ជាតិ
សង្គមជាតិ
គ្រាប់ត្នោត២ពាន់ទៀត ត្រូវបានដាំនៅតំបន់រងការទន្ទ្រាន នៅខេត្តសៀមរាប
30, Dec 2021 , 6:59 pm        
រូបភាព
សកម្មភាពដាំគ្រាប់ត្នោត នៅតំបន់៣ ដែលរងការទន្ទ្រាននាពេលកន្លងមក របស់អាជ្ញាធរខេត្តសៀមរាប។ រូបភាពពី រដ្ឋបាលខេត្តសៀមរាប។
សកម្មភាពដាំគ្រាប់ត្នោត នៅតំបន់៣ ដែលរងការទន្ទ្រាននាពេលកន្លងមក របស់អាជ្ញាធរខេត្តសៀមរាប។ រូបភាពពី រដ្ឋបាលខេត្តសៀមរាប។
អាជ្ញាធរខេត្តសៀមរាប បន្តដាំគ្រាប់ត្នោតចំនួន២ពាន់គ្រាប់បន្ថែមទៀត នៅតាមព្រំប្រទល់តំបន់៣ ស្ថិតក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប។ បើតាមលោក ក្អោប រ៉ន ចៅសង្កាត់ជ្រា សកម្មភាពដាំគ្រាប់ត្នោតតាមព្រំតំបន់៣នេះ ជាផ្នែកមួយនៃការស្ដារឡើងវិញ នូវនិរន្តរភាពរបស់បឹងទន្លេសាប ក្រោយរងការទន្ទ្រានខុសច្បាប់នាពេលកន្លងមក។

 
 
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែធ្នូ បានដាំគ្រាប់ត្នោតចំនួន២ពាន់បន្ថែមទៀត ក្រោយដាំកូនឈើលិចទឹកចំនួន២ពាន់ដើមរួចមក។ គ្រាប់ត្នោតទាំងនោះ ត្រូវបានអាជ្ញាធរយកទៅដាំ ចាប់ពីចំណុចព្រំប្រទល់សង្កាត់ជ្រាវ និង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដល់ព្រំប្រទល់សង្កាត់ជ្រាវ និងសង្កាត់សៀមរាប ខេត្តសៀមរាប។
នេះជាការរៀបរាប់របស់ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ។
 
លោក ក្អោប រ៉ន បានបញ្ជាក់ថា៖«ការដាំគ្រាប់ត្នោតនេះ​ ជាផ្នែកមួយនៃការស្ដារឡើងវិញ នូវនិរន្តរភាពរបស់បឹងទន្លេសាប បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានប្រកាសសង្គ្រោះបឹងជង្រុកត្រីដ៏ធំរបស់កម្ពុជាមួយនេះ ឱ្យផុតពីការទន្ទ្រានរបស់ជនខិលខូច»។

ជាមួយគ្នានេះ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាបក៏បាន ដាំកូនឈើព្រៃលិចទឹកចំនួន២ពាន់ដើម នៅលើផ្ទៃដី២ហិកតា នៅដែនសហគមន៍សសរស្ដម្ភ ដែលជាតំបន់រងការទន្ទ្រានព្រៃលិចទឹក និងកាន់កាប់ខុសច្បាប់។ បើតាមរដ្ឋបាលខេត្ត ខេត្តសៀមរាបមានដីព្រៃលិចទឹកជាង ១២ម៉ឺនហិកតា ដោយគ្របដណ្ដប់លើស្រុកចំនួន៦ រួមមានស្រុកជីក្រែង ស្រុកសូត្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។ 

 សកម្មភាពដាំគ្រាប់ត្នោត នៅតំបន់៣ ដែលរងការទន្ទ្រាននាពេលកន្លងមក របស់អាជ្ញាធរខេត្តសៀមរាប។ រូបភាពពី រដ្ឋបាលខេត្តសៀមរាប។
 
ជុំវិញការកាប់ទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តសៀមរាបនេះ លោក លី សំរិទ្ធ អភិបាលរង និងអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ការទន្ទ្រានដីព្រៃលិចទឹក ដែលអាជ្ញាធររកឃើញ និងទទួលបានពីពលរដ្ឋ មានចំនួន ២​,២ពាន់ហិកតាហើយ។ បើតាម លោក លី សំរិទ្ធដដែល បច្ចុប្បន្នពលរដ្ឋដែលធ្វើកសិកម្មលើដីព្រៃទាំងនោះ បានប្រគល់មកឱ្យអាជ្ញាធរជាបន្តបន្ទាប់ផងដែរ ក្រោយរដ្ឋាភិបាលប្រកាសចាត់វិធានការណ៍ លើអ្នកប្រព្រឹត្តិខុសច្បាប់។
 
សូមរម្លឹកផងដែរថា ខេត្តដែលរងការទន្ទ្រានដីព្រៃលិចទឹកនៅបឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ៕

Tag:
 ThmeyThmey25
  ដាំគ្រាប់ត្នោត
  ព្រៃលិចទឹកនៃបឹងទន្លេសាប
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com