អន្តរជាតិ
លោកយាយ តាណាកា បុគ្គលចាស់ជាងគេលើលោក ប្រារព្ធខួប១១៩ឆ្នាំរបស់ខ្លួន
04, Jan 2022 , 10:02 am        
រូបភាព
កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩០៣ លោកយាយជប៉ុន ខាណេ តាណាកា (Kane Tanaka) បានប្រារព្ធខួបកំណើតឈានដល់វ័យ១១៩ឆ្នាំ។ Junko Tanaka ដែលជាចៅទួត បានបង្ហោះរូបថត និងសារអបអរនៅលើបណ្តាញសង្គម Twitter របស់ខ្លួន។



«ជាសមិទ្ធផលដ៏អស្ចារ្យ លោកយាយ [Kane Tanaka] ឈានដល់វ័យ១១៩ឆ្នាំហើយ។ ចៅសង្ឃឹមថា លោកបន្តរស់នៅយ៉ាងរីករាយ និងប្រកបដោយវិបុលភាព»។ នាង Junko បានសរសរយ៉ាងដូច្នេះ ទៅកាន់យាយទួត។

ថ្ងៃទី២ ខែមករា គឺត្រូវជាខួបអាយុ១១៩ឆ្នាំរបស់លោកយាយ ខាណេ តាណាកា (Kane Tanaka)។ ក្នុងឱកាសនេះ លោកយាយ ខាណេ តាន់ណាកា នៅតែបន្តជាបុគ្គលដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។


ឈានដល់វ័យ១១៩ឆ្នាំនេះ លោកយាយ តាណាកា នៅតែបន្តឯតទគ្គកម្មពិភពលោកក្នុងនាមជាបុគ្គល វ័យចំណាស់ជាងគេបំផុតលើពិភពលោក (Guinness World Records) ដែលគាត់ទទួលបានតាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ មក។ ពេលនោះគាត់មានអាយុ ១១៦ឆ្នាំ និង ៦៦ថ្ងៃ។

បើតាម Guinness លោកយាយតាណាកា បានកើតនៅក្នុងឆ្នាំ ១៩០៣ ពោលគឺតាំងពីមុខសង្គ្រាមលោកលើកទីមួយមកម្លេះ។ តាំងពីរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ១៩២២ រហូតមកទល់ពេលនេះ លោកស្រីមានកូនចំនួន៤នាក់ និងកូនចិញ្ចឹមមួយនាក់។
 
សូមបញ្ជាក់ថា ជប៉ុន គឺជាប្រទេសមួយ ដែលបានជាប់ក្នុងបញ្ចី ដែលមានប្រជាជនវ័យចំណាស់ច្រើន ខណៈពេលអត្រាកំណើតមានចំនួនតិច។ បញ្ហានេះ នឹងបង្កឲ្យជប៉ុនខ្វះកម្លាំងពលកម្ម និងធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដើរយឺត។

ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងសង្គមកិច្ចជប៉ុន អត្រាធ្លាក់ចុះនៃកំណើតទារក គឺមានរហូតដល់៥,៩ភាគរយឯណោះក្នុងឆ្នាំ២០១៩។ ពោលគឺមានទារកតិចជាង ៩០ម៉ឺននាក់តែប៉ុណ្ណោះ បានចាប់កំណើត៕



© រក្សាសិទ្ធិដោយ thmeythmey.com