ជាតិ
រថយន្ត
សង្គមជាតិ
គ្រោះថ្នាក់ចរាចរណ៍២០២១៖ អ្នកស្លាប់ ថយចុះ៩ភាគរយ, អ្នករបួសថយចុះ២៣ភាគរយ
03, Jan 2022 , 7:29 pm        
រូបភាព
សកម្មភាពនគរបាលចរាចរណ៍ភ្នំពេញ ចុះបំពេញការងារ កាលខែឧសភា ឆ្នាំ២០២០។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សកម្មភាពនគរបាលចរាចរណ៍ភ្នំពេញ ចុះបំពេញការងារ កាលខែឧសភា ឆ្នាំ២០២០។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ពេញ១ឆ្នាំនៃឆ្នាំ២០២១ ថ្នាក់ចរាចរណ៍នៅកម្ពុជា កើតឡើង២៦៧០លើក ហើយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២០កន្លងទៅ កើតឡើង៣១៧៦លើក។ ចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១នេះ ថយចុះ៥០៦លើក ស្មើនឹង១៦ភាគរយ។

 
អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ មាន១៤៩៧នាក់។ អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២០ មាន១៦៤៦នាក់។ ចំនួនអ្នកស្លាប់ ថយចុះ១៤៩នាក់ ស្មើ៩ភាគរយ។ 
 
អ្នករបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ មាន៣៦១៥នាក់។ អ្នករបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២០ មាន៤៦៨៦នាក់។ ចំនួនអ្នករបួស ថយចុះ១០៧១នាក់ ស្មើ២៣ភាគរយ។ 
 
របាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០២១ ត្រូវបានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហោះលើបណ្តាញទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ សម្តេច សរសេរដូច្នេះថា៖«ការថយចុះគ្រោះថ្នាក់ចរាចរណ៍ អាត្រាអ្នកស្លាប់ និងអ្នករងរបួសនេះ បានបង្ហាញពីមោទនភាពនៃការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយស្មារតីវិជ្ជាជីវៈយ៉ាងសកម្ម»។
 
តាមរយៈសារលើទំព័រហ្វេសប៊ុក សម្តេចប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជម្រាបទៅប្រជាពលរដ្ឋថា ទោះបីជាគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះក្តី ប៉ុន្តែស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះ នៅតែជាសោកនាដកម្ម ដោយធ្វើឲ្យមនុស្សច្រើនរាប់ពាន់នាក់ក្នុង១ឆ្នាំៗ បានបាត់បង់ជីវិត រងរបួស និង ខូចខាតទ្រព្យសម្បត្តិ។ 
 
សម្តេច បន្ថែមថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១នេះ គឺដោយសារការបើកបរដោយល្បឿនលឿន មាន៣៨ភាគរយ ការមិនគោរពសិទ្ធ មាន២៤ភាគរយ ការមិនប្រកាន់ស្តាំ មាន១៤ភាគរយ ការប្រជែងគ្រោះថ្នាក់ មាន៨ភាគរយ ការបត់ឆ្វេង-ស្តាំមិនប្រយ័ត្ន មាន៨ភាគរយ ការបើកបរដោយស្ថានភាពស្រវឹង មាន៤ភាគរយ កត្តាយានយន្តមាន ៣ភាគរយ និង ការបើកបរដោយស្ថានភាពងងុយ មាន១ភាគរយ។ 
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ រក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ពេលវេលា ក្នុងការធ្វើដំណើរលើដងផ្លូវ។ ជាមួយគ្នានេះ សម្តេច បានក្រើនរម្លឹកសមត្ថកិច្ចទាំងអស់ ដែលប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ បង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយគ្មានការលើកលែង ឬយោគយល់អ្វីឡើយ។ បន្ថែមពីនេះទៀត សម្តេច ប្រាប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យរៀបចំដាក់គំនូសសញ្ញា ភ្លើងសញ្ញានិង និង ស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ឲ្យបានគ្រប់គ្រាន់ ព្រមទាំងផ្សព្វផ្សាយជាប្រចាំពីច្បាប់ចរាចរណ៍៕ 
 

Tag:
 គ្រោះថ្នាក់ចរាចរណ៍២០២១
© រក្សាសិទ្ធិដោយ thmeythmey.com