អន្តរជាតិ
រុស្ស៊ី នឹងជួបក្រុមប្រទេសលោកខាងលិចលើបញ្ហាអ៊ុយក្រែននៅដើមខែមករាឆ្នាំក្រោយ
28, Dec 2021 , 7:29 pm        
រូបភាព
ទង់ជាតិអាម៉េរិក និងទង់ជាតិរុស្ស៊ី។ រូបភាព៖ Reuters
ទង់ជាតិអាម៉េរិក និងទង់ជាតិរុស្ស៊ី។ រូបភាព៖ Reuters
មន្រ្តីអាម៉េរិក និងរុស្ស៊ី នឹងរៀបចំកិច្ចចរចាសន្តិសុខ​ នៅថ្ងៃទី១០ ខែមករា ខាងមុខ ខណៈពេលប្រទេសទាំងពីរ កំពុងប្រឈមមុខដាក់គ្នា លើបញ្ហាអ៊ុយក្រែន។ មន្ត្រីរដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៧ ខែធ្នូ។ រុស្ស៊ី នឹងរៀបចំជំនួបជាមួយបក្សសម្ព័ន្ធយោធាណាតូ និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន នៅថ្ងៃបន្តបន្ទាប់ផងដែរ។

 
 
វិបត្តិអ៊ុយក្រែន មួយរយៈចុងក្រោយនេះ ហាក់មានភាពធូរស្រាលបន្តិច បន្ទាប់ពីរុស្ស៊ី បានដាក់សំណើសុំចរចាជាមួយប្រទេសលោកខាងលិច។ ការចរចាលើវិបត្តិអ៊ុយក្រែន គឺជាជំហានមួយដ៏សំខាន់ ដែលអាចឱ្យរុស្ស៊ីដកទ័ពចេញពីតំបន់ក្បែរព្រំដែនអ៊ុយក្រែន ក៏ដូចជាបន្ធូរភាពតានតឹងនៅក្នុងតំបន់។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន មន្រ្តីអាម៉េរិក និងរុស្ស៊ី នឹងរៀបចំកិច្ចពិភាក្សាសន្តិសុខនៅថ្ងៃទី១០ ខែមករា។ ទាំងអាម៉េរិក ទាំងរុស្ស៊ី នឹងប្រើវេទិកានេះដើម្បីផ្លាស់ប្ដូរយោបល់។
 
«នៅពេលយើងពិភាក្សា រុស្ស៊ីអាចលើកឡើងពីក្តីបារម្ភរបស់ខ្លួន ហើយយើងក៏អាចបញ្ជាក់ពីក្តីបារម្ភប្រាប់រុស្ស៊ីវិញដែរ»។ មន្រ្តីអាម៉េរិក បានលើកឡើងបែបនេះ ដោយបន្ថែមថា គ្មានសេចក្តីសម្រេចណាមួយអំពីអ៊ុយក្រែន អាចធ្វើឡើងដោយគ្មានអ៊ុយក្រែនបានទេ។ 
 
ទន្ទឹមនេះ អ្នកនាំពាក្យដដែល បានបន្តថា វាអាចនឹងមានបញ្ហាផ្សេងៗ ដែលរុស្ស៊ី និងអាម៉េរិក អាចឯកភាពគ្នា និងបញ្ហាមួយចំនួនទៀត ដែលភាគីទាំងពីរ មិនអាចឯកភាពគ្នា។ បន្តពីអាម៉េរិក ជំនួបរុស្ស៊ី និងបក្សសម្ព័ន្ធយោធាណាតូ ទំនងជាធ្វើឡើងនៅថ្ងៃទី១២ ខែមករា ខណៈពេលប្រទេសតំបន់អឺរ៉ុបមួយចំនួន រួមទាំងអាម៉េរិក និងរុស្ស៊ី អាចធ្វើឡើងនៅថ្ងៃទី១៣ ខែមករា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី ២៧ ខែធ្នូ បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ស្តីពីថវិកាការពារជាតិប្រមាណ ៧៧០ពាន់លានដុល្លារ។ ក្នុងនោះ អាម៉េរិក នឹងផ្តល់៣០០លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមគាំទ្រកងកម្លាំងអ៊ុយក្រែន និងថវិកា ៤ពាន់លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមការពារអឺរ៉ុប៕ 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com