អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata ចាប់​ផ្តើម​យុទ្ធនាការ​អក្ខរកម្មឌីជីថល ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជាឱ្យ​ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព និង​ទំនួលខុសត្រូវ
27, Dec 2021 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២១៖ ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បាន​ចាប់ផ្ដើម​យុទ្ធនាការ​អក្ខរកម្ម​ឌីជីថល​​​ ដែល​មាន​កម្មវិធី​ពិភាក្សា​​​​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​សៀវភៅណែនាំ ស្ដីពីអក្ខរកម្មឌីជីថល​ ​ ក្នុង​បំណងជួយ​​ឱ្យ​ប្រជាពលរដ្ឋ​​កម្ពុជា ​ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត​ប្រកប​ដោយ​​​សុវត្ថិភាព​​​ ក៏​ដូច​ជា​​ជួយ​សិស្សានុសិស្ស ​ឱ្យ​ចេះ​ប្រើ​ប្រាស់​​មុខងារ​​ឌីជីថល​ កាន់​តែ​ប្រសើរ​ក្នុង​ការ​រស់​នៅ​ប្រចាំ​​ថ្ងៃ និងការសិក្សារៀនសូត្ររបស់​​ពួកគេ​។ 


 
កម្មវិធី «​សុវត្ថិភាព​លើប្រព័ន្ធអ៊ីនធឺណិត និង​ការ​ការពារ​ក្មេងវ័យជំទង់​ក្នុងយុគ​សម័យ​ឌីជី​ថល» មានចាក់ផ្សាយ​​ភាគ​ទីមួយ និង​ភាគទីពីរ​លើ​ទំព័រហ្វេសប៊ុក Smart for Cambodia ​និង ទំព័រ​ហ្វេស​ប៊ុក Kit Kou Kon​​​​ ។ ភាគ​ទី៣ នឹង​ត្រូវ​ចាក់​ផ្សាយ​ក្នុង​​​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។​ 
 
កម្មវិធី​​​​​​កិច្ចពិភាក្សានេះត្រូវ​បាន​ផលិតឡើង​​ ដោយ​មាន​​ការ​គាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ (CBRD) គិតគូរកូន (Kit Kou Kon) អង្គការ​យូនីសេហ្វ​​កម្ពុជា និង​អង្គការ​មិន​មែនរដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ជា​ដៃគូ រួមទាំង​អង្គការសកម្មភាព​ដើម្បីកុមារ (APLE)  និង​អង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជា (ICS)។


 
កម្មវិធី​ពិភាក្សា​តាម​​អនឡាញ ​​​ដែល​មាន​ ៣​ភាគ​ ហើយ​​​ភាគ​នីមួយៗ មាន​រយៈពេល ២០នាទី​​នេះ​ ​បង្ហាញ​ពី​ឱកាស និង​ហានិភ័យ ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អ៊ីនធឺណិត​របស់​កុមារ និង​ក្មេង​វ័យ​ជំទង់​ ខណៈ​ក្រុម​អ្នក​ជំនាញ ​ក៏​បាន​ផ្ដល់​ការ​ណែនាំ​ស៊ីជម្រៅផង​ដែរ អំពីការចិញ្ចឹមកូន​ក្នុង​សម័យ​​​ឌីជីថល​ សម្រាប់​អាណាព្យាបាល​ និង​គន្លឹះ​​វិធីសាស្ដ្រ​ជួយ​ឱ្យ​ក្មេង     វ័យ​​ជំទង់​​​មាន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។


 
ក្រៅ​​ពី​ការ​អប់រំ ក៏មានកម្មវិធី​​កម្សាន្ដ ​​ដែល​ជាការ​សម្ដែង​សិល្បៈ​ផង​ដែរ​ ពី​សំណាក់​​​​សិល្បៈករ និងសិល្បៈការិនី​​ល្បី​​ឈ្មោះ ​រួមមានក្រុម​ក្មេង​ខ្មែរ និង​​កញ្ញា​ ចិត្ត​ កញ្ចនា។ 
លោក Feiruz Ikhwan នាយក​ប្រតិបត្ដិ​ស្តីទី​ របស់​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖«​ស្របពេលដែល​ប្រទេសកម្ពុជា ​កំពុង​សម្រេចគោលដៅ​សេដ្ឋកិច្ច​ឌីជីថល​របស់ខ្លួន ក្រុមហ៊ុន Smart ក៏កំពុងសហការ​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ការ​ប្រែក្លាយ​សង្គម តាមរយៈបច្ចេកវិទ្យា​ឌីជីថល​ និងគ្រឹះសម្រាប់​អក្ខរកម្ម​ឌីជីថល ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ គំនិត​ផ្ដួចផ្ដើម​នេះ ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​សិស្សានុសិស្ស​​ ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍ឌីជីថល​ផ្សេងៗ ដើម្បី​​ឆ្ពោះ​ទៅកាន់​របៀប​របប​រស់នៅ​បែបឌីជីថល ​កាន់តែ​ទំនើប​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​ ​ការងារ និង​ការសិក្សា​​​របស់​ពួក​គេ។ កម្មវិធី​ពិភាក្សា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ ​ក៏នឹង​ផ្ដល់​ការ​អប់រំ​ទៅកាន់មនុស្ស​កាន់តែ​​ច្រើនថែម​​ទៀត ​អំពី​វិធី​ដែល​ពួកគេ​អាច​ការពារ​ខ្លួនឯង​ និង​មនុស្ស​ជាទីស្រឡាញ់របស់ពួកគេ​ នៅពេល​ដែលពួកគេ​ប្រើប្រាស់​​​អ៊ីនធឺណិត​»។


 
ក្រុមហ៊ុន Smart និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​នឹង​បង្កើត “សៀវវភៅណែនាំ​​ស្តីពី​អក្ខរកម្ម​ឌីជីថល”ផងដែរ ដែល​​នឹងចែកចាយទៅកាន់សិស្សានុសិស្សទូទាំង​ប្រទេស ​ចាប់​ពីខែ​កុម្ភៈ​ ឆ្នាំ​ក្រោយ​ទៅ។ សៀវភៅ​មគ្គុទេសក៍ ដែលមាន​កម្រាសជាង៣០ទំព័រ​នេះ នឹងអប់រំ​សិស្សានុសិស្ស ​​អំពីរបៀប​ប្រើ​ប្រាស់​​អ៊ីនធឺណិត ​ប្រកបដោយ​ផលិតភាព ខណៈ​ដែល​ណែនាំ​ពួកគេ​អំពី​របៀប​ការពារ​ខ្លួន​ឯង​ផងដែរ។


 
អ្នកស្រី តាន់ សុដានី ប្រធាន​នាយកដ្ឋាន​គោលនយោបាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍បាន​ថ្លែង​ថា៖ «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះរួមទាំងប្រតិបត្តិករទូរគមនាគមន៍ដែរ។ ការបង្កើតឡើងនូវកម្មវិធីជជែកពិភាក្សា អំពីបញ្ហានេះ របស់ក្រុមហ៊ុនស្មាត អាស្យាតា  គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញពីការទទួលខុសត្រូវខ្ពស់ របស់ប្រតិបត្តិករទូរគមនាគមន៍ ក្នុងការគិតគូរពីសុវត្ថិភាពអ៊ីនធឺណិតដល់សាធារណជន និងអតិថិជនរបស់ខ្លួន»។


 
ក្រុមហ៊ុន Smart Axiata បានគាំទ្រយ៉ាងស្វាហាប់ ​ដល់ការសម្រេចគោលដៅ​ឌីជីថលរបស់កម្ពុជា ហើយ​ក្រុមហ៊ុន​បាន​ផ្តួច​ផ្តើម​កម្មវិធីអប់រំ​បច្ចេកវិទ្យាឌីជីថល​ជាច្រើន រួមមានដូចជា​កម្មវិធី SmartStart Young Innovator Program ដែលមានបំណង​ជំរុញ ផ្តល់លទ្ធភាព និង​ធ្វើឱ្យ​រីកចម្រើន​ គំនិត​អាជីវកម្ម​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា និង​កម្មវិធី SmartSpark ដែលជាកម្មវិធី​មួយ​ ​ណែនាំ​មធ្យោបាយសំខាន់ៗ ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​ធំៗ​បំផុត ​​​​​របស់​កម្ពុជា។


 
ក្នុងឆ្នាំ២០១៩ ក្រោមការ​សហការជាមួយ​ក្រុមហ៊ុន Google និងសមាគម GSMA ដែល​ជា​សមាគម​ពាណិជ្ជកម្ម​ពិភព​លោក ​សម្រាប់​ប្រតិបត្តិករ​បណ្តាញ​ចល័ត​​ ​ក្រុមហ៊ុន Smart បាន​បណ្តុះ​បណ្តាល​សិស្សានុសិស្ស​កម្ពុជា​ ជាង ១.៥០០​នាក់​​ នៅក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​ចំនួន​ពីរ ​អំពី​ព័ត៌មាន​ដែលមាន​ប្រយោជន៍​ ទាក់ទង​នឹង​អក្ខរកម្ម​ឌីជីថល និង​សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត។
សម្រាប់​ព័ត៌មានបន្ថែម ​អំពីកម្មវិធី និងសកម្មភាពទាក់ទងនឹងអក្ខរកម្មឌីជីថល ​របស់ក្រុមហ៊ុន Smart Axiata សូម​តាម​ដានទំព័រហ្វេសប៊ុក www.facebook.com/smartforcambodia ​​​ ឬ​ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh
វីដេអូ៖ 
Episode 1: 

 
Episode 2: 

 

Episode overview: 

 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com