អន្តរជាតិ
លោក Sokhary Chau អតីតជនភៀសខ្លួនខ្មែរ ជាប់ជាអភិបាលក្រុង Lowell
04, Jan 2022 , 3:06 pm        
រូបភាព
លោក Sokhary Chau គឺជាជនជាតិអាម៉េរិក ដើមកំណើតខ្មែរដំបូង បានកាន់តំណែងជាអភិបាលក្រុង Lowell។ រូបភាព៖ AP
លោក Sokhary Chau គឺជាជនជាតិអាម៉េរិក ដើមកំណើតខ្មែរដំបូង បានកាន់តំណែងជាអភិបាលក្រុង Lowell។ រូបភាព៖ AP
លោក Sokhary Chau ជាជនជាតិអាម៉េរិក ដើមកំណើតខ្មែរដំបូង បានកាន់តំណែងជាអភិបាលក្រុង Lowell ក្នុងរដ្ឋ Massachusetts របស់អាម៉េរិក។ លោកជាជនភៀសខ្លួនគេចពីសង្រ្គាមទៅអាម៉េរិក។

 
ជាជនភៀសខ្លួនពីសម័យខ្មែរក្រហម លោក Sokhary Chau បានក្លាយជាជនជាតិអាម៉េរិកដើមកំណើតខ្មែរដំបូង ចូលកាន់តំណែងជាអភិបាលក្រុង Lowell ដែលមានជនភៀសខ្លួនកម្ពុជាជាច្រើន។ 
 
«ខ្ញុំធ្លាប់ជាជនភៀសខ្លួន ពេលនេះ ខ្ញុំជាអភិបាលក្រុងមួយ នៅក្នុងរដ្ឋMassachusetts»។ លោក Sokhary ដែលមានវ័យ ៤៩ឆ្នាំ បានសាទរបែបនេះបន្ទាប់ពីស្បថចូលកាន់តំណែងជាអភិបាលក្រុង បន្ទាប់ពីក្រុមប្រឹក្សាក្រុងនេះបោះឆ្នោតគាំទ្រលោកដោយសំឡេងឯកច្ឆន្ទ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ក្រុងLowell គឺជាក្រុងមួយ ដែលមានប្រជាជនរស់នៅប្រមាណជាង១១ម៉ឺននាក់។ ប្រជាជន ដែលមានដើមកំណើតខ្មែរ ក៏រស់នៅក្នុងក្រុងនេះច្រើនដែរ។ 

ក្នុងឱកាសនោះ លោក Sokhary ក៏បានរំលឹកពីប្រវត្តិ ក្នុងនាមជាជនភៀសខ្លួនផងដែរ។ លោក Sokhary មានឪពុកជាអនុសេនីយ៍ឯកនៅក្នុងយោធាកម្ពុជា ដែលត្រូវបានខ្មែរក្រហមប្រហារជីវិតនៅក្នុងឆ្នាំ ១៩៧៥ ។ ចំណែកម្តាយរបស់លោក ដែលបានទទួលមរណភាពនៅឆ្នាំ២០២១ បានចិញ្ចឹមកូនរហូតដល់ ៧នាក់ និងបាននាំកូនមកដល់ទឹកដីអាម៉េរិក ដោយសុវត្ថិភាព។ 
 
លោក Sokhary បានមកដល់ទឹកដីអាម៉េរិកដំបូងក្នុងវ័យ ៩ឆ្នាំ និងបានតាំងលំនៅក្នុងក្រុង Pittsburgh រដ្ឋ Pennsylvania ក្រោមការជួយពីព្រះវិហារសាសនាគ្រិស្ត។ លោកបានទទួលអាហារូបករណ៍នៅសាលា Phillips Academy មុននឹងបន្តការសិក្សានៅមហាវិទ្យាល័យMacalester ក្នុងរដ្ឋMinnesota។ នៅមហាវិទ្យាល័យនេះ លោកបានសិក្សាផ្នែក វិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ក្នុងនាមជានិស្សិតអាហារូបករណ៍៕

Tag:
 អាម៉េរិក
  ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com