អន្តរជាតិ
ប៉េកាំង រិះគន់អាម៉េរិកមិនអើពើសកម្មភាពរបស់ផ្កាយរណបសេដ្ឋី​ Elon Musk ដែលហោះប៊ិះប៉ះស្ថានីយ៍ចិន
29, Dec 2021 , 3:09 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិននៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិននៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ រូបភាព៖ ក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី២៨ ខែធ្នូ បានចោទអាម៉េរិក មិនអើពើនឹងកាតព្វកិច្ចរបស់ខ្លួន ដែលមានចែងក្នុងសន្ធិសញ្ញាអវកាសអន្តរជាតិ។ ការចោទនេះធ្វើឡើងក្រោយមានហេតុការណ៍នៅទីលំហពេលដែលយានរបស់មហាសេដ្ឋី Elon Musk ហោះទៅកៀកស្ថានីយ៍អវកាសចិន។ បើតាមប៉េកាំង សកម្មភាពបែបនេះ អាចធ្វើឱ្យអវកាសយានិកចិន ស្ថិតក្នុងសភាពគ្រោះថ្នាក់។

 
 
នៅសន្និសីទសារព័ត៌មានក្នុងថ្ងៃទី២៨ ខែធ្ន  អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានលើកឡើងថា ផ្កាយរណបពីគម្រោងផ្តល់សេវាអ៊ីនធឺណិត Starlink របស់ក្រុមហ៊ុន SpaceX ដែលជារបស់មហាសេដ្ឋី Elon Musk បានហោះទៅកៀក និងអាចធ្វើឱ្យប៉ះទង្គិចជាមួយស្ថានីយអវកាសចិនចំនួន២លើក នៅក្នុងឆ្នាំ២០២១ នេះ។ 
 
តាមឯកសារដែលចិនដាក់ទៅការិយាល័យទទួលបន្ទុកកិច្ចការអវកាសរបស់អង្គការសហប្រជាជាតិនៅដើមខែធ្នូ ហេតុការណ៍លើកទី១ បានកើតឡើងនៅខែកក្កដា និងលើកទី២ នៅខែតុលា កន្លងទៅ។ លោក Zhao បានបន្តថា ដើម្បីបញ្ចៀសឧបទ្ទវហេតុដ៏អាក្រក់កើតឡើង អាកាសយានិកចិន បានចាត់វិធានការដ៏សំខានមួយ។ 
 
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានលើកឡើងពីសន្ធិសញ្ញាអវកាសអន្តរជាតិផងដែរ ដោយមានចែងពីការការពារអាកាសយានិក, ការជូនដំណឹងមួយចំនួនទៅរដ្ឋផ្សេងទៀតពីហេតុការណ៍ផ្សេងៗ និងការទទួលខុសត្រូវសម្រាប់សកម្មភាពរបស់ប្រទេស ដែលដឹកនាំដោយក្រុមហ៊ុនឯកជនរបស់ខ្លួន។ 
 
បើតាមលោក Zhao អាម៉េរិក តែងអះអាងថា ខ្លួនគាំទ្រសកម្មភាពប្រកបដោយការទទួលខុសត្រូវនៅក្នុងលំហអាកាស ប៉ុន្តែមិនបានគោរពកាតព្វកិច្ចរបស់ខ្លួន និងអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពអវកាសយានិកថែមទៀត។ 
 
«នេះជាការអនុវត្តស្តង់ដារពីរ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ មុននឹងជំរុញឱ្យអាម៉េរិក គោរពសណ្តាប់ធ្នាប់អវកាសអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ, ចាត់វិធានការបង្ការឧបទ្ទវហេតុផ្សេងៗ និងការពារអាកាសយានិក។ 
 
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយ ចិនបានអភិវឌ្ឍសមត្ថភាពផ្កាយរណបរបស់ខ្លួនយ៉ាងខ្លាំង។ នាពេលថ្មីៗនេះ ចិន បានបញ្ជូនអវកាសយាននិកជនជាតិចិនប្រមាណ ៥ ឬ៦រូប ទៅទីលំហដើម្បីបន្តសាងសង់ស្ថានីយអវកាសរបស់ខ្លួនផ្ទាល់ ដឹកនាំការពិសោធន៍មួយចំនួន និងស្វែងរកព័ត៌មានផ្សេងៗ ៕ 

Tag:
 ចិន
  អាម៉េរិក
  អវកាស
© រក្សាសិទ្ធិដោយ thmeythmey.com