ជាតិ
សង្គមជាតិ
២០២២ទៅ រាល់សំណង់ ត្រូវឆ្លងកាត់ការពិនិត្យសិន មុនអនុញ្ញាតឲ្យសាងសង់ លើកលែងតែសំណង់តូចជាង៥០០ម៉ែត្រការ៉េ
02, Jan 2022 , 8:59 am        
រូបភាព
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចេញគោលការណ៍ថ្មីមួយ ដើម្បីពង្រឹងវិស័យសំណង់នៅកម្ពុជា នោះគឺការត្រួតពិនិត្យជាមុនសិន មុននឹងចេញលិខិតអនុញ្ញាតឲ្យសំណង់ណាមួយ ចាប់ផ្តើមដំណើរការសាងសង់។ ប៉ុន្តែ ចំពោះការសាងសង់សំណង់ ជាពិសេសសំណង់ជាផ្ទះរបស់ប្រជាពលរដ្ឋ ដែលមានផ្ទៃតូចជាង៥០០ម៉ែត្រការ៉េ មិនតម្រូវឲ្យមានការត្រួតពិនិត្យជាមុននោះទេ។


គោលការណ៍ថ្មីនេះ ត្រូវបានក្រសួងដែនដី ដែលមានលោក ជា សុផារ៉ា ជារដ្ឋមន្រ្តី ដាក់ចេញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ គោលការណ៍ថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ។  
 
គោលការណ៍ថ្មី កំណត់ថា សំណង់រដ្ឋ ចាំបាច់ត្រូវមានការត្រួតពិនិត្យដោយក្រុមការងារជំនាញរបស់ក្រសួងដែនដីជាមុនសិន មុននឹងផ្តល់លិខិតអនុញ្ញាតឲ្យសាងសង់សំណង់នោះ ហើយសំណង់ឯកជន ចាំបាច់ត្រូវមានការត្រួតពិនិត្យដោយក្រុមហ៊ុនឯកជន និងអ្នកមានវិជ្ជាជីវៈជាមុនសិន មុននឹងត្រូវផ្តល់លិខិតអនុញ្ញាតឲ្យសាងសង់សំណង់នោះ។ ក្រុមហ៊ុន និងអ្នកមានវិជ្ជាជីវៈ អាចត្រួតពិនិត្យសំណង់ឯកជនបាន លុះត្រាតែទទួលបានអាជ្ញាបណ្ណពីក្រសួងដែនដី។
 
គ្រប់សំណង់ទាំងអស់ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យជាមុនឬ មុននឹងអនុញ្ញាតឲ្យសាងសង់? ចម្លើយ គឺអត់ទេ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី សង្កត់ធ្ងន់ដូច្នេះថា៖«សំណង់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលមានផ្ទៃក្រឡាក្រោម៥០០ម៉ែត្រការ៉េ មិនតម្រូវឲ្យមានការត្រួតពិនិត្យនិងបញ្ជាក់ទេ»។

សំឡេងរបស់លោក សេង ឡូត
 


លោក ថ្លែងថា ការចេញគោការណ៍ថ្មីនេះ គឺដើម្បីពង្រឹងចំណុច៤យ៉ាង ក្នុងវិស័យសំណង់ ដែលកំពុងរីកដុះដាលខ្លាំង រួមមាន សោភ័ណភាព សុវត្ថិភាព គុណភាព និងរបៀបរៀបរយសាធារណៈ។ លោក បន្តថា វិស័យសំណង់ រីកដុះដាលកាន់តែខ្លាំង ការគ្រប់គ្រងលើវិស័យនេះ គឺតម្រូវឲ្យមានភាពហ្មត់ចត់កាន់តែខ្លាំង។ 
 
មន្រ្តីជាន់ខ្ពស់របស់ក្រសួងដែនដីរូបនេះ មានប្រសាសន៍ដូច្នេះថា៖«ដំណើរការកន្លងមក គឺយើង មានភាពល្អប្រសើរខ្លះហើយ ហើយយន្តការ ដែលដាក់ថ្មីនេះ នឹងបង្កើនប្រសិទ្ធភាពកាន់តែខ្ពស់ជាងមុនទៅទៀត»។ 
 
ការសាងសង់សំណង់ ដែលមានផ្ទៃតិចជាង ឬស្មើ៥០០ម៉ែត្រការ៉េ ត្រូវសុំការអនុញ្ញាតនៅថ្នាក់ថ្នាក់ក្រុង ស្រុក ខណ្ឌ។ ការសាងសង់សំណង់ ដែលមានផ្ទៃធំជាង៥០០ម៉ែត្រការ៉េ ដល់ ៣០០០ម៉ែត្រការ៉េ ត្រូវសុំការអនុញ្ញាតនៅថ្នាក់រាជធានី ខេត្ត។ ការសាងសង់សំណង់ ដែលមានផ្ទៃធំជាង៣០០០ម៉ែត្រការ៉េ ត្រូវសុំការអនុញ្ញាតនៅក្រសួងរៀបដែនដី។ នេះបើយោងតាមអនុក្រឹត្យថ្មីរបស់ប្រមុខរដ្ឋាភិបាល ដែលចេញកាលពីខែធ្នូ ឆ្នាំ២០២០៕ 
 
 
 

Tag:
 សំណង់
  សេង ឡូត
© រក្សាសិទ្ធិដោយ thmeythmey.com