ជាតិ
សង្គមជាតិ
សម្តេច ស ខេង៖«ការធ្វើទារុណកម្មសួរចម្លើយ កម្ពុជា លុបបំបាត់បាន១០០ភាគហើយ»
29, Dec 2021 , 4:16 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង
ដោយ: ថ្មីៗ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អះអាងថា បច្ចុប្បន្ននេះ កម្ពុជា លុបបំបាត់បាន១០០ភាគរយនូវការធ្វើទារុណកម្ម ដើម្បីបង្ខំឲ្យជនសង្ស័យ ឬជនល្មើសផ្តល់ចម្លើយ។ ការអះអាងរបស់សម្តេច ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។



សម្តេច ស ខេង ថ្លែងដូច្នេះថា៖«ឥឡូវនេះ យើង លុបបំបាត់១០០ភាគរយហើយ។ ការសួរចម្លើយ ដោយការធ្វើទារុណកម្ម អត់បានទេ។...មិនអាចវាយសួរចម្លើយទេ ខុសច្បាប់ គឺត្រូវតែឲ្យគេ ឆ្លើយសារភាពដោយស្មោះស្ម័គ្រ»។ 
 
តាមរយៈការក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្រ្តី ព្រះមហាក្សត្រ ទ្រង់បានចេញព្រះរាជក្រឹត្យកាលពីឆ្នាំ២០១៧ ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ សម្តេច ស ខេង មានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការនេះ គឺធ្វើទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិ។ 
 
សម្តេចឧបនាយករដ្ឋមន្រ្តី បន្តថា មិនត្រឹមតែមិនអាចវាយជនសង្ស័យ ក្នុងការសួរចម្លើយនោះទេ ទោះបីជាអ្នកដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក៏មិនអាចត្រូវបានរំលោភបំពានដែរ។ សម្តេច បន្ថែមថា អ្នកជាប់ឃុំ ថ្វីដ្បិតតែបាត់បង់សិទ្ធិសេរីភាពក្នុងការដើរហើរ តែសិទ្ធិផ្សេងៗទៀតរបស់ពួកគេ នៅតែមានដដែល ដូចជាការហូបចុក ការហាត់ប្រាណ ការថែទាំសុខភាព ការទាក់ទងជាមួយគ្រួសារ ការរៀនសូត្រ និងការដឹងព័ត៌មានជាអាទិ៍។ 
 
រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាក់បែបនេះថា៖«យើងមិនអាចទៅរំលោភបំពាន ធ្វើទារុណកម្ម ឬក៏ទៅរំលោភសេពសន្ថវៈក្នុងនុ៎ង ដោយរំលោភលើស្រ្តី អាហ្នឹងអត់បានទេ ខុសធ្ងន់ធ្ងរណាស់»៕ 

Tag:
 ស ខេង
  ធ្វើទារុណកម្មសួរចម្លើយ
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com