អន្តរជាតិ
ថៃ ចង់ទិញយន្តហោះចម្បាំង F-35 ដើម្បីពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួន
31, Dec 2021 , 11:19 am        
រូបភាព
យន្តហោះចម្បាំងF-35។ រូបភាព៖ AFP
យន្តហោះចម្បាំងF-35។ រូបភាព៖ AFP
មេបញ្ជាការទ័ពអាកាសថៃ ឧត្តមសេនីយ៍ Napadej Dhupatemiya បានបញ្ជាក់ថា កម្លាំងទ័ពអាកាសថៃ កំពុងពិនិត្យមើលលទ្ធភាពទិញយន្តហោះចម្បាំង F-35 ជំនាន់ទី៥ របស់អាម៉េរិកចំនួន៨គ្រឿង ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ខណៈយន្តហោះចម្បាំងថៃមួយចំនួន មានអាយុចាស់ៗ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៣១ ខែធ្នូ។

 
 
ថៃ កំពុងពិនិត្យមើលយន្តហោះចម្បាំងថ្មីបន្ថែម ស្របពេលយន្តហោះចម្បាំង F-5 និងយន្តហោះចម្បាំង F-16 មានអាយុកាន់តែចាស់ និងដាក់ឱ្យបំពេញបេសកកម្មច្រើនជាង ៣ទសវត្សរ៍មកហើយ។ យន្តហោះ ដែលមានអាយុកាន់តែចាស់ ការថែទាំកាន់តែអស់ច្រើន ខណៈហានិភ័យកាន់តែខ្ពស់។ 
 
ដើម្បីជំនួសយន្តហោះចម្បាំងមានវ័យចំណាស់បែបនេះ ថៃពិចារណាចង់ទិញយន្តហោះចម្បាំង F-35 ជំនាន់ទី៥ និងមានបច្ចេកវិទ្យាខ្ពស់ ចំនួន៨គ្រឿង។ ប៉ុន្តែយន្តហោះ ដែលអភិវឌ្ឍក្រុមហ៊ុន Lockheed Martin មានតម្លៃថ្លៃ ដោយតម្លៃមានចាប់ពី ៨១លានដុល្លារ ទៅ១៤២លានដុល្លារ ក្នុងមួយគ្រឿង។ យ៉ាងណាមិញ លោក Napadej Dhupatemiya មេបញ្ជាការទ័ពអាកាសថៃ អះអាងថា តម្លៃ F-35 អាចនៅសល់ត្រឹម ៧០លានដុល្លារ ក្នុងមួយគ្រឿងដោយផ្អែកលើការចរចា។ 
 
បើតាមមេបញ្ជាការកងទ័ពអាកាសរូបនេះ គម្រោងថវិកាសម្រាប់ទិញយន្តហោះ F-35 នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ខណៈកម្លាំងទ័ពអាកាសថៃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្រាយចម្ងល់នានាមុននឹងទិញយន្តហោះចម្បាំង។ មិនតែប៉ុណ្ណោះ ក្រុមប្រឹក្សាមួយ នឹងត្រូវបានបង្កើតឡើង សម្រាប់សិក្សាពីកម្មវិធីទិញយន្តហោះចម្បាំង និងសម្រាប់មូលនិធិទិញយន្តហោះ។ 
 
ជាមួយគ្នានេះ លោក Napadej បានការពារថា កម្លាំងទ័ពអាកាសមិនមែនទិញអាវុធឡើយ ប៉ុន្តែវាជាការការពារសន្តិសុខប្រជាជន និងផលប្រយោជន៍ប្រទេស។ ស្របពេលថៃ កំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ បែបនេះ មេបញ្ជាការទ័ពអាកាស បានទទួលស្គាល់ថា ផែនការថវិកាអាចរងការរឹតត្បិត ប៉ុន្តែយន្តហោះ F-35  នឹងសាកសមសម្រាប់តម្រូវការប្រទេស ដើម្បីពង្រឹងសមត្ថភាពផ្លូវអាកាស ដែលជាផ្នែកមួយដ៏សំខាន់នៃសង្រ្គាមសម័យទំនើប។ ក្រោមគម្រោងនេះ យន្តហោះចម្បាំងF-35 នឹងដាក់ឱ្យប្រតិបត្តិនៅមូលដ្ឋានយោធា ក្នុងខេត្ត Nakhon Ratchasima។ 
 
សូមបញ្ជាក់ថា យន្តហោះចម្បាំង F-35 ជាយន្តហោះចម្បាំងមួយប្រភេទរបស់អាម៉េរិក ដែលបំពាក់បច្ចេកវិទ្យាដ៏ទំនើបក្នុងការវាយប្រហារសត្រូវលើអាកាស។ ប៉ុន្តែយន្តហោះប្រភេទនេះ ក៏ត្រូវចំណាយថវិកាច្រើនដែរ ក្នុងការថែទាំ។ កន្លងមក សិង្ហបុរី ក៏បានបញ្ជាយន្តហោះចម្បាំង F-35B ផងដែរ៕ 

Tag:
 ថៃ
  យន្តហោះចម្បាំង
© រក្សាសិទ្ធិដោយ thmeythmey.com