អន្តរជាតិ
អាស៊ីឆ្នាំ២០២២៖ បោះឆ្នោតប្រធានាធិបតី, កីឡាអូឡាំពិក, សមាជបក្សកុម្មុយនីស្ត
04, Jan 2022 , 8:29 am        
រូបភាព
 រូបភាព៖ Xinhua
រូបភាព៖ Xinhua
ក្នុងឆ្នាំ២០២២ ព្រឹត្តិការណ៍សំខាន់ៗជាច្រើន បាន និងនឹងកើតឡើងនៅក្នុងតំបន់អាស៊ី។ នៅថ្ងៃទី១ គឺការចូលជាធរមាននៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ទៅខាងមុខ ព្រឹត្តិការណ៍ធំៗមានការបោះឆ្នោតនៅកូរ៉េខាងត្បូង និងហ្វីលីពីន រហូតដល់ការរៀបចំការប្រកួតបាល់ទាត់ពិភពលោក World Cup នៅកាតា។

 
ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតឡើង និងនឹងត្រូវរៀបចំឡើងនៅក្នុងតំបន់អាស៊ីក្នុងឆ្នាំ២០២២៖
 
ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ 
 
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅថ្ងៃទី១​ ខែមករា បានចូលជាធរមានសម្រាប់ក្រុមប្រទេសអាស៊ាន ខណៈប្រទេសមិនមែនសមាជិកអាស៊ានចំនួន ៥ទៀត ដូចជា កូរ៉េខាងត្បូង ចិន ជប៉ុន អូស្រ្តាលី និងនូវែលសេឡង់ ត្រូវរង់ចាំកិច្ចព្រមព្រៀងចូលជាធរមានរហូតដល់ ថ្ងៃទី១ ខែកុម្ភៈ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយនេះ អាចកាត់បន្ថយពន្ធលើទំនិញនាំចូលរហូតដល់ ៩០ភាគរយឯណោះ សម្រាប់ប្រទេសជាសមាជិក។ 
 
ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅចិន 
 
ចិន នៅថ្ងៃទី៤ ខែកុម្ភៈ នឹងចាប់ផ្តើមរៀបចំកីឡាអូឡាំពិករដូវរងា ដែលមានអត្តពលិកច្រើនជាង៣៦០០នាក់ចូលរួមនៅក្នុងរដ្ឋធានីប៉េកាំង និងទីក្រុង Zhangjiakou។ កន្លងមក អាម៉េរិក ជប៉ុន កាណាដា អង់គ្លេស និងអូស្រ្តាលី បានប្រកាសធ្វើពហិការការទូត ដោយផ្អែកលើហេតុផលសិទ្ធិមនុស្ស។ ស្របគ្នានេះ ជំងឺកូវីដ-១៩ កំពុងផ្ទុះឡើងជាថ្មីនៅចិន ស្របពេលព្រឹត្តិការណ៍អូឡាំពិកជិតប្រារព្ធឡើង។ 


 រូបតំណាងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំង។ រូបភាព៖ Xinhua
 
ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង
 
កូរ៉េខាងត្បូង នៅថ្ងៃទី៩ ខែមីនា នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី។ បេក្ខជន ដែលចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង មានចំនួន ៤រូប ក្នុងនោះមានដូចជា លោក Lee Jae-myung មកពីបក្សប្រជាធិបតេយ្យ (DP) ដែលបក្សកាន់អំណាចនៅកូរ៉េខាងត្បូង, លោក Yoon Suk-yeol មកពីបក្សអំណាចប្រជាជន (PPP), លោក Ahn Cheol-soo មកពីបក្សប្រជាជន និងអ្នកស្រី Sim Sang-jeung មកពីបក្សយុត្តិធម៌។ ក្នុងចំណោមបេក្ខភាពទាំង ៤រូបនេះ លោក Lee Jae-myung និងលោក Yoon Suk-yeol ហាក់មានប្រជាប្រិយភាពជាងគេ។ ប្រធានាធិបតីកូរ៉េខាងត្បូង អាចកាន់អំណាចបានត្រឹមតែ ១អាណត្តិ ក្នុងរយៈពេល ៥ឆ្នាំប៉ុណ្ណោះ។ 
 
ការជ្រើសតាំងនាយកប្រតិបត្តិទីក្រុងហុងកុង
 
គណៈកម្មការបោះឆ្នោតហុងកុង ដែលភាគច្រើននៃសមាជិកមាននិន្នាការទៅរកក្រុងប៉េកាំង នៅក្នុងខែមីនា នឹងជ្រើសតាំងប្រធានប្រតិបត្តិក្រុងហុងកុងថ្មី។ អាណត្តិរបស់លោកស្រីការី ឡាំ នឹងបញ្ចប់នៅក្នុងខែកក្កដាខាងមុខ។ 
 
ហ្វីលីពីនរៀបចំការបោះឆ្នោតប្រធានាធិបតី
 
ហ្វីលីពីន នៅក្នុងខែឧសភា នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី សម្រាប់អាណត្តិរយៈពេល ៦ឆ្នាំខាងមុខ។ បេក្ខភាពប្រធានាធិបតី ក្នុងអាណត្តិថ្មីនេះ មានដូចជា លោក Bongbong Marcos ដែលជាកូនប្រុសទីពីររបស់លោក Ferdinand Marcos Sr, អតីតកីឡាប្រដាល់អាស៊ីដ៏ល្បី លោក ម៉ានី ប៉ាគីអៅ (Manny Pacquiao), លោក Ernesto Abella អតីតអ្នកនាំពាក្យរបស់លោករ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន និងបុគ្គលសំខាន់ៗផ្សេងទៀត។ 
 
ខួបលើកទី៥៥ នៃការបង្កើតអាស៊ាន
 
អាស៊ាន នៅក្នុងខែសីហា នឹងប្រារព្ធខួបបង្កើតអាស៊ានលើកទី៥៥។ ស្របគ្នានេះ អាស៊ាន កំពុងប្រឈមបញ្ហាជាច្រើន ដែលត្រូវដោះស្រាយ ក្នុងនោះ មានដូចជាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជំងឺកូវីដ-១៩ ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។ 
 
សមាជបក្សកុម្មុយនីស្តចិន 
 
បក្សកុម្មុយនីស្តចិន នឹងបើកមហាសន្និបាតលើកទី២០ នៅក្នុងខែតុលា។ លោកស៊ី ជិនភីង ត្រូវបានរំពឹងថា នឹងជ្រើសតាំងជាអគ្គលេខាធិការបក្សសម្រាប់៥ឆ្នាំខាងមុខទៀត។ គោលនយោបាយលើបញ្ហាសេដ្ឋកិច្ច និងវិស័យផ្សេងទៀត ក៏ត្រូវបានអនុម័តក្នុងសមាជដ៏ធំនេះដែរ។ 


 សមាជបក្សកុម្មុនីស្តចិនលើកទី១៩ ដែលបារព្ធឡើងនៅក្នុងឆ្នាំ ២០១៧។ រូបភាព៖ Xinhua
 
ឥណ្ឌូណេស៊ី រៀបចំកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20)
 
ឥណ្ឌូណេស៊ី នៅក្នុងតុលា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ នៅខេត្តបាលី។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមប្រធានបទ «ងើបឡើងរួមគ្នា និងងើបឡើងកាន់តែខ្លាំងជាងមុន»។ បញ្ហាជំងឺឆ្លងសកល ការវិវដ្ដនៃបច្ចេកវិទ្យា និងថាមពលស្អាត អាចជារបៀបវារៈនៅក្នុងកិច្ចប្រជុំដ៏ធំមួយនេះ។ 
 
ការប្រកួតបាល់ទាត់លំដាប់ពិភពលោក (World Cup)
 
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កាតា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់លំដាប់ពិភពលោក (World Cup)។ នេះជាការប្រកួតបាល់ទាត់លំដាប់អន្តរជាតិលើកដំបូង ដែលត្រូវបានរៀបចំឡើងនៅក្នុងពិភពអារ៉ាប់។ ក្រុមបាត់ទាល់មកពីប្រទេសចំនួន ៣២ នឹងមកជួបជុំគ្នា ដើម្បីប្រជែងយកជើងឯក៕
 
ថៃរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-បាស៊ីហ្វិក (APEC)
 
ថៃ គ្រោងនឹងរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-បាស៊ីហ្វិក ដោយជួបផ្ទាល់ បន្ទាប់ពីត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅក្នុងឆ្នាំ២០២១។ បញ្ហាជំងឺឆ្លង ការងើបឡើងសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងបញ្ហាសំខាន់ៗផ្សេងទៀត អាចក្លាយជាប្រធានបទនៃការពិភាក្សា ក្នុងជំនួបនោះ៕ 

Tag:
 អាស៊ី
  ការបោះឆ្នោត World Cup
  Olympics
© រក្សាសិទ្ធិដោយ thmeythmey.com