អន្តរជាតិ
ប្រមុខ WHO៖ ដែលតា និងអូមីក្រុង នឹងធ្វើឱ្យមានរលកឆ្លងជំងឺកូវីដ-១៩ ដ៏ធំមួយ
30, Dec 2021 , 8:29 pm        
រូបភាព
ប្រជាជននៅតំបន់អឺរ៉ុប ពាក់ម៉ាស់ បង្ការជំងឺកូវីដ-១៩។ រូបភាព៖ Reuters
ប្រជាជននៅតំបន់អឺរ៉ុប ពាក់ម៉ាស់ បង្ការជំងឺកូវីដ-១៩។ រូបភាព៖ Reuters
ប្រមុខអង្គការសុខភាពពិភពលោក (WHO) Tedros Adhanom Ghebreyesus នៅថ្ងៃទី២៩ ខែធ្នូ បានព្រមានថា វីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុង និងដែលតា នឹងនាំឱ្យមានរលកឆ្លងជំងឺកូវីដ-១៩ ដ៏ធំ។ វីរុសបំប្លែងខ្លួនទាំងពីរនេះ នឹងនាំឱ្យចំនួនអ្នកជំងឺចូលព្យាបាលនៅមន្ទីរពេទ្យ និងអ្នកស្លាប់កើនឡើង។

 
 
រយៈពេលពីរឆ្នាំហើយ ជំងឺកូវីដ-១៩ នៅតែបន្តរីកសាយលើពិភពលោក ខណៈពេលវីរុសបំប្លែងខ្លួន ដែលបង្កជាជំងឺកូវីដ-១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់។ វីរុស ដែលពិភពលោកបារម្ភខ្លាំងជាងគេ គឺវីរុសបំប្លែងខ្លួន អូមីក្រុង មានសមត្ថភាពឆ្លងលឿន និងវីរុសដែលតា អាចធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ និងអាចបង្កើនភាគរយស្លាប់។ ពេលនេះ វីរុសអូមីក្រុង និងវីរុសដែលតា កំពុងរាលដាលលើពិភពលោកក្នុងពេលតែមួយ។ 
 
ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៩ ខែធ្នូ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើងពីក្តីបារម្ភលើការផ្ទុះឡើងនៃវីរុសអូមីក្រុងក្នុងពេលតែមួយនឹងវីរុសដែលតា។ «ខ្ញុំ បារម្ភថាវីរុសអូមីក្រុង ដែលកំពុងរីកសាយជាមួយវីរុសដែលតា កំពុងនាំឱ្យមានរលកឆ្លងដ៏ធំ»។ លោក Tedros បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា រលកឆ្លងនោះ នឹងដាក់បន្ទុកកាន់តែធ្ងន់លើបុគ្គលិកសុខាភិបាល និងរុញឱ្យប្រព័ន្ធសុខាភិបាលស្ថិតលើមាត់ជ្រោះនៃការដួលរលំ។ 
 
ការព្រមានរបស់ប្រមុខអង្គការ WHO ធ្វើឡើង ស្របពេលបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុប កំពុងតែមានករណីឆ្លងហក់ឡើងខ្ពស់ និងរកឃើញករណីឆ្លងវីរុស អូមីក្រុងជាច្រើនករណី។ ស្របគ្នានោះ វីរុសដែលតា ក៏កំពុងបន្តអុកឡុកនៅក្នុងបណ្តាប្រទេសមួយចំនួនផងដែរ។ 
 
ចំណែកប្រធានទទួលបន្ទុកកម្មវិធីអាសន្នរបស់អង្គការ WHO លោក Michael Ryan បានជំរុញឱ្យបង្កើនចំណាត់ការ និងការប្រុងប្រយ័ត្នមួយចំនួន ដើម្បីបង្រ្កាបលើករណីឆ្លងនៃវីរុសបំប្លែងខ្លួនទាំងពីរ។ បើតាមលោក Ryan វិធានការមួយចំនួន ពិតជាសំខាន់សម្រាប់រយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីទប់ស្កាត់វីរុសអូមីក្រុង និងវីរុសដែលតា។ ប្រធានទទួលបន្ទុកកម្មវិធីអាសន្ន ក៏បានលើកឡើងផងដែរថា វីរុសអូមីក្រុង កំពុងតែឆ្លងលើក្រុមមនុស្សវ័យក្មេង។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល ប្រមុខអង្គការសុខភាពពិភពលោក បានបង្ហាញថា ព័ត៌មានមិនពិត និងវិសមភាពវ៉ាក់សាំង បានធ្វើឱ្យករណីឆ្លងជំងឺកូវីដ-១៩ កើនឡើង។ បើតាមលោក Tedros ការប្រមូលស្តុកសម្ភារវេជ្ជសាស្រ្តដូចជា ម៉ាស់ និងវ៉ាក់សាំងជាដើម រួមជាមួយព័ត៌មានមិនពិត បានបំផ្លាញកិច្ចខិតខំ លើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល និងផ្តល់ឱកាសឱ្យមានការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មី។ 
 
សូមបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំ កន្លងមកនេះ ករណីឆ្លងជំងឺកូវីដ-១៩ របស់ពិភពលោកសរុបមានចំនួនជាង ២៨៤លានករណី និងអ្នកស្លាប់មានចំនួន ៥,៤លាននាក់។ ទន្ទឹមនេះ វ៉ាក់សាំងចំនួន ៨,៨១ពាន់លានដូស ត្រូវបានផ្តល់ឱ្យទៅប្រជាជន ដោយមនុស្សចំនួន ៣,៧៧ពាន់លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេលលេញ៕

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com