អន្តរជាតិ
អាម៉េរិកដកអេត្យូពី ម៉ាលី និងហ្គីណេពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់អាហ្វ្រិក
03, Jan 2022 , 9:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed ។ រូបថត Xinhua
នាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed ។ រូបថត Xinhua
ដោយ:
អាម៉េរិក សម្រេចដកអេត្យូពី ម៉ាលី និងហ្គីណេពីកម្មវិធីពាណិជ្ជកម្មសេរីអាហ្វ្រិកជុំវិញការរំលោភសិទ្ធិមនុស្ស និងការធ្វើរដ្ឋប្រហារដោយយោធា។

 
កាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ប្រធានាធិបតី ចូ បៃដិន ព្រមានកាត់ផ្តាច់អេត្យូពីពីកម្មវិធីពាណិជ្ជកម្មសេរីដែលស្ថិតនៅក្នុងច្បាប់ស្តីពីកំណើន និងកាលានុវត្តភាពរបស់ទ្វីបអាហ្រ្វ៊ិក (AGOA) ប្រសិនបើអេត្យូពីបន្តរំលោភសិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់ Tigray។ ការព្រមាននេះក៏លើកឡើងទៅកាន់ម៉ាលី និងហ្គីណេដែរចំពោះការធ្វើរដ្ឋប្រហារដណ្តើមអំណាចដោយមេដឹកនាំយោធានា។ ជាងមួយខែក្រោយ អាម៉េរិកក៏ធ្វើតាមការព្រមានរបស់ខ្លួន
 
«ថ្ងៃនេះ អាម៉េរិកបញ្ចប់អេត្យូពី ម៉ាលី និងហ្គីណេពីកម្មវិធីអនុគ្រោះពន្ធពាណិជ្ជកម្ម AGOA ដោយសាររដ្ឋាភិបាលរបស់ប្រទេសទាំងនេះបំពានលើលក្ខន្តិកៈរបស់ AGOA»។ ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាម៉េរិកប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១ ខែមករា។
 
បើតាមសេចក្តីថ្លែងការណ៍ដដែល រដ្ឋបាល បៃដិន ព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការផ្លាស់ប្តូរមិនតាមច្បាប់ធម្មនុញ្ញនៅម៉ាលី និងហ្គីណេ។ បន្ថែមពីនេះ រដ្ឋបាលលោក បៃដិន ក៏លើកឡើងពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅអេត្យូពីដែលប្រព្រឹត្តដោយរដ្ឋាភិបាលអេត្យូពី និងភាគីផ្សេងទៀតអំឡុងពេលការរីករាលដាលនៃជម្លោះនៅភាគខាងជើងអេត្យូពីផងដែរ។
 
ជុំវិញបញ្ហានេះ ការព្យួរការទទួលបានផលប្រយោជន៍ពីការមិនបង់ពន្ធពាណិជ្ជកម្មពីអាម៉េរិក បានគំរាមកំហែងដល់ឧស្សាហកម្មវាយនភណ្ឌរបស់អេត្យូពី ដែលជាក្តីសង្ឃឹមរបស់ប្រទេសក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មធនស្រាលមួយ។ មិនតែប៉ុណ្ណោះ វាក៏ដាក់សម្ពាធបន្ថែមទៅលើសេដ្ឋកិច្ចដែលទទួលរងផលប៉ះពាល់ពីជម្លោះ ការរាលដាលជំងឺកូវីដ-១៩ និងអតិផរណាខ្ពស់ទៀតផង។
 
គួរបញ្ជាក់ថា ច្បាប់ពាណិជ្ជកម្ម AGOA ត្រូវបានអនុម័តនៅឆ្នាំ២០០០។ ​ AGOA ផ្តល់ឱ្យប្រទេសនៅអនុតំបន់សាហារ៉ាអាហ្រ្វិកនូវការមិនបង់ពន្ធពាណិជ្ជកម្មចំពោះការនាំចេញទៅអាម៉េរិក ប្រសិនបើប្រទេសទាំងនោះបំពេញតាមលក្ខខណ្ឌមួយចំនួន ដូចជាលុបបំបាត់របាំងពាណិជ្ជកម្ម និងវិនិយោគទៅកាន់អាម៉េរិក បង្កើតគោលនយោបាយកាត់បន្ថយភាពក្រីក្រ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ការពារសិទ្ធិមនុស្ស និងវឌ្ឍនភាពឆ្ពោះទៅរកពហុនិយមនយោបាយ៕

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com