អន្តរជាតិ
កូរ៉េខាងត្បូង ប្រាប់មន្រ្តីរដ្ឋទាំងស៊ីវិលនិងយោធា ឱ្យរក្សាជំហរអព្យាក្រឹត្យ ក្នុងការបោះឆ្នោតប្រធានាធិបតី
03, Jan 2022 , 4:10 pm        
រូបភាព
លោក Kim Boo-Kyum នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង។ រូបភាព៖ Facebook-김부겸
លោក Kim Boo-Kyum នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង។ រូបភាព៖ Facebook-김부겸
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Kim Boo-Kyum នៅថ្ងៃទី៣ ខែមករា បានអំពាវនាវឱ្យមន្រ្តីរដ្ឋរក្សាអព្យាក្រឹតផ្នែកនយោបាយ និងគោរពវិន័យ ខណៈពេលប្រទេសនៅតំបន់អាស៊ីខាងកើតមួយនេះ ត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែមីនាខាងមុខ។ ផ្នែកយោធា ក៏ទទួលបានការណែនាំនេះដូចគ្នាដែរ។

 
 
ស្របពេលការបោះឆ្នោតប្រធានាធិបតីជិតមកដល់ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Boo-Kyum អំពាវនាវឱ្យមន្រ្តីរដ្ឋរក្សាអព្យាក្រឹត និងគោរពវិន័យ។ 
 
«សូមចៀសវាងពីសកម្មភាព ដែលអាចនាំឱ្យមានការយល់ខុស មុនការបោះឆ្នោត»។ លោក Kim បានសង្កត់ធ្ងន់បែបនេះ នៅក្នុងពិធីចាប់ផ្តើមឆ្នាំថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap  លោកនាយករដ្ឋមន្រ្តីជំរុញមន្រ្តីរដ្ឋផ្តោតលើការជួយកែលម្អជីវភាពប្រជាជន ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដើម្បីធានាថា គ្មានប្រជាជនរូបណា ត្រូវបានទុកចោល ក្នុងអំឡុងពេលសេដ្ឋកិច្ចងើបឡើងវិញ។ លោក Kim បានប្រាប់ឱ្យមន្រ្តីរដ្ឋផ្តោតកិច្ចខិតខំ និងសម្របខ្លួនលើបញ្ហាសំខាន់ៗក្នុងនោះមានដូចជា បច្ចេកវិទ្យា និងសេដ្ឋកិច្ច ដែលបញ្ចេញឧស្ម័នកាបូនទាប។ 
 
មិនត្រឹមផ្នែកស៊ីវិលឡើយ ខាងកងទ័ពឯណោះ ក៏ត្រូវបានប្រាប់ឱ្យប្រកាន់ជំហរកណ្ដាលដែរ។ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Suh Wook នៅចុងឆ្នាំ២០២១ កន្លងទៅ ក៏ធ្លាប់បានអំពាវនាវឱ្យកម្លាំងយោធារក្សាអព្យាក្រឹត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង។ បើតាមប្រមុខការពារជាតិរូបនេះ យោធាគួរតែចិត្តទុកដាក់លើកាតព្វកិច្ចរបស់ខ្លួន ជាជាងពាក់ព័ន្ធនឹងបញ្ហានយោបាយ។ 
 
កូរ៉េខាងត្បូង នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី៩ ខែមីនា និងរៀបចំការបោះឆ្នោតថ្នាក់តំបន់នៅខែមិថុនាខាងមុខ។ ក្រោមច្បាប់កូរ៉េខាងត្បូង លោក មូន ចេអ៊ីន មិនអាចឈរឈ្មោះសម្រាប់អាណត្តិទីពីរបានឡើយ ហើយអាណត្តិ៤ឆ្នាំរបស់លោក នឹងចប់នៅពេលខាងមុខ។
 
មកទល់ពេលនេះ បេក្ខជនប្រជែងតំណែងប្រធានាធិបតីមាន៤រូប ដែលកំពុងស្វែងរកសំឡេងគាំទ្រ។ ក្នុងចំណោមនេះ បេក្ខជនសំខាន់ៗមាន២នាក់ គឺលោក Lee Jae-myung មកពីបក្សប្រជាធិបតេយ្យដែលជាបក្សកាន់អំណាច និងលោក Yoon Suk-yeol ដែលជាសមាជិកបក្សអំណាចប្រជាជន (PPP) ដែលបក្សប្រឆាំងរបស់កូរ៉េខាងត្បូង៕ 

Tag:
 កូរ៉េខាងត្បូង
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com