អន្តរជាតិ
រុស្ស៊ី ប្រមូលទ័ពជាង១ម៉ឺននាក់ចូលបន្ទាយវិញ បន្ទាប់ពីធ្វើសមយុទ្ធក្បែរអ៊ុយក្រែន
27, Dec 2021 , 4:30 pm        
រូបភាព
យោធារុស្ស៊ី ដែលបានធ្វើសមយុទ្ធនៅពាក់កណ្តាលខែធ្នូ។ រូបភាព៖ AP
យោធារុស្ស៊ី ដែលបានធ្វើសមយុទ្ធនៅពាក់កណ្តាលខែធ្នូ។ រូបភាព៖ AP
យោធារុស្ស៊ី ជាង១ម៉ឺននាក់ បានបញ្ជូនមកមូលដ្ឋានយោធាវិញ បន្ទាប់ពីធ្វើសមយុទ្ធយោធាយ៉ាងយូរនៅក្បែរតំបន់ព្រំដែនភាគខាងកើតអ៊ុយក្រែន និងតំបន់ភាគខាងត្បូងរបស់ខ្លួន។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី២៥ ខែធ្នូ។ ការដកទ័ពនេះ ធ្វើឡើងបន្ទាប់ពីប្រទេសលោកខាងលិច និងរុស្ស៊ីឯកភាពរៀបចំកិច្ចចរចាលើបញ្ហាអ៊ុយក្រែននៅខែមករា ឆ្នាំ២០២២ ។

 
 
ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា កងកម្លាំងយោធាភូមិភាគខាងត្បូង បានធ្វើសមយុទ្ធនៅតំបន់ភាគខាងត្បូងនៃប្រទេស និងស្ថិតនៅតំបន់ព្រំដែនភាគខាងកើតអ៊ុយក្រែនដូចជា ក្រុង Rostov, ក្រុង Krasnodar និងតំបន់គ្រីមៀ ដែលរុស្ស៊ី គ្រប់គ្រងចាប់តាំងពីឆ្នាំ២០១៤ មក។ កងកម្លាំងដដែលនោះ បានបន្តធ្វើសមយុទ្ធយោធានៅក្នុងក្រុង Stavropol, ក្រុងAstrakhan, និងតំបន់ Caucasusថែមទៀត។ 
 
បន្ទាប់ពីសមយុទ្ធរយៈពេលយូរ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាឱ្យកងកម្លាំងយោធាភូមិភាគខាងត្បូងវិលត្រលប់មកមូលដ្ឋានយោធារបស់ខ្លួនវិញ ហើយកម្លាំងប្រចាំការក៏បានត្រៀមជាស្រេចសម្រាប់ថ្ងៃឈប់សម្រាក ក្នុងឱកាសឆ្នាំថ្មីផងដែរ។ ការប្រកាសដកទ័ពបែបនេះ ធ្វើឡើងបន្ទាប់ពីប្រទេសលោកខាងលិច និងរុស្ស៊ី បានឯកភាពរៀបចំកិច្ចចរចានៅដើមឆ្នាំ ២០២២ ខាងមុខ។ 
 
កន្លងមកអឺរ៉ុប បានប៉ាន់ប្រមាណថា រុស្ស៊ីបានបញ្ជូនយោធាមកក្បែរតំបន់ព្រំដែនភាគខាងកើតអ៊ុយក្រែនជាង ១០ម៉ឺននាក់។ បក្សសម្ព័ន្ធយោធាណាតូ បានលើកឡើងថា វាអាចមានលទ្ធផលនៃការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដូចក្នុងឆ្នាំ២០១៤។ យ៉ាងណាមិញ រុស្ស៊ី បានច្រានចោលការចោទប្រកាន់នោះ និងអះអាងថា រុស្ស៊ី អាចបញ្ជូនយោធារបស់ខ្លួន បានទៅគ្រប់កន្លែងនៅក្នុងប្រទេស ប្រសិនបើវាស្ថិតក្នុងកាលៈទេសៈសមស្រប។ 
 
ស្របពេលវិបត្តិអ៊ុយក្រែនមិនបានថមថយ ប្រទេសលោកខាងលិច និងរុស្ស៊ី រៀបចំជំនួបពិភាក្សាមួយនៅដើមឆ្នាំ២០២២។ មន្រ្តីជាន់ខ្ពស់អាម៉េរិក នាពេលកន្លងមក ធ្លាប់បានអះអាងថា ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការខិតទៅរកការចរចាតាមបែបទ្វេភាគី ឬពហុភាគីឱ្យបានកាន់តែឆាប់ត្រឹមដើមខែមករា ឆ្នាំ២០២២ ។
 
លោកវ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃទី២៣ ខែធ្នូកន្លងទៅ ក៏បានទូរសព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដោយភាគីទាំងពីរបានឯកភាពរៀបចំចរចាមន្រ្តីជាន់ខ្ពស់មួយនៅដើមខែមករាដែរ ដើម្បីជជែកពីវិបត្តិនៅអ៊ុយក្រែន។
 
សូមបញ្ជាក់ថា បើទោះកិច្ចចរចាត្រៀមរៀបចំនៅដើមឆ្នាំ២០២២ ក៏ដោយ លោកពូទីនបានអះអាងថា លោកនឹងមិនបោះបង់ចោលចំណាត់ការផ្សេងឡើយ ដើម្បីឆ្លើយតបនឹងការពង្រីកឥទ្ធិពលរបស់បក្សសម្ព័ន្ធយោធាណាតូមកក្នុងតំបន់អឺរ៉ុបខាងកើត និងសម្រេចបានកិច្ចចរចាបែបការទូត។ ចំណាត់ការទាំងនោះ គឺផ្អែកលើសំណើរបស់អ្នកជំនាញយោធារុស្ស៊ី៕

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com