ជាតិ
សង្គមជាតិ
បទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំផ្ទួនៗគ្នា៖ ជាង២តោន, ៣៤៧គីឡូក្រាម, ១៦៧គីឡូក្រាម, ១៦៦គីឡូក្រាម
30, Dec 2021 , 1:49 pm        
រូបភាព
ជនល្មើស៨នាក់ ក្នុងចំណោម៩នាក់ លួចនាំចូលគ្រឿងញៀន៣៤៧គីឡូក្រាម ហើយត្រូវសមត្ថកិច្ចកម្ពុជា ចាប់បានកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
ជនល្មើស៨នាក់ ក្នុងចំណោម៩នាក់ លួចនាំចូលគ្រឿងញៀន៣៤៧គីឡូក្រាម ហើយត្រូវសមត្ថកិច្ចកម្ពុជា ចាប់បានកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
ជិតដំណាច់ឆ្នាំ២០២១នេះ មានឧក្រិដ្ឋជនបរទេស លួចប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងទម្រង់ទ្រង់ទ្រាយធំជាបន្តបន្ទាប់គ្នានៅលើទឹកដីកម្ពុជា ដូចជា លួចផលិត លួចជួញដូរ លួចនាំចូល និង លួចនាំឆ្លងកាត់ទៅប្រទេសទី៣ ជាដើម។ សមត្ថកិច្ចកម្ពុជា បង្ក្រាបបានបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ១រួចហើយ បទល្មើសគ្រឿងញៀងទ្រង់ទ្រាយធំ១ផ្សេងទៀត ក៏លេចចេញមក ហើយសមត្ថកិច្ចកម្ពុជា ក៏ចាប់ផ្តើមបន្តបង្ក្រាប ដោយការបង្ក្រាបនេះ ស្ទើរតែមិនចេះចប់។



នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ១បន្ថែមទៀត នៅរាជធានីភ្នពេញ ដោយចាប់បានក្រុមជនល្មើសមានគ្នា៩នាក់ និងរឹបអូសគ្រឿងញៀន៣៤៧គីឡូក្រាមពីពួកគេ។ សមត្ថកិច្ច ពុំបានបញ្ជាក់ឡើយថា ជនល្មើសជាជនជាតិអ្វី តែតាមរយៈឈ្មោះ ពួកគេ ប្រហែលជាជនជាតិចិន ហើយការបង្ក្រាបពួកគេ ក៏មានកិច្ចសហការពីសមត្ថកិច្ចចិនផងដែរ។

អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយដូច្នេះថា៖«ករណី​នេះ ​ផ្ដើម​ចេញពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​ចិន​។​ សមត្ថកិច្ច​កម្ពុជា​ ទទួល​បាន​ព័ត៌មាន​ជំនាញ​ហើយ​ បាន​បើក​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​៤​ខែ​ ទើប​ឈាន​ទៅ​បង្ក្រាប។ ​ព្រម​គ្នា​នេះ​ សមត្ថកិច្ច​ចិន​ ក៏​បាន​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ពាក់ព័ន្ធ​ នៅ​ឯ​ប្រទេស​ចិន​ផង​ដែរ​»។​

អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា មុនត្រូវបានបង្រ្កាប ក្រុម​ជនល្មើស លួច​ច្រក​គ្រឿងញៀនទាំងនោះ ដោយ​បម្រុងនឹង​បញ្ជូន​តាម​ផ្លូវ​សមុទ្រ​ទៅ​ប្រទេស​ទី​៣​។​ ជនល្មើសទាំង៩នាក់នោះ ជាបុរសទាំងអស់។ ពួកគេ គឺ ​ឈ្មោះ​ Huang​ Rui​ Ming​ (​មេ​ក្លោ​ង​),​ ​ឈ្មោះ​ Li​ Yi​ Nan,​ ឈ្មោះ​ Sun​ Liang​, ឈ្មោះ​ Sun​ Hai​ Tao​, ឈ្មោះ​ Liu​ Wei​ Cheng,​ ​ឈ្មោះ​ Chen​ Zhi​ Quan,​ ​ឈ្មោះ​ Wang​ Lei​, ​ឈ្មោះ​ Wang​ Yue​, និង ឈ្មោះ​ Zhu​ Xiao​ Fei​។ ​

ក្រៅពីគ្រឿងញៀនទាំង៣៤៧គីឡូក្រាម សមត្ថកិច្ច បានចាប់​យកទ្រព្យសម្បត្តិមួយចំនួនទៀតពីជនល្មើស រួមមាន រថយន្ត​១​គ្រឿង​ ម៉ាកតូយ៉ូតា អាល់ហ្វាត (TOYOTA​  ALPHARD)​ ម៉ូតូ១​គ្រឿង​ម៉ាក​ហុងដា (HONDA​ PCX) ​ទូរស័ព្ទ​ដៃ១០​គ្រឿង​ និង​ប្រាក់​៣០០​ដុល្លារ។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បច្ចុប្បន្ន ជនល្មើសទាំង៩នាក់ ត្រូវកម្លាំង​ជំនាញ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការភ្នំពេញ​ ដើម្បីចាត់ការ​តាម​នីតិវិធីបន្ត។

នៅមានករណីបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ៣ទៀត ដែលសមត្ថកិច្ចកម្ពុជា បង្ក្រាបបាននៅចុងឆ្នាំ២០២១នេះ។

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជាច្រើនផ្នែក បានសហការគ្នាចុះប្រតិបត្តិការបង្ក្រាបករណីលួចផលិតគ្រឿងញៀនក្នុងរោងចក្រ១ នៅខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការនេះ សមត្ថកិច្ច រកឃើញគ្រឿងញៀនដល់ទៅជាង២តោន (២២៣៧គីឡូក្រាម) និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនដល់ទៅជាង៨៤តោន ហើយចាប់បានជនល្មើសជាជនជាតិចិនជាង១០នាក់។ វា ជាបទល្មើសគ្រឿងញៀនធំជាងគេ ដែលមិនធ្លាប់មានលើទឹកដីកម្ពុជា។ សមត្ថកិច្ចកម្ពុជា បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជន លួចផលិតគ្រឿងញៀននេះ ដោយមានបំណងលួចនាំទៅក្រៅប្រទេស។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀន១៦៦គីឡូក្រាម នៅម្តុំកោះល្ង ខេត្តស្ទឹងត្រែង។ ជនល្មើស លួចដឹកគ្រឿងញៀនទាំង១៦៦គីឡូក្រាមនេះ ដោយទូកម៉ាស៊ីន ពីប្រទេសឡាវ ចូលមកកម្ពុជាតាមដងទន្លេមេគង្គ។ ពេលចុះបង្ក្រាបភ្លាមៗ សមត្ថកិច្ច ចាប់បានតែគ្រឿងញៀនប៉ុណ្ណោះ ឯជនល្មើស រត់រួច។

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា ចាប់បុរសសញ្ជាតិកាណាដាម្នាក់ ជាមួយគ្រឿងញៀន១៦៧គីឡូក្រាម ក្នុងរាជធានីភ្នំពេញ។

សមត្ថកិច្ចកម្ពុជា បង្ក្រាបបទល្មើសគ្រឿងញៀនបានជាហូរហែ តែហេតុអ្វីបានជាបទល្មើសគ្រឿងញៀន មិនចេះអស់? ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកកិច្ចការបង្ក្រាបបទល្មើសគ្រឿងញៀន ឆ្លើយថា បញ្ហាគ្រឿងញៀន ជាបញ្ហាសាកល មិនមែនជាបញ្ហានៅតែកម្ពុជានោះទេ ហើយបច្ចុប្បន្ន ការលួចផលិត ការលួចជួញដូរគ្រឿងញៀនលើសាកលលោក ពុំបានថយចុះឡើយ រួមទាំងតម្រូវការនៃការប្រើប្រាស់ ក៏នៅតែមិនថយចុះដែរ ដោយផ្ទុយមកវិញ គឺមានតែកើនឡើងថែម។

យ៉ាងណាក៏ដោយ លោក លើកឡើងថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញយន្តការ៣សំខាន់ៗ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន រួមមាន ទី១ ប្រឹងប្រែងទប់ស្កាត់ឲ្យបានចំពោះការលួចនាំចូលគ្រឿងញៀនតាមផ្លូវទាំង៣ គឺផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ទី២ ប្រឹងប្រែងបង្ក្រាបគ្រឿងញៀន ដែលត្រូវបានលួចនាំចូលមកដល់ទឹកដីកម្ពុជា និង ទី៣ ត្រូវប្រឹងប្រែងបង្ក្រាបកន្លែង ដែលលួចផលិតកែច្នៃគ្រឿងញៀន៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com