អន្តរជាតិ
ចិន ដាក់ទណ្ឌកម្មលើមន្រ្តីអាម៉េរិក ដើម្បីសងសឹកទណ្ឌកម្មលើមន្រ្តីហុងកុង
31, Dec 2021 , 11:00 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេស លោក Zhao Lijian។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេស លោក Zhao Lijian។ រូបភាព៖ ក្រសួងការបរទេសចិន
ចិន បានសម្រេចដាក់ទណ្ឌកម្មលើមន្រ្តីអាម៉េរិកចំនួន ៥រូប ដោយផ្អែកលើច្បាប់ប្រឆាំងទណ្ឌកម្មបរទេស។ អ្នកនាំពាក្យក្រសួងការបរទេស លោក Zhao Lijian បានលើកឡើងបែបនេះ នៅថ្ងៃទី៣០ ខែធ្នូ។ ទណ្ឌកម្មចិន លើមន្រ្តីអាម៉េរិកនេះ ជាការសងសឹកលើអាម៉េរិក ដែលដាក់ទណ្ឌកម្មលើមន្រ្តីខ្លួននៅហុងកុង។

 
អាម៉េរិក នៅក្នុងខែកក្កដាកន្លងទៅ បានដាក់ទណ្ឌកម្មលើមន្រ្តីចិនចំនួន ៧រូប ក្នុងនោះរួមទាំង នាយករងចំនួន៥រូបនៃការិយាល័យកិច្ចការហុងកុងរបស់រដ្ឋាភិបាលចិន។ ការដាក់ទណ្ឌកម្មនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ចាត់ទុកជាការទប់ស្កាត់ឥទ្ធិពលចិន តាមរយៈការប្រើសន្លឹកបៀហុងកុង។ 
 
ជាការឆ្លើយតបនឹងទង្វើខុសឆ្គងរបស់ក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃទី៣០ ខែធ្នូ បានសម្រេចដាក់ទណ្ឌកម្មសងសឹក ដោយផ្អែកតាមច្បាប់ប្រឆាំងទណ្ឌកម្មបរទេស លើមន្រ្តីអាម៉េរិកចំនួន ៥រូប។ មន្រ្តីទាំង ៥រូបនោះ​ត្រូវបានហាមឃាត់ចូលក្នុងទឹកដីចិន រួមទាំងហុងកុង ម៉ាកាវ, បង្កកទ្រព្យសម្បត្តិ និងហាមឃាត់ប្រជាជនចិន ឬស្ថាប័នចិន មានទំនាក់ទំនងរកស៊ីជាមួយបុគ្គលទាំងនោះ។ 
 
បុគ្គលទាំង ៥រូប មានដូចជា លោក Wilbur Ross អតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម, អ្នកស្រី Carolyn Bartholomew ប្រធានគណៈកម្មការពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចចិន-អាម៉េរិក, លោក Jonathan Stivers ប្រធានបុគ្គលិកនៃគណៈកម្មការសភាលើចិន, លោក DoYun Kim មកពីវិទ្យាស្ថានប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ និងលោក Adam Joseph King អ្នកគ្រប់គ្រងជាន់ខ្ពស់នៃកម្មវិធីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ។ 
 
ជាមួយគ្នានេះ លោក Zhao ក៏បានជំរុញឱ្យអាម៉េរិកបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយចិននឹងចាត់វិធានការគ្រប់ទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូរ។
 
សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង តែងដាក់ទណ្ឌកម្មសងសឹកគ្នាទៅវិញទៅទៅ។ អាម៉េរិក និងចិន តែងឈ្លោះគ្នាជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យនៅហុងកុង,​ សិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង, សមុទ្រចិនខាងត្បូង និងបញ្ហាផ្សេងទៀត៕ 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com