ករណីប្រធានបក្សខ្មែរក្រោក៖ ជាអំពើប្លន់ ហេតុអ្វីតុលាការ ចោទពីបទលួចមានស្ថានទម្ងន់ទោសទៅវិញ?
27, Dec 2021 , 1:58 pm        
រូបភាព
ករណីប្លន់នៅភូមិគ្រឹះរបស់អ្នកស្រី អ៊ាន សៀវម៉ី (រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថភ្នំពេញ)
ករណីប្លន់នៅភូមិគ្រឹះរបស់អ្នកស្រី អ៊ាន សៀវម៉ី (រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថភ្នំពេញ)
ដោយ: ថ្មីៗ
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីលាម ហ្គ័ង ប្រធានគណបក្សខ្មែរក្រោក បានរៀបចំគម្រោង និងដឹកនាំកូនចៅ ទៅប្លន់ដោយផ្ទាល់ ដល់ភូមិគ្រឹះរបស់អ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បី។ លោក និងកូនចៅ៣នាក់ទៀត ត្រូវបានតំណាងអយ្យការអមតុលាការភ្នំពេញ ចោទពីបទលួចមានស្ថានទម្ងន់ទោស តាមមាត្រា៣៥៧នៃក្រមព្រហ្មទណ្ឌ។


 
ចម្លើយយ៉ាងខ្លី ដែលលោក វីលាម ហ្គ័ង និងកូនចៅ ត្រូវចោទពីបទលួចមានស្ថានទម្ងន់ទោស តែមិនត្រូវចោទពីបទប្លន់ គឺដោយសារក្រមព្រហ្មទណ្ឌ ឬច្បាប់ផ្សេងទៀតរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនមានចែងពីបទប្លន់នោះទេ។ 
 
មាត្រា៣៥៧ ចែងអំពីបទល្មើសលួចមានស្ថានទម្ងន់ទោសថា អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៣ឆ្នាំ ទៅ១០ឆ្នាំ ក្នុងករណីអំពីលួច ប្រព្រឹត្តមុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា និងក្នុងករណីអំពើលួច ប្រព្រឹត្តដោយការកាប់គាស់ទម្លុះទម្លាយ។ 
 
ក្នុងអំឡុងទសវត្សរ៍១៩៩០ បទល្មើសប្លន់ ធ្លាប់មានចែងក្នុងមាត្រា៣៤នៃក្រមព្រហ្មទណ្ឌ តែក្រោយពីកម្ពុជា ចាប់ផ្តើមប្រើក្រមព្រហ្មទណ្ឌថ្មី នៅឆ្នាំ២០០៧មក ពាក្យថា បទល្មើសប្លន់នេះ ក៏លែងមាន ដោយជំនួសមកវិញនូវពាក្យបទល្មើសលួចមានស្ថានទម្ងន់ទោស។ 
 
លោកមេធាវី សុក សំអឿន បកស្រាយក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ថា តាមពិត ពាក្យបទល្មើសប្លន់ ដែលធ្លាប់មាន និងពាក្យបទល្មើសលួចមានស្ថានទម្ងន់ទោស ដែលកំពុងប្រើ គឺមានអត្ថន័យដូចគ្នា ដោយគ្រាន់តែខុសពាក្យប៉ុណ្ណោះ ពោលគឺឈប់ប្រើពាក្យបទល្មើសប្លន់ ហើយត្រឡប់មកប្រើពាក្យបទល្មើសលួចមានស្ថានទម្ងន់ទោសវិញ។ លោក មានប្រសាសន៍ថា ភាគច្រើននៃក្រមព្រហ្មទណ្ឌកម្ពុជា ត្រូវបានចម្លងតាមក្រមព្រហ្មទណ្ឌបារាំង ដូច្នេះ ក្នុងក្រមព្រហ្មទណ្ឌបារាំង មិនប្រើពាក្យបទល្មើសប្លន់ទេ ហើយក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ក៏មិនប្រើពាក្យបទល្មើសប្លន់ដែរ។  
 
ក្រៅពីបទល្មើសលួចមានស្ថានទម្ងន់ទោស លោក វីលាម ហ្គ័ង និងកូនចៅ ត្រូវបានតំណាងអយ្យការ ចោទពីបទល្មើសមួយចំនួនទៀត រួមមាន បទសមគំនិត តាមមាត្រា២៩ បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា៤៩០ និង បទក្លែងបន្លំឯកសារសាធារណៈ តាមមាត្រា៦២៩ ក្នុងក្រមព្រហ្មទណ្ឌ។ 
 
មាត្រា២៩ ចែងថា អ្នកសមគំនិត ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។ មាត្រា៤៩០ ចែងថា ការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ។ មាត្រា៦២៩ ចែងថា ការក្លែងបន្លំឯកសារសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ 
 
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក វីលាម ហ្គ័ង និងកូនចៅ៤នាក់ទៀត បាននាំគ្នាទៅប្លន់ដល់ក្នុងភូមិគ្រឹះរបស់អ្នកស្រី អ៊ាន សៀវម៉ី។ ពេលទៅដល់មុខភូមិគ្រឹះរបស់អ្នកស្រី អ៊ាន សៀវម៉ី ឧក្រិដ្ឋជនម្នាក់ ក្នុងចំណោម៥នាក់ បានស្លៀកពាក់ឯកសណ្ឋានជាសមត្ថកិច្ច ជាមួយនឹងដីកាក្លែងក្លាយក្នុងដៃ ហើយប្រាប់ទៅសន្តិសុខ ដែលយាមនៅភូមិគ្រឹះរបស់អ្នកស្រី អ៊ាន សៀវម៉ី ថាខ្លួន ចុះមកអនុវត្តដីកាលើអ្នកស្រី អ៊ាន សៀវម៉ី តាមការបង្គាប់របស់តុលាការ។
 
ពេលមានមនុស្សក្នុងភូមិគ្រឹះរបស់អ្នកស្រី អ៊ាន សៀវម៉ី ចេញមករបងភូមិគ្រឹះ ដើម្បីពិនិត្យមើលដីកានោះ ក្រុមឧក្រិដ្ឋជន ក៏ចាប់ផ្តើមដកកាំភ្លើង និងធ្វើសកម្មភាពប្លន់តែម្តង។ ក្រុមឧក្រិដ្ឋជន បានប្លន់យកតែគ្រឿងអលង្ការ ដោយមិនបានប្លន់យកប្រាក់ឡើយ។
 
រហូតដល់យប់ម៉ោងជិត១១ ក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ដដែល កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលទៅដល់ផ្ទះជួលរបស់លោក វីលាម ហ្គ័ង ហើយបានចាប់លោក និងអ្នកពាក់ព័ន្ធមួយចំនួន។ ក្រោយការបញ្ចប់ការសាកសួរ កងរាជអាវុធហត្ថភ្នំពេញ បានបញ្ជូនសំណុំររឿងប្លន់នេះ ទៅស្ថានប័នអយ្យការអមតុលាការភ្នំពេញ ហើយក្រោយចោទប្រកាន់រួច តំណាយអយ្យការ ក៏បានបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បានចេញដីកាឃុំក្រុមឧក្រិដ្ឋជនទាំងនោះជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស៕ 

Tag:
 វីលាម ហ្គ័ង
  ករណីប្លន់
© រក្សាសិទ្ធិដោយ thmeythmey.com