ជាតិ
សង្គមជាតិ
ឆ្លងឆ្នាំ៖ ភ្ញៀវទេសចរជាង៥ម៉ឺននាក់ ទៅកម្សាន្តខេត្តព្រះសីហនុ
01, Jan 2022 , 11:43 am        
រូបភាព
ភ្ញៀវទេសចរនាំគ្នាបោះតង់នៅតាមបណ្ដោយឆ្នេរ ក្នុងខេត្តព្រះសីហនុ។
ភ្ញៀវទេសចរនាំគ្នាបោះតង់នៅតាមបណ្ដោយឆ្នេរ ក្នុងខេត្តព្រះសីហនុ។
ភ្នំពេញ៖ ភ្ញៀវទេសចរជាង៥.២ម៉ឺននាក់ បានទៅលេងកម្សាន្តខេត្តព្រះសីហនុ ដែលភាគច្រើនភ្ញៀវទេសចរក្នុងស្រុក ដែលមកពីបណ្ដារាជធានី-ខេត្ត។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរបាននាំគ្នាបោះតង់ និងក្រាលកន្ទេលនៅតាមបណ្ដោយឆ្នេរយ៉ាងច្រើនកុះករ។

 
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា ភ្ញៀវទេសចរជាតិសម្រុកទៅព្រះសីហនុយ៉ាងកុះករ នាឱកាសឆ្លងឆ្នាំសកល២០២១-២០២២។ ផ្ទះសំណាក់ និងសណ្ឋាគារតាមដងផ្លូវធំៗ ត្រូវបានភ្ញៀវកក់ទុកពេញចាប់តាំងពីថ្ងៃទី២៥ធ្នូ។ លើសពីនេះ នៅតាមបណ្តោយឆ្នេរខ្សាច់សាធារណៈ ភ្ញៀវទេសចរបានបោះតង់ និងក្រាលកន្ទេលពេញថែមទៀតផង នៅថ្ងៃទី៣១ធ្នូ ២០២១។
 
ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានរហូតដល់៥២,៧១៧នាក់។ ពូកគេទាំងនោះ ភាគច្រើនបាននាំគ្នាបោះតង់ និងក្រាលសម្រាក ចាប់ពីឆ្នេរអូឈើទាលពីររហូតដល់ជិតដើមឈើចាំស្នេហ៍។ 
 
ភ្ញៀវទៅកម្សាន្តច្រើនកុះករបែបនេះ ដោយសារអាជ្ញាធរខេត្តព្រះសីហនុបានរៀបចំបណ្ដោយឆ្នេរ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាមួយគ្នាដែរ កងកម្លាំងការពារសន្តិសុខ បានចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ នៅតាមបណ្តោយឆ្នេរសមុទ្រ និងទីសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕ 
 
 
 
 

Tag:
 ភ្ញៀវទេសចរ
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com