ជាតិ
សង្គមជាតិ
យុវជនខ្មែរមួយចំនួន នៅខ្វះការយល់ដឹង ក្នុងការប្រើប្រាស់បណ្តាញសង្គមឱ្យមានសុវត្ថិភាព
30, Dec 2021 , 8:59 am        
រូបភាព
ដោយ៖ ស៊ូ សុគន្ធា
 
ភ្នំពេញ៖ ប្រព័ន្ធទំនាក់ទំនងសង្គម ដូចជា Facebook TikTok Instagram និង Telegram ​ជាដើម កំពុងទទួលបានការប្រើប្រាស់យ៉ាងពេញនិយមពីសំណាក់ពលរដ្ឋខ្មែរ ជាពិសេសពីក្រុមយុវជនតែម្តង។ ដ្បិតថា យុវជនខ្មែរហាក់ស្គាល់ច្រើននូវប្រព័ន្ធទំនាក់ទំនងទាំងនេះ ប៉ុន្តែចំណេះដឹងរបស់ពួកគេនៅមានកម្រិតក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមនានា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងសហគមន៍។

 
ព័ត៌មានក្លែងក្លាយឬព័ត៌មានភូតកំហុសតែងតែត្រូវបានបង្ហាញឡើងជារឿយៗ ក្នុងប្រព័ន្ធទំនាក់ទំនងសង្គមនានា ដូចជា Facebook និង TikTok ជាដើម ដែលជាហេតុធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួន​ ជាពិសេសយុវជន បានក្លាយជារងគ្រោះដោយសារបណ្តាញទំនាក់ទំនងសង្គមទាំងនេះ។ សម្រាប់ កញ្ញា សឿង ស្រីពេជ្រ និស្សិតឆ្នាំទី២ សិក្សាលើជំនាញគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានយកការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសព្វថ្ងៃ ដើម្បីសិក្សា និងស្រាវជ្រាវ។ 
 
ស្រីពេជ្រ ធ្លាប់ឃើញព័ត៌មាននិងដំណឹងក្លែងក្លាយជាច្រើននៅលើហ្វេសប៊ុក និងនៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សាមួយចំនួនផងដែរ។  ជាមួយគ្នានេះ យុវតី ម៉ុក សំណាងដារិយា ជាសិស្សថ្នាក់ទី១២នៅវិទ្យាល័យទួលទំពូង ធ្លាប់ទទួលបានព័ត៌មានមិនពិតពីការចែករំលែកតៗគ្នា (share) តាមរយៈហ្វេសប៊ុក ឬឆាត (Messenger) ផងដែរ។ 
 
យុវតីរូបនេះបាននិយាយថា៖«ពេលខ្លះខ្ញុំ [ឃើញគេផ្សាយឬផុសព័ត៌មានមិនពិត] ខ្ញុំចូល Comment ឬ report ចោល»។  បើតាមសំណាងដារិយា បណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន បានដើរតួយ៉ាងសំខាន់សម្រាប់ទំនាក់ទំនង ប៉ុន្តែនៅក្នុងនោះក៏ឃើញមានបញ្ហាច្រើនដែរ ដូចជា បញ្ហាកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ, ការចាប់ជំរិត, ការគំរាមកំហែង និង ការបោកប្រាស់យកលុយកាកផ្សេងៗ។ 
 
របាយការណ៍របស់អង្គការយូណេស្កូ (UNESCO) ដែលមានចំណងជើងថា Media and Information Literacy (MIL) បានបង្ហាញថា ការយល់ដឹងពីអក្ខរកម្មឬចំណេះដឹងលើប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ធ្វើឱ្យបុគ្គលម្នាក់ដឹងថាធ្វើយ៉ាងដើម្បីទទួលបានមាតិកាពិត និងត្រឹមត្រូវ។ លើសពីនេះ ការមានចំណេះដឹងលើ​ប្រព័ន្ធទំនាក់ទំនងសង្គម គឺធ្វើឱ្យបុគ្គលម្នាក់ដឹងថា អ្វីជាសិទ្ធិរបស់អ្នកប្រើប្រាស់នៅលើអ៊ីនធឺណិតប្រកបដោយ​ក្រមសីលធម៌​ជុំវិញ​ការ​ចូល​ប្រើប្រាស់និងការចូលរួម ដើម្បីលើកកម្ពស់សមភាព សន្តិភាព សេរីភាពនៃការបញ្ចេញមតិ, ការឆ្លើយតបដោយឆ្លាតវៃ និង ដឹងពីសិទ្ធិទទួលបានព័ត៌មាន។
 
កញ្ញា កែវ គូនីឡា សហស្ថាបនិក និងជាដៃគូគ្រប់គ្រងនៃ Mekhala Radiant Communications បានមាននិយាយដូច្នេះថា៖​«ខ្ញុំគិតថា មានការយល់ដឹងកាន់តែច្រើនឡើងចំពោះអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅកម្ពុជា ដោយសារក្រុម និងអង្គការកាន់តែច្រើនបានមើលឃើញពីសារៈសំខាន់ក្នុងការអប់រំសាធារណៈ និងបុគ្គលលើបញ្ហាទាំងនេះ»។ 

 កញ្ញា កែវ គូនីឡា សហស្ថាបនិក និងជាដៃគូគ្រប់គ្រងនៃ Mekhala Radiant Communications 

កញ្ញា គូនីឡា បន្តថា នៅកម្ពុជាបច្ចុប្បន្ន មិនមែនតែយុវជនទេដែលនៅមានកម្រិតក្នុងការយល់ដឹងអំពី អក្ខរកម្មឬចំណេះដឹងលើប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន។ កញ្ញា បន្ថែមថា ដូច្នេះ៖ «វា ពឹងផ្អែកលើពួកគាត់ ក្នុងការអប់រំខ្លួនឯង ក៏ដូចជាអង្គការ ឬសាលា ឬក្រុមហ៊ុន ពីសារៈសំខាន់នៃ MIL សម្រាប់ការអភិវឌ្ឍខ្លួន និងវិជ្ជាជីវៈរបស់យុវជន»។​
 
យុវជនកម្ពុជា មានសកម្មច្រើនក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។  នេះជាកត់សម្គាល់របស់លោក ស ច័ន្ទដារ៉ា អ្នកសម្របសម្រួលរបស់អង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់នៅកម្ពុជា (DW Akademie)។ លោកបានលើកឡើងថា យុវជនដែលរស់នៅជនបទឬតំបន់ដាច់ស្រយាល គឺងាយរងគ្រោះពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទៅលើឯកភាព និងសុវត្ថិភាព ច្រើនជាង​យុវជនដែលរស់នៅរាជធានី ឬទីក្រុង។  លោក មានប្រសាសន៍ដូច្នេះថា៖«ការយល់ដឹងរបស់ពួកគាត់ ក្នុងការបង្កើតគណនីនិងការងារនោះ គឹមានកម្រិតនៅឡើយ»។
 
ដើម្បីឱ្យយុវជន យល់ដឹងកាន់តែច្រើនពីការប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រសិទ្ធភាពនោះ  លោក ច័ន្ទដារ៉ា បានធ្វើការជាមួយ DW Akademie ក្នុងការផ្សព្វផ្សាយនូវអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានដល់យុវជនកម្ពុជា តាមរយៈការផ្តល់កម្មវិធីសិក្សា វគ្គបណ្តុះបណ្តាលនានា និងការកសាងសមត្ថភាពទៅសាលារៀននៅជនបទនិងទីក្រុង ជាដើម។ 
  
 អ្នកនាង កាន់ វិច្ឆិកា ជាអ្នកបណ្តុះបណ្តាលផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅ DW​ Akademie
 
អ្នកនាង កាន់ វិច្ឆិកា ជាអ្នកបណ្តុះបណ្តាលផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅ DW​ Akademie យល់ឃើញថា យុវជនតាមខេត្តភាគច្រើនមានការយល់ដឹងពីអក្ខរកម្មឬចំណេះដឹងលើប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ក្នុងកម្រិតទាបជាងយុវជនដែលរស់នៅទីក្រុង។ អ្នកនាង បន្តថា គណនីឬទំព័រ Facebook មួយចំនួនត្រូវបានគេប្រើប្រាស់នៅក្នុងន័យអវិជ្ជមាន ដូចជា ការឆបោក ការគំរាមគំហែង និងបញ្ហាដទៃទៀត ដែលទាមទារឱ្យយុវជន ជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវយល់ដឹងពីអក្ខរកម្មឬចំណេះដឹងលើប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ដើម្បីដោះស្រាយ​បញ្ហាទាំងនោះ។​
 
អ្នកនាង បាននិយាយដូច្នេះថា៖«បើសិនជាពួកគាត់ អត់ដឹងឬអត់យល់ពីការបញ្ចេញមតិដោយភាពត្រឹមឬសុវត្ថិភាព គឺពួកគាត់អាចប្រឈមជាមួយនឹងបញ្ហាជាច្រើន។  យុវជនអាចប៉ះពាល់នូវតម្លៃខ្លួនឯង ការសិក្សា ការងារ កិត្តិយស សុវត្ថិភាព  និងពេលវេលា»។ កញ្ញា បានបន្ថែមថា បច្ចុប្បន្ន ការផ្សព្វផ្សាយរបស់អង្គការជំនាញ និងសាលារៀនមួយចំនួននៅលើបណ្តាញសង្គមក្នុងការអប់រំយុវជនពីចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន គឺមិនទាន់គ្រប់គ្រាន់ឡើយ។​  
 
អ្នកនាង កាន់ វិច្ឆិកា បានអះអាងថា៖«មានតែការអប់រំប្រជាពលរដ្ឋ និងប្រឹងផ្សព្វផ្សាយឱ្យបានច្រើនពាក់ព័ន្ធចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ដោយមានប្រើប្រាស់ដោយការទទួលខុសត្រូវ ថាអ្វីជាព័ត៌មានពិត អ្វីជាព័ត៌មានមិនពិត ហើយការបញ្ចេញមតិលើបណ្តាញសង្គមជាដើម ឬអ៊ីនធឺណិតហ្នឹង ធ្វើរបៀបណាឱ្យវាមានសុវត្ថិភាពចំពោះខ្លួនឯង និងសហគមន៍»៕

Tag:
 អប់រំ​
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com