ជាតិ
ប្រាក់បៀវត្សប្រចាំឆ្នាំ២០២២ របស់ប្រធានាធិបតីកូរ៉េខាងត្បូង ឡើងដល់ជាង២០ម៉ឺនដុល្លារ
28, Dec 2021 , 8:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន។ រូបភាព៖ Facebook-문재인
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន។ រូបភាព៖ Facebook-문재인
ប្រាក់បៀវត្សប្រចាំឆ្នាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នឹងត្រូវបានដំឡើងដល់ ២០២៨១៥ដុល្លារ សម្រាប់ឆ្នាំ២០២២។ ចំណែកប្រាក់បៀវត្សនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំផ្សេងទៀតរបស់កូរ៉េខាងត្បូង ក៏ត្រូវបានដំឡើងផងដែរ។ បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង ចំនួនប្រាក់ប្រៀវត្ស ដែលត្រូវបានដំឡើងនេះ នឹងបរិច្ចាគទៅប្រជាជន ដែលកំពុងរងគ្រោះជំងឺកូវីដ-១៩ វិញ។

 
តាមផែនការប្រចាំឆ្នាំ កូរ៉េខាងត្បូង នឹងដំឡើងប្រាក់បៀវត្សសម្រាប់មន្រ្តីរដ្ឋ១,៤ភាគរយ នៅក្នុងឆ្នាំ២០២២។ ការដំឡើងប្រាក់បៀវត្សនេះ ក៏ត្រូវបានអនុវត្តចំពោះលោកប្រធានាធិបតី មូន ចេអ៊ីន ដែលនឹងបញ្ចប់អាណត្តិនៅក្នុងខែឧសភាខាងមុខផងដែរ។ ប្រាក់ប្រៀវត្សប្រចាំឆ្នាំរបស់លោកប្រធានាធិបតី នឹងត្រូវបានដំឡើងដល់២០២៨១៥ដុល្លារ។ 
 
ក្រៅពីប្រធានាធិបតី ប្រាក់បៀវត្សប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងផ្សេងទៀត ក៏ត្រូវបានដំឡើងផងដែរ។ ប្រាក់បៀវត្សនាយករដ្ឋមន្រ្តី នឹងត្រូវបានដំឡើងដល់ជាង១៥ម៉ឺនដុល្លារ, ឧបនាយករដ្ឋមន្រ្តី នឹងទទួលបានជិត១២ម៉ឺនដុល្លារ, និងរដ្ឋមន្រ្តី ទទួលបានជាង១១ម៉ឺនដុល្លារ។ 
 
បើទោះមានការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំក៏ដោយ រដ្ឋាភិបាលកូរ៉េខាងត្បូង បានអះអាងថា ថ្នាក់ដឹកនាំ នឹងបរិច្ចាគចំនួនប្រាក់ប្រៀវត្ស ដែលត្រូវបានដំឡើងសម្រាប់ឆ្នាំ ២០២២ ដល់ប្រជាជនរងគ្រោះដោយសារជំងឺកូវីដ-១៩ ។ ម្យ៉ាងការបរិច្ចាគនេះ ក៏ជួយសម្រួលបន្ទុករបស់ប្រជាជនក្រីក្រីដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ចាប់ពីឆ្នាំ២០១៧ មក កូរ៉េខាងត្បូង បានដំឡើងប្រាក់ប្រៀវត្សសម្រាប់បុគ្គលិករដ្ឋជាបន្តបន្ទាប់។ នៅនៅក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលបានដំឡើង ៣,៥ភាគរយ, នៅឆ្នាំ២០១៨ បង្កើន ២,៦ភាគរយ, នៅឆ្នាំ២០១៩ ដំឡើង ១,៨ភាគរយ, នៅក្នុងឆ្នាំ២០២០ បន្ថែម ២,៨ភាគរយ និងនៅឆ្នាំ២០២១ បានផ្តល់ ០,៩ភាគរយ ទៀត។ 
 
ទន្ទឹមនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានសម្រេចដំឡើងប្រាក់ប្រៀវត្សសម្រាប់ទាហាន និងបុគ្គលិកសុខាភិបាលផងដែរ៕

Tag:
 កូរ៉េខាងត្បូង
  ប្រាក់បៀវត្ស
© រក្សាសិទ្ធិដោយ thmeythmey.com