អន្តរជាតិ
តុលាការមីយ៉ាន់ម៉ា កាត់ទោសតារាសម្ដែង Paing Takhon ឱ្យជាប់គុក ៣ឆ្នាំ
28, Dec 2021 , 1:47 pm        
រូបភាព
លោក Paing Takhon សិល្បករមីយ៉ាន់ម៉ា។ រូបភាព៖ State Crime Watch
លោក Paing Takhon សិល្បករមីយ៉ាន់ម៉ា។ រូបភាព៖ State Crime Watch
សិល្បករមីយ៉ាន់ម៉ាដ៏ល្បី Paing Takhon ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។ លោក Paing Takhon ជាបុគ្គលមួយរូប ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់របបសឹកមីយ៉ាម៉ា បន្ទាប់ពីលោកតែងចេញមុខជាញឹកញាប់លើបណ្តាញសង្គម និងទីសាធារណ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធានៅដើមខែកុម្ភៈ កន្លងមក។



បន្ទាប់ពីរដ្ឋប្រហារយោធា លោក Paing Takhon គឺជាសិល្បករដ៏ល្បីមួយរូបរបស់មីយ៉ាន់ម៉ា ដែលបានចូលរួមយ៉ាងសកម្មក្នុងបាតុកម្មនាពេលកន្លងមក។ សកម្មភាពរបស់លោក ក៏ត្រូវបានផុសលើបណ្តាញសង្គម Instagram ផងដែរ ដើម្បីប្រឆាំងរដ្ឋប្រហារយោធា ក៏ដូចជារៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញ។ នៅក្នុងខែមេសា តារាសម្តែង, ច្រៀង​ និងតារាបង្ហាញម៉ូតរូបនេះ ត្រូវបានរបបសឹកមីយ៉ាន់ម៉ាចាប់ខ្លួន នៅក្នុងទីក្រុងយ៉ាំងហ្គោន។

បន្ទាប់ពីបាត់មុខមួយរយៈ តុលាការមីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែធ្នូ បានកាត់ទោសសិល្បកររូបនេះឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ជាមួយនឹងការងារធ្ងន់។ «ក្រុមគ្រួសាររបស់លោក មានការពិបាកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់តុលាការ»។ លោក Khin Maung ទីប្រឹក្សាផ្នែកច្បាប់របស់លោក Paing Takhon ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ មុននឹងបន្ថែមថា ក្រុមគ្រួសារនឹងពិចារណាដាក់ពាក្យបណ្តឹងជំទាស់ទៅតុលាការឧទ្ធរណ៍។

លោក Paing Takhon មានអ្នកតាមដានរូបលោកលើបណ្តាញសង្គម Facebook និងInstagram មានប្រមាណ ១លានគណនី។ លោកមិនត្រឹមតែជាសិល្បករដ៏ល្បីនៅមីយ៉ាន់ម៉ា ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោក ក៏រីកសាយដល់ប្រទេសថៃ តាមរយៈការថតពាណិជ្ជកម្ម ការបង្ហាញម៉ូតផ្សេងៗ។

សូមបញ្ជាក់ថា បន្ទាប់ពីរដ្ឋប្រហារយោធា ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ បានចេញមកបាតុកម្មប្រឆាំងនឹងរបបសឹកឱ្យរៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញ និងដោះលែងអ្នកនយោបាយ។ មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន ខណៈមនុស្សច្រើនជាង ១០០០នាក់ផ្សេងទៀត ត្រូវបានបាញ់សម្លាប់៕

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
  Paing Takhon
© រក្សាសិទ្ធិដោយ thmeythmey.com