ជាតិ
សង្គមជាតិ
សង្គមស៊ីវិលថ្កោលទោស និងស្នើដោះលែង សកម្មជន Naga World ៩រូប ប៉ុន្តែសមត្ថកិច្ចថា ចាប់ខ្លួនពួកគេតាមច្បាប់
01, Jan 2022 , 4:12 pm        
រូបភាព
សកម្មជននៃអតីតបុគ្គលិកណាហ្គាវើលដ៍ ឈរតវ៉ានៅមុខណាហ្គា នាយប់ថ្ងៃទី៣១ឆ្នូ ឆ្នាំ២០២១ ម៉ោងជិត១០យប់។ រូបពី បណ្ដាញហ្វេសប៊ុកឈាមត្រជាក់​
សកម្មជននៃអតីតបុគ្គលិកណាហ្គាវើលដ៍ ឈរតវ៉ានៅមុខណាហ្គា នាយប់ថ្ងៃទី៣១ឆ្នូ ឆ្នាំ២០២១ ម៉ោងជិត១០យប់។ រូបពី បណ្ដាញហ្វេសប៊ុកឈាមត្រជាក់​
ភ្នំពេញ៖ អាជ្ញាធរបានចាប់ខ្លួនសកម្មជនសហជីព៩រូប កាលពីយប់ឆ្លងឆ្នាំសកល ក្រោមហេតុផលថា ពួកគេតវ៉ាខុសច្បាប់។ សង្គមស៊ីវិល និងសហជីពក្នុងស្រុក បានចេញលិខិតថ្កោលទោស ដោយស្នើឲ្យមានការដោះលែងសកម្មជនទាំង៩នាក់នោះជាបន្ទាន់។

 
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺព័ត៌មានថា ការចាប់ខ្លួនបុគ្គល៩រូប គឺចាប់ពីបទរៀបចំបាតុកម្មដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល។ អាជ្ញាធរ ហៅការតវ៉ានេះថា បាតុកម្ម ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ 
 
លិខិតដដែល ដែលសារព័ត៌មានថ្មីៗទទួលពីលោក សាន សុខសីហា នៅថ្ងៃទី១ មករា ឆ្នាំ២០២២នេះថា មុននឹងអនុវត្តវិធានការច្បាប់ ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវច្រើនដងហើយ ដើម្បីឲ្យអតីតបុគ្គលិកណាហ្គាវើលដ៍ទាំងនោះ បញ្ឈប់សកម្មភាពតវ៉ា។ ប៉ុន្តែពួកគេ ឥតស្ដាប់ការអំពាវនាវ ដោយបន្តអូសបន្លាយបាតុកម្មអស់រយៈពេល១៣ថ្ងៃ។ 
 
«ការចាប់ខ្លួនបុគ្គលចំនួន៩រូបនេះ គឺអនុលោមទៅតាមមាត្រា១៩៤និង១៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងអនុវត្តនីតិវិធីទៅតាមវិធានការច្បាប់»។ នេះបើតាមលិខិតបំភ្លឺរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ។ 
 
នៅយប់ថ្ងៃទី៣១ធ្នូ ២០២១ ដែលសមត្ថកិច្ចចាប់ខ្លួនសកម្មជនទាំង៩នាក់នោះ ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ក៏បានចេញសេចក្ដីអំពាវនាវទាំងយប់ដែរថា អតីតបុគ្គលិកលណាហ្គាវើលដ៍ ធ្វើសកម្មភាពបញ្ចេញមតិប៉ះពាល់ដល់ប្រយោជន៍កម្មករដទៃ ដែលកំពុងបំពេញការងារ និងប្រយោជន៍និយោជក និងសាធារណជន។ 
 
ក្រសួងការងារ បានអំពាវនាវឲ្យពួកគេ បន្តដោះស្រាយវិវាទតាមនីតិវិធីច្បាប់ ។ ក្រសួងសរសេរក្នុងសេចក្ដីអំពាវនាវបែបនេះ៖ «ក្រសួងសូមធ្វើការអំពាវនាវ ដល់បងប្អូនដែលកំពុងធ្វើការតវ៉ាឲ្យបញ្ឈប់ការតវ៉ានេះជាបន្ទាប់ និងសូមវិលមកអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃការដោះស្រាយវិវាទវិញ…ដែលបានកំណត់នីតិវិធីបន្ត គឺត្រូវប្ដឹងទៅតុលាការ ដើម្បីបញ្ចប់ករណីវិវាទ…»។ 
 
ជាមួយគ្នាដែរ ក្រសួងបានលើកថា បើអតីតបុគ្គលិកណាមួយ មិនសុខចិត្តឬគិតថាក្រុមហ៊ុនណាហ្គាវើលដ៍ ទូទាត់ប្រាក់បំណាច់កិច្ចសន្យាការងារមិនត្រឹមត្រូវ អាចទាក់ទងទៅក្រុមការងាររបស់ក្រសួង ហើយប្រាប់ពីព័ត៌មានលម្អិត។ ក្រសួងនឹងផ្ទៀងផ្ទាត់លើករណី ហើយបើរកឃើញថា និយោជកពិតជាទូទាត់ប្រាក់ឲ្យបុគ្គលិកពុំត្រឹមត្រូវមែន ក្រសួងនឹងបង្គាប់ឲ្យនិយោជកទូទាត់បន្ថែមឲ្យត្រូវតាមច្បាប់។ 
 
សកម្មជនសហជីពដែលអាជ្ញាធរចាប់ខ្លួនមាន៩រូប រួមមាន កញ្ញា ឃឹម សុខន, កញ្ញា សុន ស្រីពេជ្រ, កញ្ញា ហៃ សុភាព និងកញ្ញា រី សុវណ្ណឌី ជាប្រតិភូចរចា និងកញ្ញា រិន ផល្លា, កញ្ញា អេង ស្រីបូ, កញ្ញា ស៊ុន ស្រីមុំ, កញ្ញា ទូច សេរីមាស និងកញ្ញា ឃ្លាំង សុបិន្ត ដែលជាសកម្មជន។ 
 
ចំពោះករណីនេះ លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ បានថោលទោសយ៉ាងខ្លាំង លើវិធានការរបស់អាជ្ញាធរ ដែលឥតបានអនុវត្តកាតកិច្ចរបស់ខ្លួនឲ្យស្របច្បាប់ ក្នុងការការពារសុវត្ថិភាពរបស់ក្រុមកូដករ។ 
 
លោកអះអាងថា ពួកគេធ្វើកូដកម្ម ដោយសន្តិវិធី ។ «សូមអំពាវនាវឲ្យដោះលែងថ្នាក់ដឹកនាំ និងសកម្មជនទាំង៩នាក់ជាបន្ទាន់ និងអំពាវដល់សារធារណៈជន អង្គការជាតិ និងអន្តរជាតិ សហព័ន្ធសហជីពអន្តរជាតិដែលធ្វើការលើសិទ្ធមនុស្ស និងសិទ្ធិការការចូលរួមតាមដានករណីនេះដោយយកចិត្តទុកដាក់»។ នេះបើតាមលោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មានថ្មីតាមប្រព័ន្ធ WhatApp នៅថ្ងៃទី១មករា ។ 
 
សម្ព័នសហជីពកម្ពុជា(CATU) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សុទ្ធដែលចេញសេចក្ដីថ្លែងការណ៍បង្ហាញការសោកស្ដាយ ថ្កោលទោស និងស្នើឲ្យដោះលែងសកម្មជនទាំង៩រូបជាបន្ទាន់៕ 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com