អន្តរជាតិ
នាយករដ្ឋមន្រ្តីហៃទី រួចផុតពីការធ្វើឃាតកម្មអំឡុងពិធីបុណ្យឯករាជ្យជាតិ
04, Jan 2022 , 11:00 am        
រូបភាព
លោក Ariel Henry នាយករដ្ឋមន្រ្តីហៃទី។ រូបភាព៖ Reuters
លោក Ariel Henry នាយករដ្ឋមន្រ្តីហៃទី។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីហៃទី Ariel Henry  នៅថ្ងៃទី១ ខែមករា បានរួចផុតពីការធ្វើឃាតនៅក្នុងពិធីរំលឹកខួប ឯករាជ្យជាតិ នៅក្នុងទីក្រុង Gonaives ភាគខាងជើងប្រទេស ។ ការប៉ុនប៉ងធ្វើឃាតនេះ បានកើតឡើងតែរយៈពេលប្រមាណ ៦ខែប៉ុណ្ណោះ ក្រោយការធ្វើឃាតប្រធានាធិបតី Jovenel Moise។

 
 
ហៃទី ដែលស្ថិតនៅក្នុងតំបន់សមុទ្រការីប៊ីន (Caribbean) តែងប្រឈមបញ្ហាអស្ថិរភាព និងអសន្តិសុខយ៉ាងខ្លាំងនៅក្នុងប្រទេស ជាពិសេសបន្ទាប់ពីលោក Jovenel Moise ប្រធានាធិបតីហៃទី ត្រូវបានធ្វើឃាតនៅក្នុងនិវេសនដ្ឋានមួយក្នុងខែកក្កដា ឆ្នាំ២០២១។ ការចាប់ជំរិត តែងកើតមានជាញឹកញាប់ ខណៈក្រុមបងធំនៅក្នុងប្រទេស បានអុកឡុក និងបំផ្លាញការកែលម្អជីវភាពប្រជាជននៅក្នុងប្រទេស។ 
 
ស្របពេលមានអស្ថិរភាពបែបនេះ នាយករដ្ឋមន្រ្តីហៃទី លោក  Ariel Henry ត្រូវបាន ក្រុមបងធំ ដែលមានបំពាក់អាវុធប៉ុនប៉ងធ្វើឃាតក្នុងខួបប្រកាសឯករាជ្យជាតិលើកទី ២១៨។ 
 
«ក្រុមបងធំ និងភេរវករ បានព្យាយាមបាញ់សម្លាប់លោកនាយករដ្ឋមន្រ្តី នៅព្រះវិហារមួយកន្លែង ក្នុងក្រុងGonaives»។ ការិយាល័យនាយករដ្ឋមន្រ្តីបានចេញសេចក្តីថ្លែងការណ៍មួយបែបនេះ នៅថ្ងៃទី៣ ខែមករា។ 
 
តាមរយៈខ្សែវីដេអូដែលត្រូវបង្ហោះលើបណ្តាញសង្គម លោកនាយករដ្ឋមន្រ្តី និងកងអង្គរក្ស ប្រញាប់ចូលទៅក្នុងរថយន្តការពារ ខណៈក្រុមបងធំ បានបាញ់កាំភ្លើងនៅខាងក្រៅ។ សារព័ត៌មានហៃទី បានចុះផ្សាយថា មនុស្ស១នាក់បានស្លាប់ និងរបួស២នាក់។ 
 
ហេតុការណ៍ផ្ទុះអាវុធ បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រជាជនហៃទី និងក្រុមបងធំមួយចំនួន បានប្រតិកម្មដោយហិង្សាជំទាស់ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីមកទីក្រុង Gonaives។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP តាមទូរសព្ទ លោក Henry បានអះអាងថា លោកក៏បានដឹងដែរថា​ លោកកំពុងជ្រើសយកផ្លូវគ្រោះថ្នាក់។ ប៉ុន្តែប្រមុខរដ្ឋាភិបាលហៃទី បានសង្កត់ធ្ងន់ថា ហៃទី នឹងមិនអនុញ្ញាតឱ្យក្រុមបងធំបង្កផលវិបាក និងអសន្តិសុខនៅក្នុងប្រទេសមួយនេះបានឡើយ។ 
 
គួររំលឹកថា បញ្ហាក្រុមបងធំបំពាក់អាវុធ និងគ្រោះមហន្តរាយ កាន់តែធ្វើឱ្យហៃទី ធ្លាក់ក្នុងស្ថានភាពវឹកវរ និងប្រឈមបញ្ហាលំបាកជាច្រើន។ នៅក្នុងខែតុលា ឆ្នាំ២០២១ ជនជាតិអាម៉េរិកប្រមាណ ១៧នាក់ ត្រូវបានចាប់ជំរិត។ លើសពីនេះ គ្រោះរញ្ជួយដីកម្រិត ៧,២ ក្នុងខែសីហា ឆ្នាំ២០២១ បានធ្វើឱ្យមនុស្សលើស ២២០០នាក់ បាត់បង់ជីវិត ខណៈផ្ទះជាច្រើនខ្នង ត្រូវបានបំផ្លាញ៕

Tag:
 ហៃទី
  ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com