អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសករណីសម្លាប់មនុស្ស៣៥នាក់នៅមីយ៉ាន់ម៉ា
30, Dec 2021 , 3:10 pm        
រូបភាព
រថយន្ត ដែលត្រូវបានដុតបំផ្លាញ។ រូបភាព៖ AFP
រថយន្ត ដែលត្រូវបានដុតបំផ្លាញ។ រូបភាព៖ AFP
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២៩ ខែធ្នូ បានថ្កោលទោសករណីសម្លាប់មនុស្សយ៉ាងហោចណាស់៣៥នាក់ ដោយក្នុងនោះរួមទាំងកុមារផង នៅមីយ៉ាន់ម៉ា។ ក្រុមប្រឹក្សាដ៏មានអំណាចមួយនេះ បានអំពាវនាវឱ្យមានការបញ្ឈប់អំពើហិង្សា, ការគោរពសិទ្ធិមនុស្ស និងធានាសុវត្ថិភាពប្រជាជនស៊ីវិល។

 
 
ប្រជាជនយ៉ាងតិច៣៥នាក់រួមទាំងកុមារ និងស្រ្តី ត្រូវបានសម្លាប់ ហើយសាកសពរបស់ពួកគេត្រូវបានដុតនៅរដ្ឋកាយ៉ា ដែលជាតំបន់ហែកហួរដោយជម្លោះនៅមីយ៉ាន់ម៉ា។ បុគ្គលិកអង្គការ Save the Children ចំនួន ២រូប ក៏ស្លាប់ក្នុងហេតុការណ៍នោះដែរ។ បន្ទាប់ពីហេតុការណ៍នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសហេតុការណ៍នេះ។ 
 
«សមាជិកក្រុមប្រឹក្សាសន្តិសុខ អំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់រាល់ហិង្សា និងធានាភាពចាំបាច់នៃការគោរពសិទ្ធិមនុស្ស និងធានាសុវត្ថិភាពប្រជាជនស៊ីវិល»។ សេចក្តីថ្លែងការណ៍ UNSC ដែលមាននីហ្សេជាប្រធានផ្លាស់វេន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមពីសារសំខាន់នៃការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រជាជនមីយ៉ាន់ម៉ា រួមទាំងការការពារ និងរក្សាសន្តិសុខសម្រាប់បុគ្គលិកពេទ្យ និងអង្គការមនុស្សធម៌។ 
 
បន្ថែមពីនេះ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ពីការគាំទ្រប្រជាជនមីយ៉ាន់ម៉ា និងដំណើរការទៅរកលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងការប្តេជ្ញាគោរពអធិបតេយ្យ ឯករាជ្យភាពនយោបាយ បូរណភាពដែនដី និងការបង្រួមបង្រួមមីយ៉ាន់ម៉ា។ 
 
សូមបញ្ជាក់ថា កម្លាំងយោធាមីយ៉ាន់ម៉ា តែងប៉ះទង្គិចជាញឹកញាប់ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងប្រទេស។ ជម្លោះទាំងនោះ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិត ខណៈប្រជាជនជាច្រើនពាន់នាក់ផ្សេងទៀត បានភៀសខ្លួនទៅក្នុងព្រៃ និងប្រទេសជិតខាង ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ ជាមួយគ្នានេះ ទ្រព្យសម្បត្តិ ផ្ទះសម្បែង ត្រូវបានដុតបំផ្លាញ ខណៈពេលអង្គការអន្តរជាតិ បានព្រមានថា មីយ៉ាន់ម៉ា អាចធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល៕ 

Tag:
 UNSC
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com